អន្តរជាតិ
កម្រិត​បំណុល​នៅ​បណ្តា​ប្រទេស​ក្រីក្រ​កើនឡើង​«​ទ្វេដង​» ដ្បិត​អត្រា​ការប្រាក់​កម្ចី​ទាប​
03, Apr 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្រា​បំណុល​នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ រដ្ឋាភិបាល​ខ្លះ​ត្រូវ​ចំណាយលុយ​ច្រើន​សងបំណុល និង​ត្រូវ​កាត់បន្ថយ​ការចំណាយ​សាធារណៈ​ថែមទៀត​ដែល​វា​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​របស់​ពិភពលោក​ផងដែរ​។ របាយការណ៍​ថ្មី​មួយ​ស្តីពី​បំណុល​ដែល​ចងក្រង​ឡើង​ដោយ​ស្ថាប័ន​ដឹកនាំ​យុទ្ធនា​ការប្រឆាំង​បំណុល​អន្តរជាតិ Jubilee Debt Campaign  ។

 

 
​របាយការណ៍​ថ្មី​ដែល​ផ្តោតលើ​ប្រទេស​ចំនួន ១២៤ ទូទាំង​ពិភពលោក និង​ផ្អែកលើ​ទិន្ន័យ​របស់​ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​បង្ហាញថា អត្រា​បំណុល​នៅក្នុង​ប្រទេស​ក្រីក្រ​កើនឡើង​ស្ទើ​ទ្វេដង​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៨​។ កើន​បំណុល​គួរ​ឲ្យ​បារម្ភ​នេះ​ក៏​ដាក់​សម្ពាធ​ឲ្យ​ប្រទេស​ទាំងនោះ​កាត់បន្ថយ​ការចំណាយ​សាធារណៈ​ផងដែរ​។​
 
«​កម្រិត​បំណុល​ជា​មធ្យម​នៅក្នុង​ប្រទេស ១២៤​លើ​ពិភពលោក​បាន​កើនឡើង​ពី ៦,៦​ភាគរយ​នៃ​ចំណូល​រដ្ឋាភិបាល​ក្នុង​ឆ្នាំ មកដល់ ១២​ភាគរយ​នៃ​ចំណូល​រដ្ឋ​ក្នុង​ឆ្នាំ ២០១៨​។ វា​កើនឡើង​រហូតដល់ ៨៥ ភាគរយ​ឯណោះ​»​។ របាយការណ៍​នោះបាន​បញ្ជាក់​ដូច្នេះ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Tim Jones ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​ស្ថាប័ន Jubilee Debt Campaign អត្រា​ការប្រាក់​កម្ចី​ទាប ជាដើម​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​កាន់​លង់ខ្លួន​ជ្រៅ​ក្នុង​វិបត្តិ​បំណុល ។ ជា​លទ្ធផល ប្រទេស​ទាំងនោះ​ត្រូវ​ប្រឈម​នឹង​កង្វះខាត​ថវិកា​ដើម្បី​យកទៅ​អភិវឌ្ឍ​ជាតិ​ខ្លួន​ផង​។ 
 
​លោក Jones បាន​សង្កត់ធ្ងន់ថា វា​មាន​ភស្តុតាង​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ថវិកា​សាធារណៈ​នៅក្នុង​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​អត្រា​បំណុល​ខ្ពស់ ដែល​វា​ក៏បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​នៃ​ការអនុវត្ត​គោលដៅ​ប្រកបដោយ​ចីរភាព​ដែរ​។​
 
​ដោយឡែក មន្ត្រី​ខាងលើ​ក៏បាន​បន្ថែមថា កំណើន​បំណុល​គួរ​ឲ្យ​បារម្ភ​នេះ​ត្រូវការ​ការយកចិត្តទុកដាក់​ជា​ប្រញាប់ និង​មានការ​ចូលរួម​ពី​រដ្ឋាភិបាល​សាមី និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នៅពេលនេះ​។ ការធានា​តម្លាភាព​រៀង​បំណុល និង​ការដាក់​សម្ពាធ​លើ​ម្ចាស់បំណុល​ដែល​ឲ្យ​ខ្ចី​គ្មាន​ការគិតគូរ​និង​ប្រុងប្រយ័ត្ន​ដែរ​។ 
 
«​ជំហាន​សំខាន់បំផុត​គឺ រដ្ឋាភិបាល​ទាំងអស់​ត្រូវ​បញ្ចេញ​របាយការណ៍​ជុំវិញ​បញ្ហា​បំណុល​ឲ្យ​បាន​ទូលំទូលាយ និង​អនុញ្ញាត​ឲ្យ​សភា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល​មាន​ចំណាត់ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ​ចំពោះ​រាល់​លុយ​កម្ចី​ថ្មីៗ​ទៀត​»​។ 
 
«​បន្ថែម​ពី​នោះ នៅពេល​មាន​វិបត្តិ​កើតឡើង អង្គការ​មូ​និ​ធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​ក៏​គួរ​ឈប់​ជួយ​ដោះបំណុល​ចំពោះ​ម្ចាស់បំណុល​ណា​ដែល​មិន​ប្រុងប្រយ័ត្ន​ដែរ ហើយក៏​តម្រូវ​ឲ្យ​មានការ​បន្ថយ​បំណុល​ជំនួស​វិញ​។ ធ្វើបែបនេះ​គឺ​ធ្វើ​ឲ្យ​មានការ​ទទួលខុសត្រូវ​លើ​វិបត្តិ​ដែល​កើតឡើង​រួមគ្នា​រវាង​អ្នក​ខ្ចី និង​ម្ចាស់បំណុល​។​លោក Jones និយាយ​ដូច្នេះ​៕
 

Tag:
 បំណុល​
  ប្រទេស​ក្រីក្រ​
  Jubilee Debt Campaign
© រក្សាសិទ្ធិដោយ thmeythmey.com