ទោះ​ធ្លាក់​ច្រើនដង​, កញ្ញា សុធា​រី ខំប្រឹង​ទាល់តែ​ជាប់​អាហារូបករណ៍​នៅ​អាមេរិក​
ជាតិ
បទសម្ភាសន៍
ទោះ​ធ្លាក់​ច្រើនដង​, កញ្ញា សុធា​រី ខំប្រឹង​ទាល់តែ​ជាប់​អាហារូបករណ៍​នៅ​អាមេរិក​
03, Apr 2019 , 11:00 am        
រូបភាព
​ភ្នំពេញ​៖ ការដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស មិនមែនជា​ការងាយស្រួល​សម្រាប់​យុវជន ឬ​បុគ្គល​ណាមួយ​ឡើយ​។ តាម​បទពិសោធ​ដាក់​អាហារូបករណ៍​សិក្សា​នៅក្រៅ​ប្រទេស មិនតិច​ពី​១០០​ដង កញ្ញា យូ សុធា​រី ដែលជា​និស្សិត​ទើប​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក «​គោលនយោបាយ​អភិវឌ្ឍ​ន៍​អន្តរជាតិ​» ពី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ដើម្បី​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស បេក្ខជន​ត្រូវមាន​ចំណេះដឹង​, ភាពក្លាហាន និង​ស្គា​ល់ពី​ខ្លួនឯង​ច្បាស់​ជាមុនសិន ទើប​អាច​ជាប់​អាហារូបករណ៍​។ និស្សិត​អាហារូបករណ៍​ពី​សហរដ្ឋអាមេរិក​រូប​នេះ ជំរុញ​យុវជន កុំ​បោះបង់​ក្ដី​ស្រមៃ​របស់ខ្លួន ជាពិសេស​ខំប្រឹង​ដាក់​បន្តទៀត​។



​ធ្លាក់​អាហារូបករណ៍​ច្រើនលើកច្រើនសារ កញ្ញា យូ សុធា​រី នៅតែ​ព្យាយាម​ដាក់​អាហារូបករណ៍​រហូតដល់​ជាប់​ទៅ​រៀន​នៅ​សហរដ្ឋអាមេរិក​។ ស្ត្រី​ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ខេត្តកំពង់ធំ​រូបនេះ បាន​ជម្នះ​នូវ​ឧបសគ្គ​ជាច្រើន​ក្នុង​ការដាក់​អាហារូបករណ៍​នៅក្រៅ​ប្រទេស​។ កញ្ញា យូ សុធា​រី មាន​បទពិសោធ​ដាក់​អាហារូបករណ៍​ និងដាក់ពាក្យចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស មិនតិចជាង​១០០​ដងនោះ​ទេ​។​
​កញ្ញា សុធា​រី ជា​កូន​ខ្មែរ​ដំបូង​គេ​ដែល​ទទួលបាន​អាហារូបករណ៍​ផ្នែក «​គោលនយោបាយ​អភិវឌ្ឍ​ន៍​អន្តរជាតិ​» នៅ​សាលា «Sanford School of public Policy of Duke University» នា​សហរដ្ឋអាមេរិក​។ និស្សិត​ថ្នាក់អនុបណ្ឌិត​រូបនេះ ចាប់ផ្ដើម​ដាក់​អាហារូបករណ៍​នៅ​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០១៥​ទើប​ជាប់ និង​ចេញដំណើរ​ទៅ​សិក្សា​នៅ​អាមេរិក​នៅ​ឆ្នាំ​២០១៦​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា យូ សុធា​រី ដូចតទៅ​៖ 
 
 
​​ការបាក់​ទឹកចិត្ត ធ្លាប់ធ្វើ​ឲ្យ​កញ្ញា សុធា​រី មានបំណង​បោះបង់ចោល​ក្ដី​ស្រមៃ​ទៅ​សិក្សា​នៅ​បរទេស ប៉ុន្តែ​បន្ទាប់ពី​យំ​រួចហើយ កញ្ញា សុធា​រី បាន​បន្ត​ដាក់​អាហារូបករណ៍​បន្តទៀត​។ កត្តា​ដែល​ជំរុញ​ទឹកចិត្ត​កញ្ញា សុធា​រី ឲ្យ​បន្ត​បេសកកម្ម​ដាក់​អាហារូបករណ៍​សិក្សា​នៅក្រៅ​ប្រទេស​បន្តទៀត គឺ​ការតាំង​ចិត្ត និង​អ្វីដែល​កញ្ញា សុធា​រី ចង់បាន​នៅក្នុង​ឆាកជីវិត​។ ស្ត្រី​វ័យ​២៩​ឆ្នាំ​រូបនេះ យល់ថា​ការសិក្សា​នៅក្រៅ​ប្រទេស អាចជួយ​ពង្រឹងសមត្ថភាព​របស់​កញ្ញា​បន្ថែម ដើម្បី​ធ្វើការ​ងារ​ដែល​ខ្លួន​ចង់​ធ្វើ​។ ម្យ៉ាងទៀត ការដឹង​គោលដៅ​ជីវិត​របស់​ខ្លួនឯង​ច្បាស់ ជា​អ្វីដែល​កញ្ញា សុធា​រី ប្រឹង​ដាក់​ម្ដង​ហើយ​ម្ដង ទោះបីជា​មិនចេះ​ភាសាបរទេស​ក៏ដោយ​។ អ្នកជំនាញ​គោលនយោបាយ​អភិវឌ្ឍន៍​អន្តរជាតិ​និង​ស្ថាបនិក​គម្រោង​ស្ត្រី​ជំនាន់​ថ្មី (Next Women Generation) កញ្ញា យូ សុធា​រី ក៏បាន​ជំរុញ​ទឹកចិត្ត​យុវជន ឲ្យ​បន្ត​ដាក់​អាហារូបករណ៍​សិក្សា​នៅ​បរទេស និង​កុំ​បោះបង់​ក្ដី​ស្រមៃ​ខ្លួនឯង​៕ 
 

Tag:
 អាហារូបករណ៍​
  បរទេស​
  យូ សុធា​រី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម