ជាតិ
រថយន្ត
សង្គមជាតិ
ទូតជប៉ុន ជូនពរពលរដ្ឋខ្មែរធ្វើដំណើរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយសុវត្ថិភាព
× ភ្នំពេញ៖ មួយថ្ងៃក្រោយសម្ពោធមិត្តភាពកម្ពុជា-ជប៉ុន ដែលត្រូវបានដំណើរការជាផ្លូវការនោះ អគ្គរជ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានជូនពរពលរដ្ឋខ្មែរឲ្យធ្វើដំណើរប្រកបដោយសុវត្ថិភាពលើស្ពានជ្រោយចង្វារទី១នេះ។
តាមរយៈរូបថតលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ពាននោះ ស្ថានទូតជប៉ុនបានសរសេរលើហ្វេសប៊ុកផ្លូវការខ្លួន យ៉ាងដូច្នេះថា៖«សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១»។
ស្ពានជ្រោយចង្វារទីមួយ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរឡើងវិញ បន្ទាប់ពីមានការជួសជុល អស់ថវិកាប្រមាណ៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានត្រូវបានជួសជុលរួចជាស្ថាពរដោយក្រុមវិស្វករជនជាតិជប៉ុននិងកម្ពុជា។ស្ពានជ្រោយចង្វារទីមួយនេះ មានប្រវែង៩៧១ម៉ែត្រ និងទទឹង១៣ម៉ែត្រ ដែលជាស្ពានសម្រាប់ឆ្លងកាត់ទន្លេសាប ហើយតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៧ ដោយសារតែមានអាយុកាលនៃការប្រើប្រាស់ច្រើនមក ហើយ ស្របពេលកំណើនសេដ្ឋកិច្ចនិងលំហូរចរាចរណ៍កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។តាមរយៈស្ពានដែលទើបតែជួសជុលរួចនេះ នឹងអាចបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចប្រយោជន៍សេដ្ឋកិច្ចជាតិ បានរយៈពេល៥០ឆ្នាំទៅមុខបន្ថែមទៀត។ គួរបញ្ជាក់ថា ស្ពានជ្រោយចង្វាទីមួយនេះ គឺជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់រួចរាល់តាំងពីឆ្នាំ ១៩៦៣មកម្លេះ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com