ជាតិ
សង្គមជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ការចាក់ដីលុបដៃទន្លេបាសាក់ ដើម្បីសង់អាងចម្រោះទឹកកខ្វក់ រូបបានពីហ្វេសប៊ុក
× ភ្នំពេញ៖ ក្រោយមានមន្ទិលសង្ស័យរបស់ពលរដ្ឋជុំវិញការចាក់ដីលុបដៃទន្លេបាសាក់ ក្រសួងបរិស្ថាន និងអាជ្ញាធររាជធានីភ្នំពេញ បានចេញមុខបកស្រាយចម្ងល់នេះ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលបានទទួលព័ត៌មានពីអាជ្ញាធររាជធានីភ្នំពេញ ពាក់ព័ន្ធរឿងចាក់ដីលុបដៃទន្លេបាសាក់នេះ បានបកស្រាយថា ការចាក់ដីនេះ គឺក្នុងបំណងសាងសង់អាងចម្រោះទឹកកខ្វក់ ដើម្បីចម្រាញ់ទឹកស្អាត បង្ហូរចូលទន្លេប៉ុណ្ណោះ។
លោក នេត្រ ភក្ត្រា ដែលគាំទ្រយន្តការអាជ្ញាធរក្រុងភ្នំពេញ បាននិយាយថា ការសាងសង់អាងចម្រោះទឹកកខ្វក់នេះ នឹងជួយសម្អាតដល់បរិស្ថានច្រើន ព្រោះក្រសួងកំពុងចាត់វិធានការទប់ស្កាត់ទឹកកខ្វក់ កុំឱ្យចូលទៅក្នុងប្រភពទឹកសាធារណៈផងដែរ។ អ្នកនាំពាក្យរូបនេះបាននិយាយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ មេសា ដូច្នេះថា៖«អ្វីដែលសាលារាជធានី កំពុងធ្វើជាកន្លែងអាងទឹកចម្រោះទឹកកខ្វក់នេះ គឺជាការល្អប្រសើរហើយដែលធ្វើយ៉ាងណាឱ្យបរិស្ថានទឹកក្នុងទន្លេមានគុណភាពល្អ ដែលបញ្ចៀសភាពរងគ្រោះពីការហូរទឹកកខ្វក់-ទឹកស្អុយពីអគារ និងផ្ទះប្រជាពលរដ្ឋជាដើម»។
ចំណែកលោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បញ្ជាក់បន្ថែមថា ការចាក់ដីលុបដៃទន្លេនេះ គឺគ្រាន់តែដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលសាងសង់អាងចម្រោះទឹកកង្វក់ ឬទឹកស្អុយរួចហើយ អាជ្ញាធរនឹងកាយដីចេញវិញ។ លោកបានបន្ត ជាមួយនឹងគម្រោងសង់អាងចម្រោះទឹកនេះ ក៏មានការធ្វើច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មើរជើង ចាប់ពីកោះពេជ្រ រហូតដល់គល់ស្ពានមុនីវង្ស(ស្ពានច្បារអំពៅ) ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងភ្នំពេញ៕
Tag:
បរិស្ថាន
ទឹកកង្វក់
© រក្សាសិទ្ធិដោយ thmeythmey.com