នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាផ្សែងពុល ដែលកើតឡើងមកពីភ្លើងឆេះព្រៃនៅតំបន់ភាគខាងជើងប្រទេស។ មេដឹកនាំរូបនេះសង្ឃឹមថាស្ថានការណ៍នឹងធូរស្បើយក្នុងរយៈពេល៧ថ្ងៃ។ ដើម្បីពន្លឿនបេសកកម្មនេះ លោកក៏បានបញ្ជាឲ្យមានការបញ្ជូនក្រុមពន្លត់អគ្គិភ័យ និងអ្នកស្ម័គ្រចិត្តបន្ថែមទៀតផងដែរ។
នៅថ្ងៃទី២ ខែមេសា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានធ្វើដំណើរទៅកាន់តំបន់ភាគខាងជើង ដើម្បីត្រួតពិនិត្យគុណភាពខ្យល់។ ដំណើរទស្សនកិច្ចដ៏ខ្លីនេះ ធ្វើឡើងក្រោយទទួលការរិះគន់ជុំវិញស្ថានភាពផ្សែងពុល ដែលគ្របដណ្តប់លើបណ្តាខេត្តជាច្រើននៅតំបន់នេះ និងគំរាមកំហែងដល់សុខភាពប្រជាជនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
អំឡុងទស្សនកិច្ចនេះ លោកប្រាយុទ្ធ បានជួបប្រជុំជាមួយអភិបាលខេត្តចំនួន៩ ដែលខេត្តរបស់ពួកគេទទួលរងប៉ះពាល់ពីបញ្ហាផ្សែងពុលមកពីភ្លើងឆេះព្រៃនេះ ក្នុងនោះមានខេត្តឈៀងម៉ៃ និងឈៀងរ៉ៃជាដើម។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ក្នុងជំនួបនេះ លោក ប្រាយុទ្ធ បានបញ្ជាឲ្យអាជ្ញាធរថ្នាក់ខេត្ត និងកងកម្លាំងយោធាផ្តល់នូវកាំភ្លើងបាញ់ទឹកបន្ថែម និងរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ប្រជាជនដែលមានបញ្ហាផ្លូវដង្ហើម កុមារ និងមនុស្សចាស់ជរា។
មូលហេតុនៃការឆេះព្រៃនេះ ត្រូវគេជឿជាក់ថា កើតឡើងមកពីកសិករនៅតំបន់នោះមានបំណងដាំដុះដំណាំលើដីព្រៃ ទើបពួកគេចាប់ផ្តើមដុតព្រៃនោះដើម្បីយកដីធ្វើកសិកម្មបែបនេះ។ ត្រង់នេះលោក ប្រាយុទ្ធ ក៏បានទទូចឲ្យមន្ត្រីជួយពន្យល់ដល់ប្រជាជនជុំវិញគ្រោះថ្នាក់នៃការដុតព្រៃយកដីធ្វើកសិកម្ម។
ទន្ទឹមនឹងគ្នានេះ លោក ប្រាយុទ្ធ អះអាងថា អាជ្ញាធរ នឹងបើកការស៊ើបអង្កេតប្រសិនបើក្រុមឈ្មួញជាអ្នកពីក្រោយរឿងនេះ ដោយលើកទឹកចិត្តឲ្យកសិករទន្ទ្រានដីព្រៃ និងតំបន់ភ្នំសម្រាប់ដាំដំណាំកសិកម្ម ជាពិសេសពោត។ លោកថា អាជ្ញាធរនឹងមិនអនុញ្ញាតឲ្យមានទិញដូរដំណាំ ដែលដាំដុះលើដីព្រៃនោះឡើយ។
ម៉ាស់ការពារ ត្រៀមរួចរាល់សម្រាប់កិច្ចប្រជុំអាស៊ាន
ដោយសារគុណភាពខ្យល់កាន់តែដុនដាបនៅខេត្តឈៀងរ៉ៃ ខណៈថៃត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្នាក់តំបន់ក្នុងសប្តាហ៍នេះផងនោះ រដ្ឋាភិបាលថៃត្រៀមចែកម៉ាស់ការពារផ្សែងពុលដល់ប្រតិភូមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
សន្ទស្សន៍គុណភាពខ្យល់ (AQI) ក្នុងខេត្តឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃ បានឈានដល់កម្រិត ២៤០ ទៅ ២៥០ លើសពីកម្រិតសុវត្ថិភាព ។ កម្រិតនេះ ត្រូវចាត់ទុកថា ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលថៃ។
ម៉ាស់ការពារជាច្រើន ត្រូវបានត្រៀមទុករួចរាល់ ខណៈមន្ត្រីប្រមាណ៣០០នាក់ នឹងចូលរួមកិច្ចប្រជុំនេះ ដោយមានមន្ត្រីខ្លះបានមកដល់ហើយនោះ។ ដោយអះអាងថា ស្ថានភាពខ្យល់ចាប់ផ្តើមធូរស្បើយហើយនោះ មន្ត្រីថៃលើកឡើងថា ខ្លួនពុំមានគម្រោងផ្លាស់ប្តូរទីតាំងនៃជំនួបប្រជុំ ឬពេលវេលានោះទេ៕