កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ទៅលេងប្រទេសកំណើត Pacquiao ហើយថាទីនោះសប្បាយណាស់
× Floyd Mayweather បានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីលម្ហែកាយនៅលើកោះមួយឈ្មោះថា Boracay កាលពីថ្ងៃទី៣១ ខែមីនា។ ដំណើរទៅកាន់ប្រទេសអាស៊ីលើកនេះ គេមិនដឹងច្បាស់ថា Floyd បានជួបដៃគូចាស់ Manny Pacquiao ឬក៏អត់នោះទេ។
នៅក្នុងរូបថតដែលបានបង្ហោះដោយគណនី Instagram ឈ្មោះ @wendellvans ដែលជាម្ចាស់រីសត Mövenpick Resort & Spa Boracay ថា Mayweather កំពុងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ខ្លួន។
ជាធម្មតាស្តេចប្រដាល់មិនដែលចាញ់សញ្ជាតិអាមេរិករូបនេះតែងតែទៅណាមកណាដោយប្រើប្រាស់យន្តហោះផ្ទាល់របស់ខ្លួនឈ្មោះថា Air Mayweather។ ហើយមុនពេលទៅដល់ទឹកដីហ្វីលីពីន Floyd មិនបានបញ្ជាក់មុនពីទីតាំងដែលរូបគេនឹងត្រូវទៅនោះទេ។
នៅលើកោះដ៏ស្រស់ស្អាតអ្នកប្រដាល់ដែលបានប្រកាសចូលនិវត្តន៍ វ័យ៤២ឆ្នាំរូបនេះបានសរសេរលើ Instagram ផ្ទាល់ថារូបគេពិតជាសប្បាយរីករាយណាស់នៅលើទឹកដីហ្វីលីពីននេះ។
វត្តមានរបស់ Floyd ក្នុងដំណើរទស្សនកិច្ចនៅហ្វីលីពីននេះ ក៏ត្រូវបានចោទជាសំណួរថាតើរូបគេនឹងជួបជាមួយដៃគូចាស់ Pacquiao ឬយ៉ាងណានោះទេ។
ស្តេចប្រដាល់ហ្វីលីពីន វ័យ៤០ឆ្នាំ ដែលជាម្ចាស់ខ្សែប្រវាត់ពិភពលោក៨ស្ថាប័ន ថ្មីៗនេះបានទៅមើលការប្រកួតដែល Errol Spence បំបាក់ Mikey Garcia នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកកន្លងទៅ ខណៈដែលជំនួបសងសឹករវាងរូបគេទល់នឹង Floyd កំពុងស្ថិតក្នុងការចរចានៅឡើយ។ Errol Spence អ្នកប្រដាល់មិនស្គាល់ចាញ់របស់អាមេរិក ទំនងជាងនឹងត្រូវប៉ះ Pacquiao នៅជំនួបបន្ទាប់៕
Tag:
ប្រដាល់
Floyd Mayweather
Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com