ជាតិ
រថយន្ត
សង្គមជាតិ
ទូត​ជប៉ុន ជូនពរ​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​សុវត្ថិភាព​
04, Apr 2019 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មួយថ្ងៃ​ក្រោយ​សម្ពោធ​មិត្តភាព​កម្ពុជា​-​ជប៉ុន ដែល​ត្រូវបាន​ដំណើរការ​ជា​ផ្លូវការ​នោះ អគ្គរ​ជ្ឋ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​ជូនពរ​ពលរដ្ឋ​ខ្មែរ​ឲ្យ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​លើ​ស្ពាន​ជ្រោយចង្វារ​ទី​១​នេះ​។

 
​តាមរយៈ​រូបថត​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ជាមួយ​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ស្ពាន​នោះ ស្ថានទូត​ជប៉ុន​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន យ៉ាង​ដូច្នេះ​ថា​៖«​សូម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វារ​ទី​១»​។​
 
​ស្ពាន​ជ្រោយចង្វារ​ទីមួយ បាន​ដាក់ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឡើងវិញ បន្ទាប់ពី​មានការ​ជួសជុល អស់​ថវិកា​ប្រមាណ​៣០​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​ត្រូវបាន​ជួសជុល​រួច​ជា​ស្ថាពរ​ដោយ​ក្រុម​វិស្វករ​ជនជាតិ​ជប៉ុន​និង​កម្ពុជា​។​ស្ពាន​ជ្រោយចង្វារ​ទីមួយ​នេះ មាន​ប្រវែង​៩៧១​ម៉ែត្រ និង​ទទឹង​១៣​ម៉ែត្រ ដែលជា​ស្ពាន​សម្រាប់​ឆ្លងកាត់​ទន្លេសាប ហើយ​តម្រូវ​ការចាំបាច់​បំផុត​របស់​ប្រទេសជាតិ​។​ស្ពាន​នេះ​ត្រូវបាន​ជួសជុល​នៅក្នុង​ឆ្នាំ​២០១៧ ដោយសារ​តែមាន​អាយុកាល​នៃ​ការប្រើប្រាស់​ច្រើន​មក ហើយ ស្របពេល​កំណើនសេដ្ឋកិច្ច​និង​លំហូរ​ចរាចរណ៍​កើន​ឡើងជា​លំដាប់ ស្ពាន​នេះ​តម្រូវឱ្យមាន​ការជួសជុល​ឡើងវិញ​ជាបន្ទាន់​។​តាមរយៈ​ស្ពាន​ដែល​ទើបតែ​ជួសជុល​រួច​នេះ នឹង​អាច​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក៏​ដូច​ប្រយោជន៍​សេដ្ឋកិច្ចជាតិ បាន​រយៈពេល​៥០​ឆ្នាំ​ទៅមុខ​បន្ថែមទៀត​។ គួរ​បញ្ជាក់ថា ស្ពាន​ជ្រោយចង្វា​ទីមួយ​នេះ គឺជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ត្រូវបាន​សាងសង់​រួចរាល់​តាំងពី​ឆ្នាំ ១៩៦៣​មក​ម្លេះ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​៕

Tag:
 ជប៉ុន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com