អន្តរជាតិ
អាមេរិក​ប្រាប់​តួ​ក​គី​ឲ្យ​ងាក​មក​ទិញ​ខែល​ការពារ Patriot វិញ បើ​ចង់បាន F-35
03, Apr 2019 , 11:40 am        
រូបភាព
ប្រព័ន្ធការពារអាមេរិក Patriot, យន្តហោះ F-35 និងប្រព័ន្ធការពាររុស្ស៊ី S-400
ប្រព័ន្ធការពារអាមេរិក Patriot, យន្តហោះ F-35 និងប្រព័ន្ធការពាររុស្ស៊ី S-400
ប្រៀបដូចជា​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង អាមេរិក នៅតែ​រំពឹងថា តួ​ក​គី​នឹង​បោះបង់​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី S-400 ហើយ​បន្ត​គម្រោង​ទិញ​យន្តហោះ F-35 ដដែល​។ ប្រមុខ​ការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ ថែមទាំង​ជឿជាក់ថា តួ​ក​គី​នឹង​ទិញ​ប្រព័ន្ធ​ការពារ Patriot របស់​អាមេរិក​វិញទៀត​ផង​។ សម្រាប់​លោក សា​ណា​ហាន់ បើ​ក្រុង​អង់កា​រ៉ា​ទិញ​ខែល​ការពារ​អាមេរិក នោះ​គម្រោង​លក់ F-35 នៅតែ​អាច​ដំណើរការ​ដូច​មុន​។​

 
​នៅ​ថ្ងៃទី​១ ខែមេសា អាមេរិក​សម្រេចចិត្ត​ផ្អាក​កម្មវិធី​រួមគ្នា​ជាមួយ​តួ​ក​គី​ជុំវិញ​ការផ្គត់ផ្គង់​យន្តហោះ F-35 ដែល​តួ​ក​គី​បម្រុង​ទិញ​ពី​អាមេរិក​។ ការផ្អាក​នេះ ជាការ​ផ្ដល់​មេរៀន​ដល់​តួ​ក​គី​ដែល​នៅតែ​ចចេស​ទិញ​ប្រព័ន្ធ​ការពារ S-400 របស់​រុស្ស៊ី ទោះជា​អាមេរិក​ព្រមាន​ជាច្រើនលើក​ក្ដី​។ តួ​ក​គី​មិនដែល​ស្ដាប់​សម្ដី​ព្រមាន​របស់​អាមេរិក​ឡើយ ហើយ​បន្ត​គម្រោង​ទិញ​ខែល​ការពារ​ពី​រុស្ស៊ី​ដែល​អាមេរិក​ចាត់ទុកជា​ទឹក​និង​ភ្លើង​ជាមួយ​យន្តហោះ F-35 ។ 
 
​យ៉ាងណាមិញ នៅ​ថ្ងៃទី​២ ខែមេសា អាមេរិក​បានផ្ដល់​ជម្រើស​ឲ្យ​តួ​ក​គី​បើ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​មួយ​នេះ​នៅតែ​ចង់បាន F-35 ។ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ បង្ហាញ​ក្ដី​រំពឹងថា តួ​ក​គី​នឹង​លុបចោល​គម្រោង​ទិញ​សព្វាវុធ​ពី​រុស្ស៊ី ហើយ​ងាក​មក​ជ្រើសរើស​ប្រព័ន្ធ​ការពារ Patriot របស់​អាមេរិក​វិញ​។ បើ​តួ​ក​គី​ពិតជា​ធ្វើ​បែប​នោះ​មែន គម្រោង​ទិញ​-​លក់​យន្តហោះ F-35 នឹង​នៅតែ​បន្ត​ដដែល​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ​បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​សម​ភាគី​តួ​ក​គី Hulusi Akar ជុំវិញ​បញ្ហា​នេះ ហើយ​លោក​រំពឹងថា រឿងនេះ​នឹងមាន​ច្រកចេញ​។ ជាមួយគ្នានេះ លោក សា​ណា​ហាន់ ក៏​ជឿជាក់ថា សំណើ​របស់​អាមេរិក​ដែល​ចង់​ឲ្យ​តួ​ក​គី​ទិញ Patriot នោះ អាចជា​ដំណោះស្រាយ ព្រោះ​ខែល​ការពារ​នេះ​មាន​ប្រសិទ្ធភាព​ច្រើនយ៉ាង​។ ត្រង់ចំណុច​ថា តួ​ក​គី​ទិញ​ឬ​អត់​នោះ លោក​ឆ្លើយថា បញ្ហា​នឹង​ត្រូវបាន​ដោះស្រាយ ហើយ​តួ​ក​គី​មាន​អាវុធ​ការពារ​ដ៏​ល្អ​។ 
 
​ការផ្អាក​ការផ្គត់ផ្គង់​យន្តហោះ F-35 ទៅ​ឲ្យ​តួ​ក​គី ធ្វើឡើង​ក្រោយពេល​អាមេរិក​ប្រាប់​ដៃគូ​របស់ខ្លួន​រាប់សិប​ខែ​មក​ហើយពី​គ្រោះថ្នាក់​ដែល​យន្តហោះ​អាមេរិក​ឈរជើង​ជាមួយ​ខែល​ការពារ​មី​ស៊ី​ល​រុស្ស៊ី​។ គម្រោង​របស់​តួ​ក​គី ធ្វើ​ឲ្យ​សម្ព័ន្ធ​យោធា​ណា​តូ​បារម្ភ​ខ្លាំង ព្រោះ​រុស្ស៊ី​អាច​ជ្រៀតចូល​ប្រព័ន្ធ​ការពារ​របស់លោក​ខាងលិច​បាន​។ ប្រមុខ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត ធ្លាប់​និយាយថា F-35 និង S-400 មិនត្រូវ​គ្នា​ឡើយ​។​
 
​តាមពិតទៅ វា​ជា​រឿង​កម្រ​មួយ​ដែល​ប្រទេស​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​មួយ ទិញ​សព្វាវុធ​ពី​រុស្ស៊ី​ដែល​ណា​តូ​ចាត់ទុកជា​ការគំរាមកំហែង ខណៈ​ណា​តូ​ត្រូវបង្កើត​ក្នុង​គោលបំណង​ធំជាងគេ គឺ​ទប់ស្កាត់​សហភាពសូវៀត​។ ទោះ​រង​ការ​គំរាម​ពី​អាមេរិក ហើយ​ត្រូវ​បាត់បង់ F-35 ក្ដី តួ​ក​គី​ហាក់​គ្មាន​បំណង​បោះបង់​គម្រោង​ទិញ S-400 ឡើយ ឯ​រឿង​យន្តហោះ​វិញ តួ​ក​គី​ក៏មាន​ជម្រើស​ផ្សេង​ដែរ​ដូចជា​ការទិញ​យន្តហោះ​ពី​រុស្ស៊ី​ជាដើម​៕  
 

Tag:
 អាមេរិក​
  តួ​ក​គី​
  រុស្ស៊ី​
  F-35
  S-400
  Patriot
© រក្សាសិទ្ធិដោយ thmeythmey.com