កីឡាជាតិ
ជាតិ
កីឡាករកាយសម្ព័ន្ធទៅហ្វឹកហាត់នៅចិន៨ខែ ដោយរំពឹងបានលទ្ធផលល្អនៅស៊ីហ្គេម
02, Apr 2019 , 6:23 pm        
រូបភាព
លោក ណយ ផាណា (កណ្តាល)ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរភ្នំពេញមុនចេញដំណើរទៅចិន, រូបភាពពីហ្វេសប៊ុក គ្រួសារ របស់ខ្ញុំ
លោក ណយ ផាណា (កណ្តាល)ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរភ្នំពេញមុនចេញដំណើរទៅចិន, រូបភាពពីហ្វេសប៊ុក គ្រួសារ របស់ខ្ញុំ
ដោយ:
សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនកីឡាករ១រូប គឹ វៃ ភ័ក្ត្រា ទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅចិនរយៈពេល៨ខែ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធរំពឹងថា កីឡាកររូបនេះនឹងអាចបង្កើតកំណត់ត្រាថ្មី តាមរយៈការឈានដល់វគ្គជម្រុះចុងក្រោយនៅកីឡាស៊ីហ្គេម។ សហព័ន្ធ ក៏គ្រោងបញ្ជូនកីឡាករថ្នាលមួយរូបទៀតផងដែរ ដើម្បីទៅហ្វឹកហាត់នៅចិន នាអំឡុងខែឧសភា ខាងមុខនេះ។



ប្រទេសចិនបានក្លាយជាគោលដៅសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព។ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនកីឡាករ វៃ ភ័ក្ត្រា ទៅហ្វឹកហាត់នៅទីនោះ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសហ្វីលីពីនឆ្នាំនេះ។ ភ័ក្ត្រា នឹងហ្វឹកហាត់ជាមួយកីឡាករប្រចាំខេត្តគ័ងទុង រយៈពេល៨ខែចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយចប់ការហ្វឹកហាត់នៅទីនោះរូបគេអាចត្រឡប់មកកម្ពុជាវិញ ឬបន្តទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនតែម្តង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជាក់ថា ការណ៍ដែលយកប្រទេសចិនជាគោលដៅក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់សម្រាប់កម្ពុជា ដោយសារចិនជាប្រទេសសក្តានុពលផ្នែកកីឡាកាយសម្ព័ន្ធ។ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ជាមូលហេតុនៃបញ្ហានេះផងដែរ។ កត្តានេះបានធ្វើឲ្យអគ្គលេខាធិការរូបនេះរំពឹងថា កីឡាករ វៃ ភ័ក្ត្រា នឹងអាចសាងកំណត់ត្រាថ្មីសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅចុងឆ្នាំនេះ។



លោក ណយ ផាណា ដែលបានរួមដំណើរទៅប្រទេសចិនជាមួយកីឡាករ វៃ ភ័ក្ត្រា បានបង្ហាញក្តីរំពឹងយ៉ាងដូច្នេះថា៖«ខ្ញុំមានក្តីរំពឹងថា យើងនឹងទទួលបានលទ្ធផលល្អ បើទោះបីជាមេដាយយើងពិបាកក្នុងការប្រកួតប្រជែង ប៉ុន្តែក្តីរំពឹងយើង គឺចូលដល់វគ្គជម្រុះចុងក្រោយ(Qualifies Final)»។ អគ្គលេខាធិការរូបនេះ នឹងត្រឡប់កម្ពុជាវិញក្នុងពេលឆាប់ៗខាងមុខនេះ។



នេះមិនមែនជាលើកទី១នោះទេ ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនកីឡាករទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅចិន ដើម្បីត្រៀមប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ។ ជាក់ស្តែងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ សហព័ន្ធបានបញ្ជូនកីឡាករម្នាក់ គឺកីឡាករ សំ រីម ទៅហ្វឹកហាត់រយៈពេលវែងនៅទីនោះផងដែរ។ ហើយកាលស៊ីហ្គេមឆ្នាំ២០១៥ សហព័ន្ធក៏បញ្ជូនទៅហ្វឹកហាត់នៅចិនផងដែរ។

លោក ណយ ផាណា បានបន្ថែថា នៅអំឡុងខែឧសភា ឬមិថុនា ខាងមុខនេះ សហព័ន្ធនឹងបញ្ជូនយុវជនថ្នាលមួយរូបទៀតទៅហ្វឹកហាត់នៅប្រទេសចិនផងដែរ ដើម្បីពង្រឹងបច្ចេកទេសត្រៀមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ការចេញទៅហ្វឹកហាត់រយៈពេលវែងចិនលើកនេះ ដោយទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក ថាង ហ្គោដុង(Tang Gordon) អនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

Tag:
 កាយសម្ព័ន្ធ
  ណយ ផាណា
  វៃ ភ័ក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com