ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្ពុជា​ការពារ​គម្រោង​អភិវឌ្ឍន៍​ចិន​នៅ​កោះកុង​និង​ព្យាយាម​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​
03, Apr 2019 , 7:59 pm        
រូបភាព
រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ផ្តល់​បទសម្ភាសន៍​ដល់​លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន​ជាន់​ខ្ពស់​របស់ VOA ផ្នែក​ខេមរភាសា នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ញ៉ូយ៉ក នៅ​ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។ (VOA)
រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ផ្តល់​បទសម្ភាសន៍​ដល់​លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន​ជាន់​ខ្ពស់​របស់ VOA ផ្នែក​ខេមរភាសា នៅ​ទីស្នាក់​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​មាន​ទីតាំង​នៅក្នុង​ទីក្រុង​ញ៉ូយ៉ក នៅ​ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩។ (VOA)
ដោយ: VOA
 រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​បាន​អះអាង​ពី​ការការពារ​អធិបតេយ្យ ដោយ​មិន​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅ​ប្រទេស​កម្ពុជា ហើយ​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​នៅ​ខេត្តកោះកុង គឺ​ក្នុង​គោលបំណង​ទេសចរណ៍​ដែល​មិន​ដូច​ការព្រួយបារម្ភ​រប​ស់​ប្រទេស​នានា រួមទាំង​សហរដ្ឋអាមេរិក​នោះទេ​។

 
​នៅក្នុង​បទសម្ភាសន៍​ពិ​សេសមួយ​ជាមួយនឹង VOA ខេមរភាសា កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក លោក​រដ្ឋមន្ត្រី ទៀ បាញ់ បាន​ការពារ​គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្តកោះកុង ថា​គឺជា​គម្រោង​អភិវឌ្ឍន៍​ឯកជន​ពិតប្រាកដ ដែល​គ្មាន​ចេតនា​យោធា​ក្នុងពេល​អនាគត​នោះឡើយ​។​
 
​លោក​បាន​បន្ថែមថា​៖
 
«​កម្ពុជា​គឺ​គ្មានអ្វី​លាក់បាំង​ទៀត​ទេ នៅក្នុង​នោះ​គឺ​ក្រុមហ៊ុន​យូ​ញៀន ជា​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ចិន​ពិតមែន ហើយ​គឺ​ការអភិវឌ្ឍន៍​កន្លែង​នោះ គឺ​ការ​បាន​សម្បទាន អភិវឌ្ឍន៍​ដើម្បី​បម្រើឱ្យ​វិស័យ​ទេសចរណ៍​។ ដូច្នេះ​បើសិនជា​ទេសចរណ៍​ដំណើរការ​បានល្អ គេ​បានធ្វើ​ការវិនិយោគ​យ៉ាង​ធំ ហើយ​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន ដើម្បី កសាងឡើង​វិញ​នូវ​ព្រលានយន្តហោះ​ផង កំពង់ផែ​។ កំពង់ផែ​អត់​ទាន់​កសាង​ទេ ព្រលានយន្តហោះ​កសាង​ហើ​យ‍​»​។​


 រូបភាពនៃសំណង់កំពង់ផែទឹកជ្រៅមួយដែលជាផ្នែកមួយនៃគម្រោង​អភិវឌ្ឍរបស់ចិនឈ្មោះ Pilot Zone នៅ​ខេត្តកោះកុង។ (រូបថតដោយ C4ADS)
 
​ក្រុមហ៊ុន Union Development Group របស់​ចិន​ទទួលបាន​ដី​សម្បទាន​ចំនួន ៤៥.០០០ ហិកតា ដែល​ក្នុងនោះ​មាន​បញ្ចូល​ដែនសមុទ្រ​ខ្មែរ​ចំនួន ២០​ភាគរយ នៅក្នុង​ស្រុក​បុ​ទុម​សាគរ និង​គី​រី​សាគរ​នៃ​ខេត្តកោះកុង ដើម្បី​អភិវឌ្ឍន៍​គម្រោង​មួយ​ដែលមាន​មន្ទីរពេទ្យ អគារ​ខុន​ដូ រមណីយដ្ឋាន សណ្ឋាគារ រោងចក្រ អាកាសយានដ្ឋាន​អន្តរជាតិ​និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​។ ក្រុមហ៊ុន​បានប្រកាសថា​នឹង​វិនិយោគទុន​ចំនួន ៣.៨០០ លាន​ដុល្លារ​។​
 
​របាយការណ៍​សារព័ត៌មាន​នានា​បញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិ​នោះ​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង ៣.៤០០​ម៉ែត្រ ដែល​វែង​ជាង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែលនាំឱ្យ​មានការ​ព្រួយបារម្ភ​ថា​អាច​នឹងត្រូវ​ប្រើប្រាស់​ក្នុង​គោលបំណង​យោធា​ក្នុងពេល​ខាងមុខ​។ អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ នឹងត្រូវ​បើក​ដំណើរការ​ខ្លះៗ​នៅ​ដំណាច់ឆ្នាំ ២០២០​។ នេះ​បើតាម​គម្រោង​អភិវឌ្ឍន៍ ដែល​បានបង្ហាញ​ក្នុងពេល​កន្លងមក​។​
 
​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អះអាងថា ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​នេះ​គឺ​បើកទូលាយ អ្នកណា​ចង់ទៅ​មើល​ក៏បាន​ដែរ ហើយ​ការកសាង​អាកាស​ដ្ឋា​ន​ធំ ដូច្នេះ​គឺ​ស្របតាម​អ្វីដែល​រដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​ដី​សម្បទាន​សម្រាប់​ការ​វិ​និ​យោ​គ‍​។​
 
​លោក ទៀ បាញ់ បាន​បន្ថែមទៀតថា​៖
 
«​ដូច្នេះ​រឿងនេះ​ច្រើន​នាក់​បានលើកឡើង​ហាក់ដូចជា​មើល​បញ្ហា​ហ្នឹង​ទៅជា​រឿង​ផ្សេង​។ ខ្ញុំ​ក៏​មិនអាច​ទៅ​បរិយាយ​បានដែរ​ថា ធ្វើ​ព្រលានយន្តហោះ​ធំ​របៀប​ហ្នឹង គេ​អាច​ចុះ​បាន​គ្រប់​ប្រភេទ​យន្តហោះ​អាច​ចុះ​បាន​។ នេះ​ជា​រឿង​របស់​ព្រលាន​។ ដូច្នេះ​ការ​ចាត់ទុកថា​អាចមាន​នាវា ឬក៏​មាន​យន្តហោះ​របស់​ចិន​ចុះចត​អីហ្នឹង រឿង​ហ្នឹង​គឺ​សមត្ថភាព​អធិបតេយ្យ​របស់​ប្រទេស​នីមួយៗ​គេ​ក៏មាន​កម្រិត​ដែ​រ‍​»​។​
 
​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុង​ប៉េកាំង និង​បាន​បដិសេធថា​កំពង់ផែ​ដែល​សាងសង់​ដោយ​ចិន​នៅក្នុង​ខេត្តកោះកុង នឹងមិន​ត្រូវ​ប្រើ​ដើម្បី​មូលដ្ឋាន​សំចត​នាវា​យោធា​ចិន​ទេ​។ សារព័ត៌មាន Asia Times ដែល​បាន​ដកស្រង់​សម្តី​ក្រុមអ្នកវិភាគ ដែល​និយាយថា កំពង់ផែ​ទឹក​ជ្រៅ​ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន Union Development Group (UDG) មាន​ទំហំ​ធំ​ល្មម ដើម្បី​ចត​នាវាចម្បាំង​និង​នាវា​ពិឃាត​។​
 
​សហរដ្ឋអាមេរិក​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ដែល​អាច​នឹងត្រូវ​ចិន​ប្រើប្រាស់​ប្រទេស​កម្ពុជា​ធ្វើជា​មូលដ្ឋាន​យោធា ឬ​អគារ​ផ្ទុក​សម្ភារៈ​យោធា​។​
 
​លោក​អនុ​ប្រធានាធិបតី Mike Pence របស់​សហរដ្ឋអាមេរិក ក៏បាន​លើក​ឡើងជា​ផ្លូវការ​នូវ​ការសង្ស័យ និង​ព្រួយបារម្ភ​នេះ នៅក្នុង​លិខិត​មួយ ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន របស់​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
 
​ក្នុងអំឡុងពេល​ទស្សន​កិច្ច​របស់លោក ចូ​សេ​ហ្វ ហ្វែ​ល​ធឺ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​ទៅ​ប្រទេស​កម្ពុជា កាលពី​ពាក់កណ្តាល​ខែមករា លោក​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ដោយ​ចាត់ទុកថា «​ធ្វើឱ្យ​ខូច​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​សន្តិសុខ​របស់​កម្ពុជា​ខ្លួនឯង​» ហើយ​ឈានទៅដល់​ការខូចខាត​ដល់​អធិប​តេ​យ្យ​របស់​កម្ពុជា​។​
 
​លោក ចូ​សេ​ហ្វ ហ្វែ​ល​ធឺ បានបញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយនឹង VOA ថា​៖
 
«​ដូច្នេះ​យើង​ព្រួយបារម្ភ​ថា នេះ​ប្រហែលជា​ផ្លូវ​ដែល​ចិន​អាច​នាំ​កម្ពុជា​ទៅកាន់ ដូច្នេះ​ពួកគេ​អាច​និយាយថា «​នេះ​គឺ​គ្រាន់តែ​ជា​មូលដ្ឋាន​រួមគ្នា ឬក៏​នេះ​គ្រាន់តែ​ជា​វត្តមាន​ម្តងម្កាល ឬក៏​នេះ​គ្រាន់​ជា​តំបន់​មួយ​សម្រាប់​កប៉ាល់ និង​យន្តហោះ​ពាណិជ្ជក​ម្ម‍​»​។ យើង​មានការ​ព្រួយបារម្ភ​ទៅលើ​អ្វីដែល​បានកើត​ឡើង​ពីមុនមក​នៅក្នុង​តំបន់ ដែលថា​កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​ដូចគ្នា ដែល​ប្រទេស​ទាំងនោះ​មាន​វត្តមាន​យោធា​របស់​ចិន ឬក៏​យោធា​ចិន​អាច​ចូលទៅ​កាន់​ផែ និង​ព្រលានយន្តហោះ ដែល​អាចឱ្យ​ពួកគេ​ប្រើប្រាស់​ដើម្បី​អំណាច​យោធា​។ យើង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំ​ង‍​»​។​
 
​លោក ស្ទី​វ ឆា​បុត្រ អ្នកតំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ប្រចាំ​រដ្ឋ​អូ​ហៃ​យូ ដែល​មកពី​គណបក្ស​សាធារណរដ្ឋ បានបញ្ជាក់​ប្រាប់ VOA ពី​ក្តីកង្វល់​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​សហរដ្ឋអាមេរិក​ផងដែរ​។​
 
«​យើង​មានការ​ព្រួយបារម្ភ​ពី​រឿងនេះ​។ យើង​ដឹងថា​ការសាងសង់​មូលដ្ឋាន​យោធា​ជើង​ទឹក​របស់​ចិន​នៅ​កម្ពុជា​។ ពួកគេ​ព្យាយាម​កេងចំណេញ​ពី​ស្ថានភាព​នេះ ដើម្បី​ផលប្រយោជន៍​ចិន និង​ខាត​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា រឿងនេះ​មិន​បន្ត​ទៅមុខទៀត​ទេ​។ ខ្ញុំ​សង្ឃឹមថា ប្រទេស​កម្ពុជា​នឹង​ដើរ​តាមផ្លូវ​ប្រជាធិបតេយ្យ​និង​សិទ្ធិសេរីភាព​។​
 
​ប្រទេស​ចិន​បានដាក់​មូលដ្ឋាន​យោធា​ដ៏​ធំ​មួយ​នៅ​ប្រទេស​ជី​ប៊ូ​ទី តាម​ច្រក​ដែល​គេ​ហៅថា​ខ្សែ​គុជ​នៃ​ការអភិវឌ្ឍ ហើយ​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ដូចជា​នៅ​កំពង់ផែ Gwadar នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន កំពង់ផែ Hambanthota នៅក្នុង​ប្រទេស​ស្រីលង្កា និង​បណ្តា​កោះ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្រុមហ៊ុន​ចិន​បាន​អភិវឌ្ឍ ដូចជា​ទីតាំង​ផែ និង​វាល​យន្តហោះ ដែល​វា​គ្រាន់តែ​ជាការ​វិនិយោគ​មានតម្លៃ​ខាង​សេដ្ឋកិច្ច​តិចតួច​។ បន្ទាប់មក​ពួកគេ​បាន​ព្យាយាម​ប្រើប្រាស់​ទីតាំង​ទាំងនេះ​សម្រាប់​អំណាច​យោធា​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកជំនាញ​។​
 
​ប៉ុន្តែ​លោក ទៀ បាញ់ អះអាងថា កម្ពុជា​នឹងមិន​អនុញ្ញាតឱ្យ​បរទេស​ដាក់​ទ័ព​នៅ​កម្ពុជា​ទេ​។​
 
«​ខ្ញុំ​បញ្ជាក់​ហើយ​បញ្ជា​ក់ទៀត​ចំពោះ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គឺ​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​បរទេស​តាំងនៅ​ប្រទេស​របស់ខ្លួន​ទេ ហើយ​ខ្លួន​ក៏​មិន​បញ្ជូន​កម្លាំង​ទៅ​បរទេស​ក្រៅពី​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​នោះទេ​។ ដូច្នេះ​គឺ​រឿងនេះ​គឺ​រឿង​ច្បាស់លាស់​ណាស់​។ កាន់តែច្បាស់​ទៅទៀត គឺ​យើង​មិន​អនុញ្ញាត​ទេ​ចំពោះ​អង្គភាព ឬ​កងទ័ព​បរទេស​មក​តាំងទី ឬ​យើង​និយាយថា មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា គឺ​យើង​មិន​អនុញ្ញាត​ទេ​។ រដ្ឋធម្មនុញ្ញ​របស់​យើង​មិន​អនុញ្ញាត​ជា​ដាច់​ខា​ត‍​»​។​
 
​អ្នកវិភាគ​បានលើកឡើង​ថា កម្ពុជា​មិនមាន​សត្រូវ​ស្លាប់​រស់នៅ​ក្នុង​តំបន់​ទេ ដែល​មិន​តម្រូវឱ្យមាន​វត្តមាន​ក​ង​ទ័ព​បរទេស​លើទឹក​ដី​ខ្លួន​ឡើយ ព្រោះ​វា​នាំ​បញ្ហា​ច្រើនជាង​ការរក្សា​ស្ថិរភាព​នៅក្នុង​តំបន់​។ ប៉ុន្តែ​មហិច្ឆតា​របស់​ចិន គឺជា​រឿង​មួយ​ផ្សេង​។​
 
​លោក ឈៀង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​បញ្ជាក់ថា​៖
 
«​អីចឹង​បើ​យើង​មើល​ពី​ភូមិសាស្ត្រ​នយោបាយ វា​អត់​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​កម្ពុជា​ត្រូវ​ឱ្យមាន​វត្តមាន​ទ័ព​បរទេស​ទេ​។ ក៏ប៉ុន្តែ បើសិនជា​យើង​មើល​ពី​ក្រសែភ្នែក​ចិន​វិញ ប្រហែលជា​ចិន​ក៏​អាចមាន​មហិច្ឆតា​ខ្លះ​នៅក្នុង​តំបន់​ហ្នឹង​ដែរ ទាំង​សេដ្ឋកិច្ច ទាំង​យោធា និង​សន្តិសុខ ក៏ប៉ុន្តែ​ប្រសិនបើ​ប្រទេស​កម្ពុជា​យើង​មិន​អនុញ្ញាត ឬ​មិនមាន​តម្រូវការ ចិន​ក៏​មិនអាច​បង្ខំ​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យមាន​វត្តមាន​កង​ទ័ព​បរទេស​ដែ​រ‍​»​។​
 
​កាលពីដើមឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​បានប្រកាស​ផ្អាក​ការធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​ជាមួយនឹង​សហរដ្ឋអាមេរិក ដោយ​យក​ហេតុផល​ថា​ជាប់រវល់​បញ្ហា​ផ្ទៃក្នុង ប៉ុន្តែ​នៅ​បន្តធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង​ប្រទេស​ចិន​។​
 
​នៅក្នុង​បទសម្ភាសន៍​ជាមួយនឹង VOA លោក ទៀ បាញ់ អះអាងថា ប្រទេស​កម្ពុជា​ចង់​ធ្វើ​សមយុទ្ធ​ជាមួយនឹង​ប្រទេស​នានា ប៉ុន្តែ​កង្វះខាត​ធនធាន​ថវិកា​និង​សម្ភារៈ​ធ្វើឱ្យ​កម្ពុជា​មានតែ​ឆន្ទៈ ហើយ​មិនអាច​ធ្វើបាន​។​
 
​លោក​បាន​បញ្ជាក់ថា​៖
 
«​នៅពេល​ខ្លះ​គឺ​កម្ពុជា​អត់​មាន​សមត្ថភាព​ទេ អត់​មាន​ធនធាន​ទេ ឬក៏​ហៅថា​មានតែ​មនុស្ស ឬក៏​មានតែ​ឆន្ទៈ ប៉ុន្តែ​យើង​ខ្វះ​ប្រេង​ឥ​ន្ធៈ​ក្តី គ្រាប់រំសេវ​ក្តី មធ្យោបាយ​ផ្សេងៗ​ដែល​ត្រូវការ​ហ្នឹង ជួនកាល​វា​ខ្វះ​។ ដូច្នេះ​យើង​មិនអាច​បំពេញបាន​ក៏​វា​ជា​រឿង​មួយ​។ រឿង​មួយទៀត គឺ​តម្រូវ​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​លើ​បញ្ហា​អ្វីមួយ វា​គាប់​ជួន​ពេលនោះ គឺ​យើង​មាន​ភារកិច្ច​អ្វី វា​សំខាន់​ជាង​យើង​ត្រូវ​ពិភាក្សាគ្នា​លើក​ទៅ​ពេលណា ធ្វើបាន​ឬ​ធ្វើ​មិនបាន​។ នេះ​គឺ​រឿង​ពិ​ត‍​វា​ដូច្នោះ​ឯ​ង‍​»​។​
 
​លោក ទៀ បាញ់ ថា​ការណ៍​ដែល​អាចធ្វើ​ជាមួយនឹង​ប្រទេស​ចិន​បាន គឺ​ដោយសារតែ​ចិន​បាន​ចំណាយ​សព្វបែបយ៉ាង​ដល់​ប្រតិបត្តិការ​សមយុទ្ធ​រួមគ្នា​នោះ​។​
 
«​ខ្ញុំ​និយាយ​ឱ្យ​ត្រង់ ជាមួយនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​ចេញ​ឱ្យ​ទាំងអស់​។ ប្រេងឥន្ធនៈ គ្រាប់រំសេវ មធ្យោបាយ គឺ​គាត់​នាំមក​ទាំងអស់ ហើយ​ខ្ញុំ​ចាំតែ​កម្លាំង​ចូលរួម ហើយ​បង្កលក្ខណៈ​សម្បត្តិ រៀបចំ​តែ​ភូមិសាស្ត្រ​តាម​តម្រូវ​ដែល​យើង​មាន​។ ដូច្នេះ​កម្លាំង​របស់​យើង យើង​មានលទ្ធភាព​ធ្វើបាន​។ ចំណែក​ប្រេង តាំងពី​មធ្យោបាយ​សម្ភារៈ​អី​សព្វបែបយ៉ាង គ្រាប់រំសេវ​ដែល​ត្រូវ​ចំណាយ​ដែល​យើង​ត្រូវ​បំពេញបាន​តាម​តម្រូវ​ការដែល​ការពិត​នូវ​សមត្ថភាព​ពិតប្រាកដ​នោះ គឺ​ខាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​គាត់​ចេញ​ជូន​ទាំងអស់ រហូតដល់​ពេលវេលា​នៃ​ការ​សមយុទ្ធ​ទៀតសោត​អំពី​ការហូបចុក បំប៉ន​បងប្អូន​កម្លាំង​ដែល​ធ្វើការ​ធ្ងន់ ធ្វើការ​ដើម្បី​បម្រើ​នោះ គឺ​ចំនួន​រាប់រយ​នាក់ ក៏​គាត់​ចេញ​ឱ្យ​ទាំងអស់​។ នោះ​គឺ​ខ្ញុំ​ធ្វើបាន​ភ្លា​ម‍​»​។​
 
​កម្ពុជា​និង​សហរដ្ឋអាមេរិក​បាន​ពិភាក្សាគ្នា​រីកចម្រើន​មួយ​ជំហាន​ដែរ ដែល​ក្នុងនោះ​មានការ​បន្ត​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង ដែល​បាត់​ខ្លួន​បន្ទាប់ពី​កម្មវិធី​នេះ​ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារតែ​បញ្ហានយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា​។​
 
​លោក​ឈៀង វណ្ណា​រិ​ទ្ធ បាន​បញ្ជាក់ថា ចិន​ហាក់​មានប្រៀប​ជាង​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​វិធី​ចងសម្ព័ន្ធ​មិត្ត​របស់​ចិន​ស៊ីសង្វាក់​ជាមួយនឹង​វប្បធម៌​នៃ​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​។​
 
​លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ចិន​គឺ​គេ​ប្រើ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ហើយនឹង​វប្បធម៌​ហើយ​ជាពិសេស​គឺ​ទំនាក់ទំនង​បុគ្គល​និង​បុគ្គល​។ ជាពិសេស​រវាង​អ្នកនយោបាយ ឬក៏​អ្នកជំនួញ ឬក៏​អ្នកវិនិយោគ​សំខាន់​ណាស់ ដើម្បី​កសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ហើយ​និង​ពង្រឹង​សហប្រតិបត្តិការ​។ ហើយក៏​ប៉ុន្តែ​សម្រាប់​សហរដ្ឋអាមេរិក​របៀប​ទំនាក់ទំនង​គឺ​ប្រើ​លក្ខណៈ​ជា​លក្ខណៈ​ប្រព័ន្ធ​ច្រើនជាង​។ បានន័យថា យើង​ត្រូវការ​តួនាទី​អាមេរិក​នៅក្នុង​ផលប្រយោជន៍​អ្វីមួយ​។ អីចឹង​អាមេរិក​គេ​ជា​អ្នកផ្តល់​ផលប្រយោជន៍ ជាពិសេស​ផលប្រយោជន៍​សន្តិសុខ ក៏ដូចជា​ផលប្រយោជន៍​សេដ្ឋកិច្ច ក៏ប៉ុន្តែ​ក្នុង​លក្ខណៈ​ថា ប្រទេស​ផ្សេងៗ​ត្រូវ​ទៅ​រណប​ជាមួយ​អា​មេ​រិ​ក‍​»​។​
 
​សហរដ្ឋអាមេរិក​ធ្លាប់បាន​បញ្ជាក់​ជាច្រើន​សារ​ថា ខ្លួន​មិន​ចូល​ជ្រៀតជ្រែក​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ទាំង​ផ្នែក​យោធា​និង​ការទូត​បានល្អ​ប្រសើរឡើង ល្គឹកណា​ប្រទេស​កម្ពុជា​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ ដែល​បើក​ឱ្យ​អតីត​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដំណើរការ​ដោយ​សេរី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com