ជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​ធនាគារ​ចិន ទូទាត់​ប្រាក់រៀល​ខ្មែរ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជំរុញ​ធុរកិច្ច​ទ្វេភាគី​
03, Apr 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ស្នើ​ឲ្យ​ធនាគារ​ចិន​ប្រចាំ​កម្ពុជា គាំទ្រ​ការប្រើប្រាស់ និង​ទូទាត់​រូបិយប័ណ្ណ​ខ្មែរ (​ប្រាក់រៀល​) តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជំរុញ​ដល់​ពាណិជ្ជកម្ម និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច នៃ​ការវិនិយោគ​ប្រទេស​ទាំង​ពីរ​។ ការស្នើ​របស់​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្មនេះ ធ្វើឡើង​នៅក្នុង​ជំនួប​លោក វ៉ាង ប៊ី​ង (WANG Bing) នាយក​ប្រតិបត្តិ​រង​នៃ​ធានា​គារ​ចិន ប្រចាំ​ទីក្រុង​ហុងកុង កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​០២ ខែមេសា​។​

 
​លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឲ្យ​តំណាង​ធនាគារ​ចិន ទទួលយក​ការទូទាត់​ប្រាក់រៀល ឲ្យ​កាន់តែ​ទូលំទូលាយ សម្រាប់​សកម្មភាព​ធុរកិច្ច និង​វិនិយោគ​ទ្វេភាគី ។ ជាពិសេស​ការដោះដូរ​ពា​ណិ​ជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅថា E-Commerce ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា E-Payment និង QR Code ដូចគ្នា​ជាមួយ​កម្មវិធី​ទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម​។​
 
​ក្រៅពី​ជំរុញ​ឲ្យ​ប្រតិភូ​ធនាគារ​ចិន​ទូទាត់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏​ស្នើ​ឲ្យ​លោក WANG Bing  ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​ការសាងសង់​ឡស​ម្ងួ​ត (​សៃ​ឡូ​) នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា ដើម្បី​រក្សាទុក​កសិផល​ក្នុង​រយៈពេល​យូរ និង​ផ្ដល់​ឥណទាន​ដល់​ប្រជាកសិករ ជាពិសេស​សហគ្រាស​ខ្នាតតូច និង​មធ្យម ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ផលិតផល ដែលមាន​សក្តានុពល​នានា ហើយ​សំដៅលើ​ការបង្កើត​តម្លៃបន្ថែម និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៀតផង​។​
 
​ទាក់ទង​សំណើ​របស់​ក្រសួងពាណិជ្ជកម្ម​នេះ  នាយក​ប្រតិបត្តិ​រង​នៃ​ធានា​គារ​ចិន លោក WANG Bing  បាន​សន្យា​ជួយ​កៀងគរ​ក្រុមហ៊ុន​ចិន ដែលមាន​ជំនាញ និង​បទពិសោធន៍​គ្រប់គ្រាន់ ដើម្បី​វិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​នៅ​កម្ពុជា​នេះ​។ ប៉ុន្តែ​ចំពោះ​សំណើ​រលើ​ការទូទាត់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នោះ លោក WANG Bing  មិនទាន់​ឆ្លើយតប​អ្វី​ឡើយ​។​
 
​បច្ចុប្បន្ន​ធនាគារ​ចិន នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​អ​នុ​ញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រាក់​យ័ន តាមរយៈ​ប្រព័ន្ធ​ធនាគារ ដើម្បី​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ព្រមទាំង​ការបង្កើត​ការិយាល័យ​ចិន​មួយ (Chinese Desk) នៅ​ក្រសួងពាណិជ្ជកម្ម ក្នុងការ​សម្រួល​ដល់​ធុរជន​ចិន​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជ​កម្មទៀ​ត​ផង​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។​
 
​កន្លងមក​ធនាគារជាតិ ក៏បាន​ជំរុញ​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែរ ប៉ុន្តែ​នៅ​មិនទាន់មាន​សន្ទុះ​ខ្លាំង​នៅឡើយ​។ នោះ​ក៏​ព្រោះតែ​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ក្នុងការ​វិនិយោគ ជា​ចរន្ត​សេដ្ឋកិច្ចពិភពលោក​។ ប៉ុន្តែ​ដើម្បី​ឲ្យ​ប្រាក់រៀល​កើនឡើង​នោះ លុះត្រាតែ​មានការ​ចូលរួម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​វិស័យ​ឯកជន ក្នុងការ​ចរាចរណ៍​ប្រាក់រៀល​នេះ ។ ត្រង់ចំណុច​នេះ​ធនាគារជាតិ បានប្រកាស​ឲ្យ​ធនាគារ និង​វិស័យ​គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ ត្រូវ​ផ្ដល់​កម្ចី​ជា​ប្រាក់រៀល​ប្រមាណ​១០​ភាគរយ ក្នុងការ​ដំណើរ​ការផ្ដល់សេវា​កម្ចី​របស់ខ្លួន​។​
 
​ការសិក្សា​ស្រាវជ្រាវ​ដុល្លារ​រូបនីយកម្ម​នៅតាម​តំបន់​នានា​ក្នុង​ឆ្នាំ​២០១៧​កន្លងមក បាន​រកឃើញថា ក្នុង​រាជធានី​ភ្នំពេញ​មានការ​ប្រើប្រាស​លុយ​ដុល្លារ​ជាង​៦០ ភាគរយ​, ខេត្តសៀមរាប​ប្រើប្រាស់​លុយ​ដុល្លារ​មាន​ជាង ៦០ ភាគរយ ហើយ​តំបន់​ជនបទ​មាន​ត្រឹម​ជាង​២០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ធ្វើ​បទ​បង្ហាញ​ស្តីពី លទ្ធផល​អង្កេត​បឋម​នៃ​គម្រោង​ដំណាក់កាល​ទី​២ លើ​ការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ១៩ ខែមីនា ៕

Tag:
 ប៉ាន សូរ​សក្តិ​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com