កីឡាអន្តរជាតិ
អន្តរជាតិ
Pele ជឿជាក់ថា Mbappe អាចរកបាន១០០០គ្រាប់ក្នុងអាជីព
× ស្តេចបាល់ទាត់ Pele បាននិយាយទៅកាន់ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe ថាលោកជឿជាក់លើសមាជិកក្រុមជើងឯក World Cup បារាំងរូបនេះ នឹងអាចស៊ុតបាល់បញ្ចូលទីបាន ១០០០គ្រាប់ ក្នុងអាជីពរបស់គេ។
វីរបុរសប្រេស៊ីលវ័យ៧៨ឆ្នាំអះអាងដូច្នេះ ខណៈដែលខ្សែប្រយុទ្ធក្រុម Paris St Germain រូបនេះរកបានដល់ទៅ ១០៣គ្រាប់រួចទៅហើយនៅត្រឹមអាយុ២០ឆ្នាំ។
Pele បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី២ ខែមេសា ជាទីដែលលោកបានជួប Mbappe ក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មមួយថា៖«វាអាចទៅរួច ខ្ញុំអាចស៊ុតបាន១០២៥គ្រាប់រួចហើយ ដូច្នេះមួយពាន់គ្រាប់សម្រាប់ Mbappe ប្រាដកជាបាន»។
អតីសមាជិកក្រុម Monaco រូបនេះបានក្លាយជាកីឡាករវ័យក្មេងទី២ បន្ទាប់ពី Pele ដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ក្នុងការជួយជម្រើសជាតិបារាំងទទួលជ័យជម្នះលើក្រូអាស៊ីក្នុងលទ្ធផល ៤-២ នៅរុស្ស៊ីនោះ។
បើទោះមានការអះអាងពីសំណាក់លោក Pele យ៉ាងនេះក្តី ប៉ុន្តែខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះមិនគិតថាខ្លួនអាចធ្វើបានដល់១ពាន់គ្រាប់នោះឡើយ។
«ខ្ញុំគិតថាបើទោះបីជាយើងរាប់គ្រាប់បាល់ស៊ុតបញ្ចូលទីនៅលើទីលាននិងគ្រាប់បាល់ក្នុងហ្គេម PlayStation បញ្ចូលគ្នាក៏ខ្ញុំនឹងមិនអាចឈានទៅដល់ការរកគ្រាប់បាល់ទី១០០០ដែរ។ យ៉ាងណាយើងនឹងប្រឹងប្រែងតាមដែលអាចធ្វើទៅបាន ប៉ុន្តែខ្ញុំគិតថាខ្ញុំនៅមានផ្លូវវែងឆ្ងាយណាស់សម្រាប់អាជីពរបស់ខ្ញុំ»។
Mbappe រកបាន៣២គ្រាប់ហើយនៅក្នុងការប្រកួតទាំងអស់សម្រាប់ PSG រដូវកាលនេះ ដោយក្នុងនោះ២៧គ្រាប់សម្រេចបានក្នុងការបង្ហាញខ្លួន ២៤លើកនៅក្របខណ្ឌ Ligue 1 បារាំង៕
Tag:
បាល់ទាត់
Pele
Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com