ជាតិ
រថយន្ត
សង្គមជាតិ
អ្នកនាំពាក្យ ពន្យល់​ពី​ការបើកបរ​ម៉ូតូ​លើ​ស្ពាន​ជ្រោយចង្វារ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​
04, Apr 2019 , 2:18 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ការ​ដួល​ម៉ូតូ​ដោយ​ខ្លួនឯង​នៅ​ស្ពាន​ជ្រោយចង្វារ​ទីមួយ អ្នកបើក​ម៉ូតូ​គ្រប់រូប មិនគួរ​បើក​លើ​គន្លង​ផ្លូវ​របស់​ឡាន ហើយ​ប្ដូរ​គន្លង​ទៅ​ផ្លូវ​ម៉ូតូ​វិញ​នោះទេ​។ លោក ហ៊ាង សុទ្ធា​យុត្ត អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ពន្យល់ថា តួ​ផ្លូវ​លើ​ស្ពាន​នេះ មាន​កម្ពស់​ខុសគ្នា ដោយ​ផ្លូវ​សម្រាប់​ម៉ូតូ​មាន​លក្ខណៈ​ខ្ពស់ជាង​ផ្លូវ​ឡាន​បន្តិច​។ ភាគច្រើន​អ្នកបើក​ម៉ូតូ​បានធ្វើ​ដំណើរ​លើ​តួ​ផ្លូវ​ឡាន ហើយ​ពេល​ចូលក្នុង​គន្លង​តួ​ម៉ូតូ​វិញ គឺ​ពួកគេ ជិះ​ឡើង​ពី​ទាប​ទៅ​ខ្ពស់ ទើប​បណ្តាលឱ្យ​ដួល​ច្រើន​ដូច្នេះ​។

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ហ៊ាង សុទ្ធា​យុត្ត បាន​អះអាងថា «​ការ​ដួល​ម៉ូតូ​លើ​ស្ពាន​នេះ គឺ​មិន​ពាក់ព័ន្ធ​ទៅនឹង​បច្ចេកទេស​នៃ​ការធ្វើ​ស្ពាន​ឡើងវិញ​ទេ​។ ការធ្វើ​ផ្លូវ​ដែលមាន​កម្ពស់​ខុសគ្នា​នៅលើ​ស្ពាន​នេះ គឺ​បញ្ចៀស​គ្រោះថ្នាក់​ទេ ដើម្បី​កុំឱ្យ​អ្នកបើកបរ​លើ​ស្ពាន​នេះ​ឆ្លង​ចូល​ផ្លូវ​គ្នា​ទៅវិញទៅមក​។ ពិសេស​អ្នកបើក​ម៉ូតូ ដែល​ងាយ​នឹងរង​គ្រោះ​ច្រើន ពេល​បើកបរ​លើ​គន្លង​ផ្លូវ​ឡាន​»​។ 
 
​សូម​ស្តាប់​ការពន្យល់​របស់លោក ហ៊ាង សុទ្ធា​យុត្ត​៖ 




 
​បើតាម​អ្នកនាំពាក្យ​រូបនេះ អ្នកបើក​ម៉ូតូ ដែល​ដួល​ដោយ​ខ្លួនឯង​ជាង​៣០​ករណី​មកនេះ ភាគច្រើន​គឺ​ដួល​ដោយសារ​ចេញពី​គន្លង​ផ្លូវ​ឡាន ចូលក្នុង​គន្លង​ផ្លូវ​ម៉ូតូ​វិញ​។ ជាមួយគ្នានេះ លោក អំពាវនាវ​ដល់​អ្នកធ្វើ​ដំណើរ​គ្រប់រូប ត្រូវគោរព​តាមច្បាប់​ចរាចរណ៍ និង​គំនូស​ផ្លូវ​សម្រាប់​យានជំនិះ​នីមួយៗ នៅលើ​ស្ពាន​ជ្រោយចង្វារ​។ 
 
​សម្រាប់​គំនូស​សញ្ញា​ចរាចរ និង​ស្លាក​សញ្ញា​ចរាចរ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ពន្យល់ថា គំនូស​សញ្ញា​ជាប់​ទោល​ពណ៌​ស សម្រាប់​បែងចែក​គន្លង​ផ្លូវ​ចរាចរ គឺ​អ្នកបើកបរ មិនត្រូវ​ឆ្លងកាត់​គន្លង​នេះ ដើម្បី​ប្តូរ​គន្លង​ផ្លូវ​ឡើយ​។ ចំណែក​ស្លាក​សញ្ញា​ចរាចរ បង្ហាញ​ពី​ការបែងចែក​គន្លង​ដាច់ពីគ្នា​រវាង​រថយន្ត ទោចក្រយានយន្ត និង​ថ្មើរជើង ហាម​ប្តូរ​គន្លង​ចរាចរ និង​បើកបរ​ក្នុង​ល្បឿន​មិន​លើសពី ៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ជាពិសេស​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុងការ​បើកបរ ហាម​វ៉ា​ជែង​លើ​ស្ពាន​។​
 
​សូមបញ្ជាក់ថា ស្ពាន​ជ្រោយចង្វារ​ទីមួយ ត្រូវបាន​ដាក់ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឡើងវិញ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​។ ស្ពាន​នេះ ត្រូវបាន​ជួសជុល​អស់​៣០​លាន​ដុល្លារ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​៕

Tag:
 ស្ពាន​ជ្រោយចង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com