អន្តរជាតិ
អាមេរិក គ្រោង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទី​ពីរ​ទៅ​វៀតណាម
04, Apr 2019 , 12:19 pm        
រូបភាព
​សហរដ្ឋអាមេរិក​រំពឹង​ថា ខ្លួន​នឹង​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​ក្នុងការ​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ អាមេរិក និង​វៀតណាម​ដែល​ធ្លាប់​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​វៀតណាម​លើក​ទី​២ ប្រែ​ទៅជា​ជិតស្និទ្ធ​នឹង​គ្នា​កាន់តែខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បើ​លេច​ជា​រូបរាង វា​ជា​លើក​ទី​ពីរ​ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​ចូល​ចត​កំពង់ផែ​វៀតណាម​តាំងពី​ចប់​សង្គ្រាម​មក​។ អាមេរិក​ថែមទាំង​ចង់​ឲ្យ​មានការ​ចូល​ចត​បែបនេះ​ជា​រៀងរាល់ឆ្នាំ​ទៀតផង​។

 
​នាវា​ដឹក​យន្តហោះ USS Carl Vinson គឺជា​នាវា​ដឹក​យន្តហោះ​ទីមួយ​របស់​អាមេរិក​ដែល​ចូល​ចត​កំពង់ផែ​របស់​វៀតណាម អតីត​គូសត្រូវ​ស្លាប់​រស់​របស់​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម​។ វត្តមាន​នាវា​ដឹក​យន្តហោះ​នេះ ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​ក្នុង​ទំនាក់ទំនង​អាមេរិក និង​វៀតណាម​ដែលមាន​ការបារម្ភ​ដូចគ្នា គឺ​ការ​ងើបឡើង​របស់​ចិន និង​សកម្មភាព​របស់​មហា​យ​ក្ស​មួយ​នេះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​វៀតណាម​ជា​ភាគី​ទាមទារ​មួយ​។​
 
​ឧបការី​ក្រសួងការពារជាតិ​អាមេរិក Randall Schriver នៅ​ថ្ងៃទី​៣ ខែមេសា បង្ហាញ​ក្ដី​សង្ឃឹមថា អាមេរិក និង​វៀតណាម​នឹង​ឯកភាពគ្នា​ដល់​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ដឹក​យន្តហោះ​អាមេរិក​នៅ​វៀតណាម​នៅក្នុង​ឆ្នាំ​២០១៩ នេះ​។ មិនមែន​តែ​ឆ្នាំ​២០១៩ ឡើយ លោក Schriver ដែល​ទទួលបន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បង្ហើប​ដែរ​ថា អាមេរិក​ចង់ឃើញ​ការចូល​ចត​បែបនេះ ក្លាយជា​ទម្លាប់​ប្រចាំ​តែម្ដង ដើម្បី​ជាស​ញ្ញា​នៃ​ទំនាក់ទំនង​ចាស់ទុំ និង​យុទ្ធសាស្ត្រ​។​
 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប​ញ្ច​កោណ​ដដែល​ក៏​រំពឹងថា អាមេរិក​នឹងមាន​នាវា​ល្បាត​មួយក្រុម​ទៀត​សម្រាប់​លក់​ឲ្យ​វៀតណាម​ដើម្បី​ឲ្យ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​សមត្ថ​ភាពខ្លាំង​ផ្នែក​កិច្ចការ​សមុទ្រ​។ កាលពី​ថ្ងៃទី​១ ខែមេសា អាមេរិក​ទើបតែ​ប្រគល់​នាវា​ល្បាត​ចំនួន​៦​គ្រឿង​មានតម្លៃ​សរុប​១២​លាន​ដុល្លារ​ទៅ​ឲ្យ​កង​ឆ្មាំ​ការពារ​ឆ្នេរ​វៀតណាម​។ នេះ​ជា​លទ្ធផល​នៃ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​វៀតណាម​នាពេល​កន្លងមក​។​
 
​តាំងពី​អាមេរិក​ដកថយ​នៅ​ឆ្នាំ​១៩៧៥ ទំនាក់ទំនង​រវាង​សត្រូវ​ទាំងពីរ​ធ្លាប់តែ​ល្អក់កករ​ព្រោះ​វៀតណាម​ប្រកាន់​របប​ដឹកនាំ​កុម្មុយនីស្ត​ដែល​ផ្ទុយ​ពី​ទស្សនៈ​អាមេរិក​។ ប៉ុន្តែ​បញ្ហា​ជាមួយ​ចិន ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ត្របាញ់​ចូលគ្នា​កាន់តែ​រឹងមាំ​។ ការ​ភ័យ​បារម្ភ​ជា​ចម្បង គឺ​សកម្មភាព​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ដ្បិត​មាន​សមត្ថភាព​ទាប​ជាង វៀតណាម​មិនអាច​ធ្វើ​អ្វី​ចិន​បានឡើយ ហើយ​បាន​ត្រឹម​ស្រែក​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​ប៉ុណ្ណោះ​។ 
 
​អាមេរិក​ឯណេះ ទោះ​មិនមែនជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​អ្វី​ក៏ដោយ បាន​យក​សេរីភាព​នាវាចរណ៍​ដើម្បី​ការពារ​កា​រប​ញ្ជូ​នាវាចម្បាំង​របស់ខ្លួន​ចូល​ដែនទឹក​ដ៏​សំខាន់​មួយ​នេះ ដែលជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​តម្លៃ​ច្រើនជាង​៣​ទ្រី​លាន​ដុល្លារ​រៀងរាល់ឆ្នាំ​។ សកម្មភាព​របស់​អាមេរិក ធ្វើ​ឲ្យ​ចិន​ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង ព្រោះ​ជារឿយៗ​នាវាចម្បាំង​អាមេរិក​ចូល​កៀក​ដែន​កោះ​ដែល​ខ្លួន​កំពង់​ត្រួតត្រា​ទៀតផង​៕ 

Tag:
 អាមេរិក​
  វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com