ជាតិ
សង្គមជាតិ
តុលាការ ឃុំលោក ផែង វណ្ណៈ បណ្តោះអាសន្ន
03, Apr 2019 , 12:50 pm        
រូបភាព
លោក ផែង​ វណ្ណៈ ពេលត្រូវបាននាំខ្លួនទៅតុលាការ
លោក ផែង​ វណ្ណៈ ពេលត្រូវបាននាំខ្លួនទៅតុលាការ
ក្រោយឆ្លងកាត់ការសាកសួរពីរថ្ងៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា នៅម៉ោងជិត១ នាថ្ងៃទី៣ មេសា ឆ្នាំ២០១៩នេះ ដោយសម្រេចឃុំលោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមដ៏ល្បីម្នាក់ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។



ដើមបណ្តឹង ដែលប្តឹងលោក ផែង វណ្ណៈ គឺលោក គី តិច មេធាវីរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ផែង វណ្ណៈ ត្រូវបានចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមពាក្យបណ្តឹងរបស់លោក គី តិច។

បើតាមលោក គី តិច លោក ផែង វណ្ណៈ មានចេតនាការបរិហារកេរ្តិ៍និងចោទសម្តេច ហ៊ុន សែន ថានៅពីក្រោយអំពើឃាតកម្មលើលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់កាលពីអំឡុងខែ កក្កដា ឆ្នាំ២០១៦។

លោក ផែង វណ្ណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅសួរ កាលពីថ្ងៃទី២មេសា ក្រោយមានបណ្តឹងពីលោក គី តិច។​ មូលហេតុដែលនាំឲ្យមានបណ្តឹង គឺដោយសារលោក ផែង វណ្ណៈ បានសរសេរសំណេរមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលមេធាវី យល់ថា សំណេរនោះ បង្ហាញន័យចោទសម្តេច ហ៊ុន សែន ថា ពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក កែម ឡី។ 

ដើមហេតុដំបូង គឺកើតចេញពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលបានប្តឹងលោក ផែង វ​ណ្ណៈ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយសារសង្ស័យថាលោក ប្រព្រឹត្តអំពើពុករលួយ។ លោក ពេជ្រ ស្រស់ សង្ស័យបែបនេះ ក្រោយឃើញលោក វណ្ណៈ ធ្វើជាតំណាងឲ្យគ្រួសាររបស់កញ្ញា យិន ម៉ាណា ដែលបានបើករថយន្តបុកកញ្ញា ឌុំ រីដា ឲ្យស្លាប់ ដោយពេលនោះ លោក ផែង វណ្ណៈ បានយកថវិកា៥ពាន់ដុល្លារពីគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលបុណ្យសពកញ្ញា ឌុំ រីដា។

លោក ផែង វណ្ណៈ ក៏បានសរសេរសារលបណ្តាញសង្គម ដើម្បីឆ្លើយតបនឹងបណ្តឹងរបស់លោក ពេជ្រ ស្រស់។ លោក បង្ហាញការហួសចិត្តថា គ្រាន់តែលោក យកថវិការ ទៅចូលបុណ្យ ក៏មានទោសនិងត្រូវគេប្តឹងដែរ។ បន្ទាប់មក លោក ក៏លើកពីករណីរបស់សម្តេច ហ៊ុន សែន ដែលបានយកថវិកាទៅចូលបុណ្យលោក កែម ឡី។

លោក ចោទជាសំណួរថា បើប្តឹងលោក ថា ពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះតែ លោក យកថវិកាទៅចូលបុណ្យសពកញ្ញា ឌុំ រីដា ចុះហេតុអ្វី បានជាលោក ពេជ្រ ស្រស់ មិនប្តឹងសម្តេច ហ៊ុន សែន ពីបទប្រព្រឹត្តអំពើពុករលួយដែរទៅ ព្រោះសម្តេច បានឲ្យគេយកថវិកាទៅចូលបុណ្យលោក កែម ឡី?

ការប្រៀបធៀបនេះហើយ ដែលជាអង្គហេតុ នាំឲ្យលោក ផែង វណ្ណៈ រងបណ្តឹងពីមេធាវីរបស់សម្តេច ហ៊ុន សែន និងឈានទៅដល់ការនាំខ្លួនទៅសាកសួរ។ មេធាវី គី តិច បកស្រាយបែបនេះថា៖«ការប្រៀបធៀបរបស់គាត់ គឺជាការបរិហារកេរ្តិ៍និងជាការចោទប្រកាន់ថាសម្តេច ជាឃាតកសម្លាប់លោក កែម ឡី»៕

Tag:
 ផែង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com