ភ្នំពេញ៖ កម្ពុជាត្រូវធ្វើកំណែទម្រង់វិស័យអប់រំឲ្យកាន់តែរឹងមាំ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច។ ការអប់រំមានគុណភាពខ្ពស់ នឹងជួយឲ្យកម្ពុជា មានការអភិវឌ្ឍកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគិន។ ជាពិសេសធនធានជំនាញបច្ចេកវិទ្យា ដែលជាផ្នែកមួយ កំពុងមានឥទ្ធិពលលើសេដ្ឋកិច្ចទូទាំងសកលលោក។នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។
បើទោះកម្ពុជានៅរក្សាកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេល២ឆ្នាំខាងមុខនេះក៏ដោយ ប៉ុន្តែកម្លាំងពលកម្មជំនាញ នៅមិនទាន់ឆ្លើយតបចំពោះការវិនិយោបរទេសនៅឡើយ ។ ត្រង់ចំណុចនេះលោកស្រី Sunniya Durraini-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងគុណភាពអប់រំ និង គ្រូបង្រៀន ដែលមានគុណភាពជាច្រើននាក់ថែមទៀត ។ ជាពិសេសត្រូវផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សិស្សក្រីក្រដែលរៀនពូកែ ដើម្បីជួយឲ្យពួកគេបន្តការសិក្សា និងរៀនជំនាញសមស្របក្នុងយុគសម័យឌីជីថល។ វាជាចំណុចសំខាន់ ដែលជំរុញឲ្យកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគិន។
នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា បាននិយាយដូច្នេះថា៖ «កត្តាសំខាន់មួយដែលអាចទាក់ទាញ នឹងរក្សាឲ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ចូលទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់វិស័យឯកជន»។
លោក ឌីខាំប៉ូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលមិនទាន់បានទទួលរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានឆ្លើយតបថា ក្រសួងអប់រំបានដាក់ចេញនៅគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សជាច្រើន ដូចជាគោលនយោបាយយុវជនមួយ ត្រូវមានជំនាញមួយក្នុងជីវិត និងបានបង្តើតសាលាបច្ចេកទេសស្ទើតែ២៥ រាជធានី ខេត្ត ក្នុងការពង្រឹងជំនាញដល់សិស្ស និស្សិត ដើម្បីឆ្លើយតបនឹងទីផ្សារការងារ។ លោកបាននិយាយថា៖« អត្រាការបោះបង់ការសិក្សាមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺថយរហូត ហើយយើងខំធ្វើការបន្តទៀត ដើម្បីឲ្យការបោះបង់កាន់តែទាបជាងនេះបន្ថែមទៀត។ យើងមិនអាចលុបបំបាត់បានទេ ប្រទេសណាក៏មានដែរ ប៉ន្តែធ្វើយ៉ាងម៉េចឲ្យកាន់តែនៅទាប ។ថ្មីនេះយើងបានដាក់កម្មវិធីសិក្សា BEEP «Basic Education Equivalency Programme» ដើម្បីធ្វើយ៉ាងណាអ្នកដែលនៅក្រៅសាលារៀន គាត់មានឱកាសសិក្សាបន្តវិញ យើងបានកាត់បន្ថយអ្នកដែលនៅក្រៅសាលា អត់ការងារធ្វើ អត់មានឱកាសការបន្តការរៀនសូត្រ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួនបាន»។
ក្នុងឆ្នាំ២០១៩នេះ ក្រសួងអប់រំបានដាក់ចេញគោលនយោបាយចំនួនបីបន្ថែមទៀត ដូចជាគោលនយោបាយស្តីពីការសិក្សាពេញមួយជីវិត, គោលនយោបាយសុខភាពកុមារ និងទី៣ ការអប់រំបរិយាប័ន្ន ដែលកំពុងអនុវត្ត។នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ។
ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ នេះបានបង្ហាញថា សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនប្រមាណ ៧ ភាពរយក្នុងឆ្នាំ ២០១៩នេះ និង ៦,៨ ភាពរយនៅឆ្នាំ២០២០។ ប៉ុន្ថែបញ្ហាប្រឈមក៏មានច្រើនផងដែរ បញ្ហាប្រឈមដែលសំខានជាងគេ ដែលរាជរដ្ឋាភិបានត្រូវយកចិត្តទុកដាក់គឺ ដោះស្រាយបញ្ហាគម្លាតជំនាញដែលកើតឡើងដោយភាពមិនស៊ីគ្នា រវាងជំនាញដែលកម្លាំងពលកម្មមាន និងជំនាញដែលនិយោជកត្រូវការ។
របាយការណ៍បានបង្ហាញថា៖« ការអង្កេត និងការសិក្សាថ្មីៗជាច្រើនបានបង្ហាញថា វិនិយោគិន និងក្រុមហ៊ុននានា កំពុងជួបការលំបាក ព្រោះថា គម្លាតរវាងជំនាញដែលកម្លាំងពលកម្មមាននិងជំនាញដែលវិនិយោគិនត្រូវការ កាន់តែរីកធំទៅៗ។ ការអូសបន្លាយមិនផ្គូរផ្គងគ្នា រវាងជំនាញដែលឧស្សាសហកម្ម និងក្រុមហ៊ុននានាត្រូវការ និងជំនាញដែលផ្តល់ឲ្យយុវជន ក្នុងសលារៀន រួមទាំងនៅតាមគ្រឹះស្ថានដែលមានឯកទេសខាងអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាដ៏សំខាន់ ដែលនាំឲ្យមានគម្លាតជំនាញបែបនេះ»។
របាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ២០១៨ ក៏បានបង្ហាញដែរថា ប្រទេសកម្ពុជាទទួលបានពិន្ទុសន្ទស្សន៍ ០,៤៩ ដែលចំណាតថ្នាក់នេះលើតែប្រទេសឡាវ និងមីយ៉ានម៉ាតែប៉ុណ្ណោះ ខណៈប្រទេសវៀតណាមទទួលបានពិន្ទុសន្ទស្សន៍ ០,៦៧ និងសិង្ហាបុរី ០,៨៨។
របាយការណ៍បានបង្ហាញបញ្ហាប្រឈមជាច្រើនទៀតដែលកម្ពុជាជួបប្រទះរួមមាន ទី១ ការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចក្នុងសកលលោកដែលអាចមានល្បឿនលឿនជាងការរំពឹងទុក, ទី២ សហភាពអឺរ៉ុបន្តអនុវត្តផែនការ ព្យួរការផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជា ក្រោមកម្មវិធី ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ, ទី៣ កំណើនឥណទានក្នុងកម្រិតខ្ពស់ និងការប្រមូលផ្ដុំឥណទាន ក្នុងវិស័យអចលនទ្រព្យ បង្កហានិភ័យដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុ និងទី៤ ហានិភ័យដ៏សំខាន់មួយទៀត គឺគ្រោះរាំងស្ងួតនៅឆ្នាំនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា ក្នុងឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្ម, ទេសចរណ៍ និងវិស័យកសិកម្ម របស់កម្ពុជា នឹងថយចុះជាងឆ្នាំមុន។
«កំណើនទិន្នផលឧស្សាហកម្ម ទំនងថយចុះពីប្រមាណ ១០.៨ ភាគរយ ក្នុងឆ្នាំ២០១៨ មកនៅត្រឹម១០.១ ភាគរយ ក្នុងឆ្នាំ២០១៩។ កំណើននៃវិស័យសេវាកម្មនឹងមានការថមថយបន្តិចពី៦,៩ភាគរយមក៦,៨ភាគរយ ក្នុងឆ្នាំ២០១៩។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា មានកំណើនប្រមាណ១,៧ភាគរយ ពោលគឺថយចុះបន្តិចពី១,៨ភាគរយ កាលពីឆ្នាំមុន។ ឱនភាពសារពើពន្ធត្រូវបានគ្រោងទុកក្នុងកម្រិត ៤,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០១៩ បៀបធៀបនឹង៥,១ភាគរយ ដែលបានគ្រោងទុក កាលពីឆ្នាំ២០១៨»។ នេះបើយោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ ADB៕