ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា និយាយ​អំពី​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​តារា​គុន​ចម្រុះ Phoe Thaw
04, Apr 2019 , 7:59 am        
រូបភាព
​ដោយ​៖ ស៊ី​ធី  
 
​ម្ចាស់​ក្លិប​ប្រដាល់​សិល្បៈ ចាន់ រតនា បាន​បង្ហើប​ប្រាប់ថា​ខ្លួន​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​តារា​គុន​ចម្រុះ​ដ៏​លេចធ្លោ Phoe “Bushido” Thaw របស់​ក្លិប Myaing Ka LayA Phyu Yaung Thway របស់​មី​យ៉ាន់​ម៉ា​។ ការលើកឡើង​បែបនេះ បន្ទាប់ពី Phoe Thaw បានមក​លេង និង​សួរសុខទុក្ខ ចាន់ រតនា កាលពី​ពាក់កណ្ដាល ខែមីនា ឆ្នាំ​២០១៩​។


 
​អ្នកលេង​គុន​ចម្រុះ​កម្ពុជា និង​ជា​គ្រូបង្វឹក​ផង​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ស្គាល់ Phoe Thaw ប្រហែល ៣​ឆ្នាំ ហើយ​...​ហើយ​គាត់​មកលេង​ខ្ញុំ​ញឹកញាប់ ពួកយើង​រាប់អាន​គ្នា​ក្នុងនាម​ជា​កីឡាករ​គុន​ចម្រុះ​។ ពេលខ្លះ ពេល​គាត់​ឡើង​វ៉ៃ ខ្ញុំ​ធ្លាប់​ទៅ​ហាត់​ជាមួយគ្នា​នៅ​ក្លិប​គាត់ និង ឲ្យ​ទឹក​គាត់​ពេល​គាត់​ឡើង​វ៉ៃ ៣ ទៅ​៤ ដង​ដែរ និង​ធ្លាប់​ហ្វឹកហាត់​ត្រៀម​វ៉ៃ​ជាមួយគ្នា​។​»
 
​ចំណែក Phoe Thaw បាន​រៀបរាប់​នាពេល​លេង​ស្រុក​ខ្មែរ​ថា កម្ពុជា​ស្រដៀង​មី​យ៉ាន់​ម៉ា​ណាស់​ហើយ អាហារ​នៅទីនេះ​មិន​ខុសគ្នា​ខ្លាំង​ពី​អាហារ​នៅ​ស្រុកកំណើត​របស់គេ​ឡើយ ទាំង​វប្បធម៌​និង​ប្រជាជន​គឺ​ប្រហាក់ប្រហែលគ្នា​។ ពេល​មកលេង​នៅ​កម្ពុជា Phoe Thaw តែងតែ​មិន​បំភ្លេច ចាន់ រតនា​។ កីឡាករ​ប្រដាល់​មី​យ៉ាន​ម៉ា​ដដែល​នេះ បានចាត់ទុក កម្ពុជា​ជា​ផ្ទះ​ទី​២​របស់គេ និង ចង់​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​ក្នុង​ពិភព​គុន​ចម្រុះ​។ មិន​ត្រឹមតែ​មក​លម្ហែកាយ​ក្រោយ​ឈ្នះ​កីឡាករ ឥណ្ឌូណេស៊ី Yohan នា​ដើមខែ មីនា ប៉ុន្តែ Phoe Thaw បាន​បង្កើត​ភាព​រីករាយ និង ភាពស្និទ្ធស្នាល ដោយ​បង្ហាត់​សិស្ស​រួមគ្នា​នៅ ក្លិប​ប្រដាល់​សិល្បៈ​របស់ ចាន់ រតនា ទៀតផង​អំឡុងពេល​ការ​ស្នាក់នៅ​លម្ហែកាយ​នេះ​។  
 
​តារា​ប្រចាំ​សង្វៀន ONE Championship ទាំងពីរ​មិន​ត្រឹមតែ​បង្ហាត់​សិស្ស​នៅ​ក្លិប​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​សកម្មភាព​នានា​រួមគ្នា និង ការជជែក​គ្នា​យ៉ាងច្រើន​ដើម្បី​លៃលក​រួមចំណែក​ធ្វើ​ឲ្យ​គុន​ចម្រុះ​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ​ក្នុង​ដំណើរ​មកលេង​នៅ​កម្ពុជា​លើក​ទី​៤​។  
 
​លើសពីនេះទៅទៀត ចាន់ រតនា បាន​គូស​បញ្ជាក់ទៀតថា តារា​គុន​ចម្រុះ​របស់​ក្លិប Myaing Ka LayA Phyu Yaung Thway បាន​ព្រមព្រៀង​ជួយ​ក្លិប​សិល្បៈ របស់ រតនា តាមតែ​អាចធ្វើ​ទៅបាន​តាម​លទ្ធភាព​ដូចជា​សម្ភារៈ​ហ្វឹកហាត់ និង​ការងារ​។ ទោះ​មិនទាន់មាន​ការផ្លាស់ប្ដូរ​សិស្ស​ទៅ​ហ្វឹកហាត់​រវាង​ក្លិប​ទាំងពីរ  ប៉ុន្តែ Phoe Tham សន្យា​ជ្រោមជ្រែង​ក្លិប​សិល្បៈ​ទៅតាម​លទ្ធភាព​ផ្ទាល់ខ្លួន និង រក្សា​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ បន្ទាប់ពី​ក្លិប​នេះ​ត្រូវបាន​បង្កើតឡើង​ជិត ២ ឆ្នាំ​ក្នុងន័យ​បណ្ដុះបណ្ដាល​គុន​ចម្រុះ​។ ហើយ​បើសិន​ចាន់ រតនា ទៅលេង​ឬ ហ្វឹកហាត់ នៅ​មី​យ៉ាន់​ម៉ា គឺ ត្រូវ​ស្វាគមន៍​ដូច​បងប្អូន ដូចដែល រតនា ធ្វើ​ដាក់ Phoe Thaw នៅ​កម្ពុជា​អីចឹង​ដែរ​។ 


 
​តារា​គុន​ចម្រុះ​ទាំងពីរ ឡើង​សង្វៀន​លំដាប់​ពិភពលោក One Championship ប្រហាក់ប្រហែលគ្នា ពោល រតនា វ៉ៃ​បាន ៧​ដង ខណៈ​ដែ Phoe Thaw វ៉ៃ​បាន ៨ ដង​។  ចាន់ រតនា ឡើង​សង្វៀន One ចំនួន ៧ ដង ដោយ​ឈ្នះ​ចំនួន ៤  និង ចាញ់​ចំនួន ៣ ដង​។ រតនា ឡើង​ប្រកួត​លើកដំបូង​ជា​អន្តរជាតិ នៅ​សង្វៀន One តែម្ដង​ពេល​រៀបចំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ឆ្នាំ ២០១៤​។ រតនា ធ្វើ​ឲ្យ​ខ្ពស់​មុខមាត់ និង ទទួលបាន​ការចាប់អារម្មណ៍​ជា​សាកល​ដោយ​វ៉ៃ​កីឡាករ​គុន​ចម្រុះ ABRO Fernandez របស់​ឥណ្ឌូណេស៊ី ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ កាល ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី នា​ការប្រកួត​ចុងក្រោយ​របស់ខ្លួន​។ 
 
​រីឯ Phoe Thaw ជា​តារា​ប្រចាំ​សង្វៀន One Championship ដូចគ្នា ដោ​ឡើង​ប្រកួត​បាន​ចំនួន ៨ ដង ដែល​ក្នុងនោះ​ឈ្នះ ៧ ដង និង ចាញ់​តែម្ដង​គត់​។ កីឡាករ​កម្ពុជា ដែល Phoe Thaw ធ្លាប់​វ៉ៃ​ជាមួយនិង​យកឈ្នះ​គឺ សរ សី ហើយ កីឡាករ​របស់​មី​យ៉ាន់​ម៉ា រូបនេះ​ប្រើពេល​ត្រឹម ១ ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​កីឡាករ​តំណាង​ឲ្យ​កម្ពុជា​។ ក្នុងការ​ប្រកួត​ចុងក្រោយ​មុន​មក​លម្ហែកាយ​នៅ ព្រះរាជាណាចក្រ​កម្ពុជា តារា​ជើងចាស់ Phoe Thaw វ័យ​៣៤​ឆ្នាំ បានទទួល​ជ័យជម្នះ​លើក​ទី​៧​ក្នុង​អាជីព​គុន​ចម្រុះ​របស់ខ្លួន​នៅ​ពីមុខ​ទស្សនិកជន យ៉ាងច្រើន​កុះករ ពេល​ផ្ដួល​កីឡាករ​ឥណ្ឌូនេស៊ី Yohan “The Ice Man” Mulia Legowo ក្នុង​ទឹក​ទី​១​នៅ ONE: REIGN OF VALOR នាទី​ក្រុង​យ៉ាំង​ហ្គោ​ន​៕   
 

Tag:
 ONE Championship
  ចាន់ រតនា​
  Phoe Thaw
© រក្សាសិទ្ធិដោយ thmeythmey.com