ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានដាក់ឲ្យដំណើរការគម្រោងមួយដែលមានឈ្មោះថា គំនិតផ្ដួចផ្ដើមសម្រាប់ស្ត្រី (Women Initiative) ដើម្បីជួយលើកកម្ពស់សហគ្រិនស្ត្រីតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកផ្សេងៗទៀត ក្នុងការជួយជំរុញឲ្យមុខជំនួញរបស់ស្ត្រីកម្ពុជាកាន់តែរីកចម្រើន។
លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្ដាញសាខាផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា បានលើកឡើងថា សហគ្រិនស្ត្រីមានប្រមាណ ៦២ភាគរយនៃអាជីវកម្មសរុបក្នុងប្រទេសកម្ពុជា ដែលបានដើរតួរនាទីចម្បងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះ ពុំទាន់មានធនាគារណាមួយបានគិតគូរឲ្យបានត្រឹមត្រូវដល់តម្រូវការជាក់លាក់ដល់ស្ត្រីនៅឡើយ។ ធនាគារ ប្រេដ ប៊ែង ខេមបូឌា មានមហិច្ឆតាចង់ក្លាយជាធនាគារជម្រើសសម្រាប់ស្ត្រី នៅកម្ពុជា។
លោកស្ត្រីបានមានប្រសាសន៍បន្តទៀតថា៖«កម្មវិធី Women Initiative ដើម្បីដោះស្រាយបញ្ហារបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ ជាពិសេសស្ត្រីជាសហគ្រិន។ គម្រោងថ្មីនេះនឹងផ្តល់ដល់សហគ្រិនស្ត្រីនូវចំណុចសំខាន់៤ ដូចជា លទ្ធភាពទទួលបានព័ត៌មានផ្សេងៗ, លទ្ធភាពទទួលបានការបណ្ដុះបណ្ដាល, លទ្ធភាពចូលរួមនៅក្នុងបណ្ដាញទំនាក់ទំនងផ្សេងៗ, និង លទ្ធភាពទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ»។
លោកស្រីបានបន្ថែមថា កម្មវិធី Women Initiative ផ្តោតសំខាន់លើសសរស្តម្ភចម្បងចំនួន ៤ គឺទី១ ផ្តល់ព័ត៌មាន តាមរយៈវីដេអូក្លីប «តើត្រូវធ្វើដូចម្តេច» ជាមួយអ្នកជំនាញបច្ចេកទេស និងវាគ្មិន លើប្រធានបទនានា ដែលទាក់ទងនឹងអាជីវកម្ម ហើយនឹងត្រូវបង្ហោះនៅលើទំព័រហ្វេសប៊ុក Grow your business នាពេលឆាប់ៗនេះ។ ទី២ ការផ្តល់អំណាច ដល់ស្ត្រីតាមរយៈការបង្កើតសាលាបណ្តុះបណ្ដាលមួយដែលផ្តល់កម្មវិធីសិក្សាពិសេសដល់ស្ត្រី លើជំនាញបច្ចេកទេស និងជំនាញទន់ជាចម្បង ហើយថ្នាក់រៀននឹងបើកនាខែឧសភា។ ទី៣ ការបំផុសគំនិតធនាគារ ប្រេដ ប៊ែងខេមបូឌា នឹងរៀបចំពានរង្វាន់អាជីវកម្មជាលើកដំបូងរបស់ខ្លួន ក្នុងការទទួលស្គាល់ស្ត្រីពូកែក្នុងអាជីវកម្ម រួមទាំងផ្តល់់រង្វាន់ផងដែរ។ ទី៤ ការគាទ្រ ផ្នែកហិរញ្ញវត្ថុ ការផ្តល់សេវាមិនមែនហិរញ្ញវត្តុនេះនឹងភ្ជាប់ជាមួយនឹងសេវាហិរញ្ញវត្តុរបស់យើង។ ត្រង់ចំនុចនេះអ្នកស្រីបានពន្យល់ថា៖«ស្ត្រីជាសហគ្រិនដែលស្នើសុំកម្ចីរបស់យើង យើងនឹងអនុញ្ញាតឲ្យពួកគេឈប់សងកម្ចីរបស់គាត់ ក្នុងកំឡុងពេលមានគភ៌ ៣ ខែ។ ហើយយើងនឹងអនុញ្ញាតឲ្យអ្នកដាក់ប្រាក់បញ្ញើមានលទ្ធភាពទទួលបានកម្ចីសង្គ្រោះបន្ទាន់ ក្នុងករណីពួកគេជួបបញ្ហាគ្រួសារឥតព្រាងទុក»។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានកោតសសើរធនាគារ ប្រេដ ប៊ែង ខេមបូឌា ដែលបានដាក់ចេញនូវគម្រោងគំនិតផ្ដួចផ្ដើមសម្រាប់ស្ត្រី មិនត្រឹមតែជួយដល់ផ្នែកឯកជន ជាពិសេសសហគ្រិនស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែធនាគារ ប្រេដ ប៊ែង ខេមបូឌា បានប្រែក្លាយគោលបំណងអភិវឌ្ឍមួយចំនួននៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី៤នេះទៀតផង។ ការបង្កើតឱកាសអំណោយផល និងបរិយាការអនុគ្រោះ ដែលពង្រឹង និងលើកកម្ពស់សកម្មភាពសហគ្រិនអាចជួយឲ្យសេដ្ឋកិច្ចជាតិចំណេញបាន២៥ពាន់លានដុល្លារ ដូច្នេះធនាគារ ប្រេដ ប៊ែង ខេមបូឌា កំពុងដើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្នែកសហគ្រាសធុនតូចនិងមធ្យម។
រដ្ឋមន្ត្រីរូបនេះបាននិយាយថា៖«ធនាគារ ប្រេដ ប៊ែង ខេមបូឌា នឹងលេចឡើងជាគំរូ និងក្តីសង្ឃឹមសម្រាប់ផ្នែកឯកជនក្នុងការបង្កើនប្តេជ្ញាចិត្ត និងការទទួលខុសត្រូវ ក្នុងនាមក្រសួងកិច្ចការនារី សូមជូនពរឲ្យធនាគារ ប្រេដ ប៊ែង ខេមបូឌា ទទួលបានជោគជ័យ និងសូមកោតសសើរចំពោះកិច្ចប្រឹងប្រែងរបស់ធនាគារនេះ»។
ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានរៀបចំពិធីប្រកាសដាក់ឲ្យដំណើរការពីគម្រោង Women Initiative កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល និងសហគ្រិនជាស្ត្រីប្រមាណ១០០នាក់៕