ជាតិ
សង្គមជាតិ
អភិបាលខេត្តសៀមរាប ស្នើឱ្យកងទ័ព ជួយទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើ
× សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចុះសួរសុខទុក្ខដល់កងពល ដែលស្ថិតនៅចំណុះខេត្ត នាឳកាសមុនចូលឆ្នាំខ្មែរ។ នៅវរសេនាតូចលេខ១ តំបន់អូរកូនតឹង អភិបាលខេត្ដសៀមរាប បានអំពាវនាវឱ្យនាយទាហានទាំងអស់ ជួយផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើសព្រៃឈើ ក៏ដូចជាការកាប់ទន្ទ្រានព្រៃឈើគ្រប់ប្រភេទ។
នាអំឡុងពេលចុះសួរសុខនាយទាហាននៅវរសេនាតូចលេខ១ តំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន នៅព្រឹកថ្ងៃទី២ មេសា លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានកត់សម្គាល់ឃើញថា ព្រៃឈើនៅតំបន់នេះ មានការផ្លាស់ប្ដូរ។ ផ្លាស់ប្ដូរត្រង់ថា ប៉ុន្មានឆ្នាំមុននៅពេលលោកធ្លាប់ជាទាហាន និងឆ្លងកាត់តំបន់នេះ គឺព្រៃឈើមានច្រើនជាងបច្ចុប្បន្ន។ ដោយមើលឃើញដូច្នេះហើយ ទើបលោកអភិបាលប្រាប់ដល់កងទ័ពទាំងអស់ ឲ្យជួយទប់ស្កាត់បទល្មើសព្រៃឈើ ពិសេសការកាប់ទន្ទ្រានយកដីធ្វើចម្ការ។
ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានស្នើសុំដល់មន្ទីរពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការស្ដារគម្របព្រៃឈើឡើងវិញ ដោយធ្វើការដាំកូនឈើនៅតំបន់ណាដែលធ្លាប់មានព្រៃពីមុន។ លោក លើកឡើងថា «...យកដើមឈើមកដាំកន្លែងដែលធ្លាប់ទន្ទ្រាន យើងដាំឡើងវិញឱ្យអស់...ប្រសិនបើយើងមិនដាំ ពេលខ្លះដីទាំងនោះជារបស់រដ្ឋទេ តែដល់តែពេលអស់ដើមឈើ បន្ដិចទៀតនឹងក្លាយជាដីឯកជន អ៊ីចឹងសុំឱ្យដាំឡើងវិញ ព្រោះថាបើអស់ព្រៃ ក៏អស់ទឹកដែរ»។
បន្ទាប់ពីអំពាវនាវឱ្យកងទ័ព ក៏ដូចជាមន្ទីរពាក់ព័ន្ធពិចារណាដាំដើមឈើឡើងវិញហើយនោះ អភិបាលខេត្តសៀមរាបថ្មីរូបនេះ ក៏បានបញ្ជាក់ថា សំណូមពររបស់លោកមិនមែនដើម្បីទាញប្រជាប្រិយភាពទេ តែលោកមានបំណងចង់ឱ្យខេត្តទេសចរណ៍មួយនេះ មានភាពសម្បូរសប្បាយ និងទាញប្រយោជន៍ពីធនធានធម្មជាតិទាំងនោះផងដែរ។
គួរបញ្ជាក់ថា ក្នុងដំណើរចុះសួរសុខទុក្ខកងទ័ពនៅតាមព្រំដែនរបស់លោកអភិបាលខេត្ត នៅតំបន់គោលដៅចំនួន២ រួមមាន កលពលតូច អន្ដរាគមន៍លេខ៥ ចម្រុះឱ្យកងពលធំអន្ដរាគមន៍លេខ២ សមរភូមិមុខទិសទី៣ ឈរជើងនៅភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងនាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ប្រចាំទិសទី២ និងវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com