កីឡាជាតិ
ជាតិ
គ្រូ​ណាហ្គា​៖ បញ្ហា​ផ្លូវ​អារម្មណ៍​កីឡាករ ជា​មូលហេតុ​នាំ​ឲ្យ​ចាញ់​ក្រុម​សិង្ហ​បុរី​
03, Apr 2019 , 2:02 pm        
រូបភាព
កីឡាករណាហ្គាវើល(ខៀវ)ប្រជែងដណ្តើមបាល់ជាមួយកីឡាករ Tampines Rover នាជំនួបនៅពហុកីឡដ្ឋានជាតិ
កីឡាករណាហ្គាវើល(ខៀវ)ប្រជែងដណ្តើមបាល់ជាមួយកីឡាករ Tampines Rover នាជំនួបនៅពហុកីឡដ្ឋានជាតិ
ដោយ:
​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ណាហ្គា​វើ​ល​បាន​រង​បរាជ័យ ៥-១ ក្រោម​ថ្វី​ជើង​ក្រុម Tampines Rovers របស់​សិង្ហ​បុរី នា​ជំនួប​លើក​ទី​៣​ក្នុង​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2019 កាលពី​ថ្ងៃទី​២ ខែមេសា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ លោក មាស ចាន់ណា ហាក់​បង្ហាញ​ការ​អន់ចិត្ត​លើ​ទម្រង់​លេង​របស់​កូនក្រុម ហើយ​លោក​ចាត់ទុក​ការបរាជ័យ​នេះ ដោយសារ​កីឡាករ​ខ្វះ​ការប្រមូល​អារម្មណ៍​ក្នុងការ​ប្រកួត​។

 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ហាក់​ដាក់បន្ទុក​លើ​ស្មារតី​របស់​កីឡាករ ជា​មូលហេតុ​នាំ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ទឹកដី​ខ្លួន​។ សម្រាប់​លោក ចាន់ណា កីឡាករ​មួយចំនួន ដែល​មិនបាន​សិក្សាអប់រំ​ផ្នែក​ចិត្តសាស្ត្រ គឺជា​ហេតុ​ធ្វើ​ឲ្យ​កីឡាករ​ឆាប់​មាន​អារម្មណ៍​មួរ​ម៉ៅ ក្រោយ​រក​គ្រាប់​បាល់​ជូន​ក្រុម​មិនបាន​។ លោក​ជឿជាក់ថា បើ​កីឡាករ​យល់ដឹង​ផ្នែក​ចិត្តសាស្ត្រ​កីឡា នឹងធ្វើ​ឲ្យ​ពួកគេ​អាច​ប្រមូល​អារម្មណ៍​តាំងពីដើម​រហូតដល់​ចប់ ទោះបី​មានរឿង​អ្វី​មិនល្អ​កើតឡើង​ក៏ដោយ​។  
 
​លោក​សង្កេតឃើញថា កីឡាករ​ណាហ្គា​វើ​ល​ធ្វើ​បានល្អ​នៅ​តង់​ទី​១ ក្រោយ​ពួកគេ​នៅមាន​ការប្រមូល​អារម្មណ៍​បានល្អ​។ ប៉ុន្តែ​ចូលដល់​ទង់​ទី​២​ពួកគេ​បាន​បង្កកំហុស​ជាច្រើន ដែលជា​ហេតុ​ធ្វើ​ឲ្យ​គូប្រកួត​មានឱកាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់​។ ហើយ​កំហុស​ទាំងនេះ អាច​បណ្តាលមកពី​ការធ្លាក់​ទឹកចិត្ត និង​ខ្វះ​ការប្រមូល​អារម្មណ៍​។   


ក្រុមកីឡាករ Tampines Rovers អបអរជាមួយគ្រាប់បាល់ ដែលពួកសម្រេចបានលើក្រុមណាហ្គាវើលនៅពហុកីឡដ្ឋានជាតិ
 
«​ខ្ញុំ​គិតថា នៅ​តង់​ទី​១​យើង​ធ្វើ​បានល្អ​មែនទែន​! យើង​បាន​គ្រប់គ្រង​បាល់​ច្រើនជាង Tampines Rovers ស្ទើរតែ​គូប្រកួត​គ្មាន​ឱកាស​រក​គ្រាប់​បាល់​។  ប៉ុន្តែ​ជា​អកុសល​ចូលដល់​តង់​ទី​២ គឺ​យើង​មាន​បញ្ហា​ខ្លាំង​មែនទែន​ក្រោយ​គូប្រកួត​អាច​រក​គ្រាប់​បាល់​ដោយ​ការ​ប្រចាំ​គ្នា​របស់​កីឡាករ​យើង​។ ពាក់ព័ន្ធ​បញ្ហា​នេះ​សំខាន់ គឺ​លើ​ការប្រមូល​អារម្មណ៍​រប​ស់​កីឡាករ​។ កីឡាករ​យើង​ពេល​ក្ដៅ​តិចតួច ហត់​តិចតួច ចាប់ផ្ដើម​ធ្លាក់​ការប្រមូល​អារម្មណ៍ ដែល​បង្ក​ឲ្យ​គូប្រកួត​អាច​រក​គ្រាប់​បាល់​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​។​
 
​ក្រុម​ណាហ្គា​វើ​ល​ដែល​បាន​នាំមុខ​គូប្រកួត ១-០ នៅត្រឹម​នាទី​ទី​២៤ បាន​ចាញ់​ក្រុម Tampiones Rovers របស់​សិង្ហ​បុរី​ក្នុង​លទ្ធផល ៥-១ សម្រាប់​ការប្រកួត​លើក​ទី​៣​ក្នុង​ពូ​ល F នៃ​ពានរង្វាន់​ទ្វីបអាស៊ី​លំដាប់​ទី​២ AFC Cup 2019 កាលពី​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ 
 
​ការបរាជ័យ​នេះ​នាំ​ឲ្យ​ណាហ្គា​វើ​ល​បន្ត​ឈរ​លេខ​រៀង​ទី​៣ ដោយ​រក្សា​៣​ពិន្ទុ​ដដែល ខណៈ​ក្រុម Tampines Rovers ឡើងឈរ​កំពូល​តារាង​ដោយមាន​៧​ពិន្ទុ ក្រោយ​ក្រុម Hanoi FC ប្រកួត​ចាញ់​ក្រុម Yangon United ក្នុង​លទ្ធផល ១-០ នៅលើ​ទឹកដី​ខ្លួន​។ សម្រាប់​ជំនួប​បន្ទាប់​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ធ្វើដំណើរ​ទៅ​ទឹកដី​សិង្ហ​បុរី ដើម្បី​ប្រកួត​ជើង​ទី​២​ជាមួយ Tampines Rovers នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩៕ 

Tag:
 បាល់ទាត់​
  មាស ចាន់ណា​
  AFC Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com