ជាតិ
សង្គមជាតិ
ក្រោយ​សង​៧​ម៉ឺន​ដុល្លារ កញ្ញា យិន ម៉ា​ណា រួច​ទោស​រដ្ឋប្បវេណី តែ​នៅ​ជាប់ទោស​ព្រហ្មទណ្ឌ​
04, Apr 2019 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​លោក យិន ហ្គិ​ច ឪពុក​របស់​កញ្ញា យិន ម៉ា​ណា ដែល​បាន​បើករថយន្ត​បុក​កញ្ញា ឌុំ រី​ដា និស្សិត​ឆ្នាំ​ទី​៤ ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បាន​សុំ​សម្រុះសម្រួល​ជាមួយ​អ្នកស្រី ផាត់ ពៅ ម្តាយ​របស់​កញ្ញា ឌុំ រី​ដា ហើយក៏​ឈានដល់​ព្រមព្រៀងគ្នា ដោយ​លោក យិន ហ្គិ​ច បាន​សង​សំណង​៧​ម៉ឺន​ដុល្លារ ហើយ​អ្នកស្រី ផាត់ ពៅ ក៏​សុខចិត្ត​ទទួលយក​។ ការសម្រុះសម្រួល​គ្នា​នេះ គឺធ្វើឡើង​នៅ​ចំពោះមុខ​មេធាវី​ទាំងសងខាង នៅឯ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​។

 
 
 
​អ្នកស្រី មួង ធនលាភី មេធាវី​របស់​គ្រួសារ​កញ្ញា ឌុំ រី​ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា  កូនក្តី​របស់​អ្នកស្រី ព្រម​ទទួលយក​សំណង​នេះ​ដោយ​សុទ្ធចិត្ត ដោយ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ​។ អ្នកស្រី និយាយថា «​ដោយសារ​មានការ​ព្រមព្រៀងគ្នា ខ្ញុំ​យល់ថា ការសង​សំណង​នេះ គឺជា​យុត្តិធម៌​សម្រាប់​កូនក្តី​របស់ខ្ញុំ​»​។ 
 
​មុន​ទទួលបាន​សំណង​៧​ម៉ឺន​ដុល្លារ ម្តាយ​របស់​កញ្ញា ឌុំ រី​ដា ប្តឹង​ទារ​សំណង​២០​ម៉ឺន​ដុល្លារ​។​
 
​អ្នកស្រី​មេធាវី បកស្រាយ​ថា ក្រោយ​សង​សំណង​ហើយ កញ្ញា យិន ម៉ា​ណា បាន​រួច​ផុតពី​ការទទួលខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី តែ​នៅ​ជាប់ទោស​និង​ការទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​។ អ្នកស្រី ពន្យល់​ពី​ផ្លូវច្បាប់​យ៉ាង​ដូច្នេះ​ថា «​ខាង​កូនក្តី​របស់ខ្ញុំ គឺ​ចប់​ហើយ តែ​ខាង​ព្រហ្មទណ្ឌ​នៅទេ ព្រោះ​ខាង​ព្រហ្មទណ្ឌ គឺ​ព្រះរាជអាជ្ញា ជា​អ្នកចោទ​ប្រកាន់​»​។​
 
​កញ្ញា យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា បាន​បើក​រថយន្តបុក​កញ្ញា ឌុំ រី​ដា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ គ្រួសារ​កញ្ញា យិន ម៉ា​ណា ក៏បាន​ឲ្យ​គេ​យក​ថវិកា​៥​ពាន់​ដុល្លារ ទៅ​ចូល​បុណ្យសព​កញ្ញា ឌុំ រី​ដា ផងដែរ​។  
 
​បច្ចុប្បន្ន កញ្ញា យិន ម៉ា​ណា កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ ) ក្រោម​បទ​ចោទ «​បើកបរ​ធ្វេសប្រហែស ដែល​បណ្តាល​ឲ្យ​អ្នកដទៃ​ស្លាប់​»​។ 
 
​លោកស្រី មួង ធនលាភី និង លោក សុខ អួ​ង គឺជា​មេធាវី​ស្ម័គ្រចិត្ត​របស់​ក្រុម​មេធាវី​របស់​សម្តេច ហ៊ុន សែន ដែល​ត្រូវបាន​បញ្ជូនទៅ​ការពារ​ក្តី​ឲ្យ​គ្រួសារ​កញ្ញា ឌុំ រី​ដា​៕
 

Tag:
 ចរាចរណ៍​
  ឌុំ រី​ដា​
  យិន ម៉ា​ណា
© រក្សាសិទ្ធិដោយ thmeythmey.com