ពីនេះ ពីនោះ
«អរគុណនរណាម្នាក់», «អរគុណចំពោះនរណាម្នាក់» និង«អរគុណសម្រាប់អ្វីមួយ»តើប្រើខុសគ្នាដូចម្តេច? រូបលោក ច័ន្ទ សំណព្វ បណ្ឌិតអក្សរសាស្ត្រខ្មែរ
× ដើម្បីបង្ហាញភាពគួរសមចំពោះនរណាម្នាក់ដែលមានគុណលើខ្លួន ភាគច្រើនគេប្រើពាក្យ «អរគុណ» នេះ។ កន្លងមកពលរដ្ឋខ្មែរប្រើពាក្យអរគុណ មិនទាន់ឲ្យចំ និងច្បាស់លាស់ប៉ុន្មានឡើយ ដោយអ្នកខ្លះប្រើជាពាក្យ អរគុណចំពោះនរណាម្នាក់ ឬអរគុណនរណាម្នាក់ ដោយអ្នកខ្លះទៀត ប្រើជាពាក្យថា អរគុណសម្រាប់អ្វីមួយ។
សូមស្តាប់សំឡេង៖
ឃ្លាទាំងបីនេះ មិនមែនជាឃ្លាដែលខុសនោះទេ គ្រាន់តែការប្រើខុសគ្នា និងមានន័យខុសគ្នាតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក ច័ន្ទ សំណព្វ សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ ឃ្លាទាំងបីនេះ មានតែឃ្លាថា អរគុណនរណាម្នាក់ និងអរគុណចំពោះនរណាម្នាក់ ដែលនិយមប្រើ និងមានអត្ថន័យច្បាស់លាស់។ លោក ច័ន្ទ សំណព្វ បានពន្យល់ឃ្លាថា អរគុណនរណាម្នាក់ គឺចង់សំដៅលើ ការអរគុណបុគ្គលណាម្នាក់ដែលជួយយើងដោយផ្ទាល់។ ឧទាហរណ៍៖ ខ្ញុំអរគុណចាន់នីដែលបានជូនខ្ញុំមកផ្ទះ។
សម្រាប់ឃ្លាថា«អរគុណចំពោះនរណាម្នាក់វិញ»គឺគេប្រើសម្រាប់តែអរគុណចំពោះអ្វីមួយដែលបុគ្គលណាម្នាក់ធ្វើមកលើខ្លួន។ ឧទាហរណ៍៖ ខ្ញុំអរគុណចំពោះសន្តានចិត្តរបស់អ្នកដែលមានចំពោះខ្ញុំ។ ដោយឡែកឃ្លាថា «អរគុណសម្រាប់អ្វីមួយ» គឺមានន័យថា អរគុណនរណាម្នាក់ជំនួសឲ្យនរណាម្នាក់។ ឧទាហរណ៍៖ ខ្ញុំអរគុណលោកដែលបានសរសើរប្អូនស្រីរបស់ខ្ញុំ។ នេះបើតាមការបញ្ជាក់របស់លោក ច័ន្ទ សំណព្វ សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com