ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ប្រាប់រដ្ឋមន្ត្រីថា «បើសួរអីមិនដឹង ប្រាកដជាត្រូវមាត់នៅមុខគេ» កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។ រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿនរដ្ឋមន្ត្រីថា ពួកគេ នឹងរងការស្តីបន្ទោសនៅមុខសាធារណជន បើសម្តេច សួរពីព័ត៌មានអ្វីមួយទាក់ទងនឹងក្រសួងឬវិស័យរបស់ពួកគេ តែពួកគេ បែរជាមិនដឹង។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត ក្រោមជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរដ្ឋមន្ត្រីរបស់ខ្លួនថា «អស់លោករដ្ឋមន្ត្រីនានា កុំដើរមក [តាមខ្ញុំ] គ្រាន់តែថា មកដើម្បីមក ប្រយ័ត្ន ហ៊ុន សែន សួរអត់ដឹងខ្យល់អី ត្រូវមាត់តែអ៊ីចឹង»។
សំឡេងសម្តេចនាយករដ្ឋមន្ត្រី
ដំបូង សម្តេចនាយករដ្ឋមន្ត្រី ស្តីពីបន្ទោសមន្ត្រីម្នាក់ ដែលតំណាងឲ្យក្រសួងរ៉ែនិងថាមពលឯណោះទេ ដោយពុំបាននឹកគិតថា ចង់ព្រមានឬស្តីឲ្យរដ្ឋមន្ត្រីបែបនេះឡើយ។ នៅក្នុងពិធីសម្ភោធនោះ សម្តេចនាយករដ្ឋមន្ត្រី និយាយដល់រឿងអគ្គិសនី ហើយក៏ងាកទៅក្រោយ សួរទៅតំណាងក្រសួងរ៉ែ ថា «ទំនប់វារីអគ្គិសនីកម្ចាយក្នុងខេត្តកំពត បញ្ចេញថាមពល បានប៉ុន្មានមេហ្កាវ៉ាត់?»
តំណាងក្រសួងរ៉ែរូបនោះ ឆ្លើយទៅសម្តេចនាយករដ្ឋមន្ត្រីថា «អត់ដឹងច្បាស់ដែរសម្តេច»។ បន្ទាប់មក សម្តេចនាយក ក៏ស្តីបន្ទោសថា «បើលោកឯងតំណាងឲ្យក្រសួងរ៉ែនិងថាមពល ត្រូវតែជាក់លាក់។ បើខ្ញុំសួរហើយ ចាំសួរអ្នកដទៃ អ៊ីចឹងមិនចាំបាច់សួរទេ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់»។
ក្រោយស្តីបន្ទោសមន្ត្រីនោះរួចហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏ប្រាប់ទៅរដ្ឋមន្ត្រី ឲ្យប្រយ័ត្នផងដែរ៕
Tag:
ហ៊ុន សែន
រដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com