ចាន់ វឌ្ឍនាកា ស៊ុតបានមួយគ្រាប់ឲ្យ PKNS នាជ័យជម្នះ ៣-២ លើ Melaka United
កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ស៊ុតបានមួយគ្រាប់ឲ្យ PKNS នាជ័យជម្នះ ៣-២ លើ Melaka United
04, Apr 2019 , 3:00 pm        
រូបភាព
ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ទាត់បាល់សម្រេចទីមួយគ្រាប់ឲ្យ PKNS FC ក្នុងជ័យជម្នះ ៣-២ លើ Melaka United នាការប្រកួតវគ្គ១/១៦នៃពានរង្វាន់ Malaysia FA Cup 2019 កាលពីយប់ថ្ងៃទី៣ មេសា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Shah alam stadium។ នេះជាគ្រាប់បាល់ទី២ បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ដំបូងនាជំនួបសប្តាហ៍ទី៣ពានរង្វាន់ក្របខណ្ឌកំពូលម៉ាឡេស៊ី កាលពីពេលកន្លងទៅ។



ខ្សែបម្រើកូឡុំប៊ី Romel Morales បានបញ្ជូនបាល់យ៉ាងល្អឲ្យខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា សម្រេចទីមួយគ្រាប់ឲ្យ PKNS FC នៅនាទីទី៦៦ ដើម្បីរួមចំណែកក្នុងជ័យជម្នះ ៣-២ លើក្រុម Melaka United។ គ្រាប់បាល់របស់ វឌ្ឍនាកា កើតឡើងក្រោយ ខ្សែការពារម៉ាឡេស៊ី Gurusamy Kandasamy បានទាត់បាល់ពិន័យ១១ម៉ែត្រសម្រេចឲ្យ PKNS FC នាំមុខ ១-០ លើក្រុម Melaka United នៅនាទីទី៤៣ បន្ទាប់ពីខ្សែការពារ Jang Suk-won ធ្វើឲ្យខ្សែប្រយុទ្ធ Kpah Sherman ដួលក្នុងតំបន់គ្រោះថ្នាក់។

 

ពីរនាទីក្រោយគ្រាប់បាល់របស់ វឌ្ឍនាកា ពោលគឺនៅនាទីទី៦៨ ខ្សែប្រយុទ្ធដ៏មុតស្រួច Kpah Sherman សម្រេចបាន១គ្រាប់បន្ថែម ដើម្បីបង្កើនការនាំមុខ ៣-០ សម្រាប់ PKNS FC។ ឈានដល់នាទីទី៨៥ ខ្សែប្រយុទ្ធប្រេស៊ីល Casagrande សម្រេចគ្រាប់បាល់តាមពីក្រោយ ៣-១ ឲ្យ Melaka United តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយ Jafri Firdaus Chew ធ្វើឲ្យ Safiq Rahim ដួលក្នុងតំបន់គ្រោះថ្នាក់។

៧នាទីក្រោយមកប្រធានក្រុម Shukor Adan បានតែតបាល់បញ្ចូលទីមួយគ្រាប់បន្ថែម ដើម្បីបង្កើនការតាមពីក្រោយ ៣-២ សម្រាប់ Melaka United ក្រោយការលើករបស់កីឡាករ Wan Amirul Afiq Wan Rahman។ ក្រុមទាំងពីរបានរក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ ជ័យជម្នះនេះ ជួយឲ្យក្រុម PKNS FC ទទួលបានកៅអីឡើងទៅវគ្គ១/៨៕

© រក្សាសិទ្ធិដោយ thmeythmey.com