ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច​បកស្រាយ​ថា កម្ពុជា​ជំពាក់​បរទេស​តែ ៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ
03, Apr 2019 , 11:59 am        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបពីក្រសួង)
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ច្រានចោល​ការផ្សាយ​ព័ត៌មាន​ថា កម្ពុជា​ជំពាក់​បំណុល​បរទេស ១​ម៉ឺន​លាន​ដុល្លារ​។ ក្រសួង​បញ្ជាក់ថា​នេះ​ជាការ​បកស្រាយ​ខុស​បច្ចេកទេស ដែល​ការពិត សព្វថ្ងៃ​កម្ពុជា​ជាប់បំណុល​ក្រៅប្រទេស​តែ ៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី២ខែមេសា។


 
​ក្រសួង​សេដ្ឋកិច្ច​ពន្យល់ថា តួលេខ​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​នោះ គឺជា​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ គិត​ចាប់​ឆ្នាំ​១៩៩៣ រហូតមកដល់​ដំណាច់ឆ្នាំ​២០១៨ ពោលគឺ​ពុំមែន​ជា​តួលេខ​សន្និធិ​បំណុល​បរទេស ដែល​កម្ពុជា​ជំពាក់​ជាក់ស្ដែង​នោះទេ​។​
 
​ក្រសួង​បញ្ជាក់ទៀតថា កម្ពុជា​ជំពាក់​បំណុល​ក្រៅប្រទេស គិត​ត្រឹម​ឆ្នាំ​២០១៨ មាន​ចំនួន ៧​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​
 
​ក្រសួង​បន្ថែមថា បើ​គ្រាន់តែ​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​ពី​ក្រៅប្រទេស ពុំ​មានន័យថា កម្ពុជា​ជំពាក់​បំណុល​បរទេស​នោះទេ គឺ​លុះត្រាតែ​យើង​បាន​ដក​សាច់ប្រាក់​មកប្រើប្រាស់​។ ហើយ​ក្រៅពីនេះ រដ្ឋាភិបាល​ក៏​មានការ​បង្វែរ​សាច់ប្រាក់​ដែល​មិនបាន​ប្រើប្រាស់​មួយចំនួន និង​សង​ប្រាក់​ដើម​ជា​បណ្ដើរៗ​ទៅ​ដៃគូ​វិញ​ផងដែរ​។​
 
​ក្រសួង​អះអាងថា តាម​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ ស្ថានភាព​បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​កម្ពុ​ជាមាន ចីរភាព និង​ហានិភ័យ​កម្រិត​ទាប ដោយ​ទំហំ​បំណុល​សរុប​មាន​ត្រឹម ២១,៤​ភាគរយ ធៀប​នឹង​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ ក្រសួង​គូសបញ្ជាក់ថា តាម​បច្ចេកទេស កម្ពុជា​អាច​ជាប់បំណុល​ដល់​ទៅ ៤០​ភាគរយ​នៃ​ទំហំ GDP ឯណោះ​៕ 

Tag:
 បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com