ជាតិ
សង្គមជាតិ
CMAC​បាន​ដោះមីន​លើ​ផ្ទៃដី​២៥​គីឡូម៉ែត្រ​ក្រឡា និង​កំទេច​ជាង​៩​ពាន់​គ្រាប់​នៅ​ត្រីមាស​ទី​១
02, Apr 2019 , 6:39 pm        
រូបភាព
រូបពីហ្វេសប៊ុកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)
រូបពីហ្វេសប៊ុកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ត្រីមាស​ទីមួយ ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​(CMAC) បាន​រំដោះ​ផ្ទៃដី​តំបន់​គ្រាប់មីន​ចំនួន​២៥​គីឡូម៉ែត្រ​ក្រឡា និង​កំទេច​គ្រាប់មីន​ជាង​៩​ពាន់​គ្រាប់​។

 
​លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​២​មេសា ដូច្នេះ «​ក្រោម​ដំណក់ញើស និង​ការលះបង់​ថាមពល​ខ្ពស់​របស់​មន្ត្រី​ជំនាញ​ទាំងអស់​នៅ​សមរភូមិ​មុខ ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០១៩ អង្គភាព​CMAC រំដោះ​ផ្ទៃដី​តំបន់​មីន​/​គ្រាប់ បាន​ប្រមាណ​២៥​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​៩០​ភាគរយ​នៃ​ផែនការ​។ ជាមួយគ្នានេះ បាន​រកឃើញ​និង​កម្ទេច​គ្រាប់មីន​/​គ្រាប់​យុទ្ធ​ភ​ណ្ឌ័​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជាង​៩,៤០០​គ្រាប់​»​។​
 
​ជាមួយគ្នានេះ CMAC​ក៏បាន​អប់រំ​ពី​គ្រោះថ្នាក់​ដោយសារ​មីន​ដល់​ប្រជាពលរដ្ឋ បាន​ជាង​៨​ម៉ឺន​នាក់ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ លើ​ការ​បោសសម្អាត​គ្រាប់​បន្ទាន់ បាន​ជាង​១​ពាន់​ករណី​ផងដែរ​។​
 
​គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ខែតុលា ឆ្នាំ​២០១៧ CMAC បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦៧,០០០​ហិកតា​។ ក្នុងនោះ​រួមមាន​គ្រាប់មីន​ប្រឆាំង​មនុស្ស ១,៧៧៩,០៤៦​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ៦០,៨២៤​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ៦,២៥៧,១០២​គ្រាប់ និង​អំបែង ៧៤១,៧១៥,៤៩១​គ្រាប់​។ ចំណែក​ទិន្នន័យ​ជនរងគ្រោះ គិត​ចាប់ពី​ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ​២០១៧ សរុប​ទាំងអស់​មាន ៦៤,៧០៥​នាក់ ក្នុងនោះ​គ្រោះថ្នាក់​ដោយសារ​មីន​ចំនួន ៥១,០៥៦​នាក់ និង​គ្រាប់ ៦៤,៩១៣​នាក់​។ នេះ​បើតាម​របាយការណ៍ CMAC៕
 

Tag:
 មីន​
  CMAC
© រក្សាសិទ្ធិដោយ thmeythmey.com