ជាតិ
រថយន្ត
សង្គមជាតិ
អ្នកនាំពាក្យ ពន្យល់ពីការបើកបរម៉ូតូលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចៀសគ្រោះថ្នាក់
× ភ្នំពេញ៖ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដោយការដួលម៉ូតូដោយខ្លួនឯងនៅស្ពានជ្រោយចង្វារទីមួយ អ្នកបើកម៉ូតូគ្រប់រូប មិនគួរបើកលើគន្លងផ្លូវរបស់ឡាន ហើយប្ដូរគន្លងទៅផ្លូវម៉ូតូវិញនោះទេ។ លោក ហ៊ាង សុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានពន្យល់ថា តួផ្លូវលើស្ពាននេះ មានកម្ពស់ខុសគ្នា ដោយផ្លូវសម្រាប់ម៉ូតូមានលក្ខណៈខ្ពស់ជាងផ្លូវឡានបន្តិច។ ភាគច្រើនអ្នកបើកម៉ូតូបានធ្វើដំណើរលើតួផ្លូវឡាន ហើយពេលចូលក្នុងគន្លងតួម៉ូតូវិញ គឺពួកគេ ជិះឡើងពីទាបទៅខ្ពស់ ទើបបណ្តាលឱ្យដួលច្រើនដូច្នេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហ៊ាង សុទ្ធាយុត្ត បានអះអាងថា «ការដួលម៉ូតូលើស្ពាននេះ គឺមិនពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការធ្វើស្ពានឡើងវិញទេ។ ការធ្វើផ្លូវដែលមានកម្ពស់ខុសគ្នានៅលើស្ពាននេះ គឺបញ្ចៀសគ្រោះថ្នាក់ទេ ដើម្បីកុំឱ្យអ្នកបើកបរលើស្ពាននេះឆ្លងចូលផ្លូវគ្នាទៅវិញទៅមក។ ពិសេសអ្នកបើកម៉ូតូ ដែលងាយនឹងរងគ្រោះច្រើន ពេលបើកបរលើគន្លងផ្លូវឡាន»។
សូមស្តាប់ការពន្យល់របស់លោក ហ៊ាង សុទ្ធាយុត្ត៖
បើតាមអ្នកនាំពាក្យរូបនេះ អ្នកបើកម៉ូតូ ដែលដួលដោយខ្លួនឯងជាង៣០ករណីមកនេះ ភាគច្រើនគឺដួលដោយសារចេញពីគន្លងផ្លូវឡាន ចូលក្នុងគន្លងផ្លូវម៉ូតូវិញ។ ជាមួយគ្នានេះ លោក អំពាវនាវដល់អ្នកធ្វើដំណើរគ្រប់រូប ត្រូវគោរពតាមច្បាប់ចរាចរណ៍ និងគំនូសផ្លូវសម្រាប់យានជំនិះនីមួយៗ នៅលើស្ពានជ្រោយចង្វារ។
សម្រាប់គំនូសសញ្ញាចរាចរ និងស្លាកសញ្ញាចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានពន្យល់ថា គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ គឺអ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរគន្លងផ្លូវឡើយ។ ចំណែកស្លាកសញ្ញាចរាចរ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គីឡូម៉ែត្រក្នុង១ម៉ោង។ ជាពិសេសត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន។
សូមបញ្ជាក់ថា ស្ពានជ្រោយចង្វារទីមួយ ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។ ស្ពាននេះ ត្រូវបានជួសជុលអស់៣០លានដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com