អន្តរជាតិ
អាមេរិក​ត្រៀម​ស្រោចស្រង់​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា បើ ម៉ា​ឌុយ​រ៉ូ ព្រម​ចុះចេញ​
04, Apr 2019 , 3:19 pm        
រូបភាព
លោក នី កូឡាស់ ម៉ាឌុយរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា (រូបថត៖ AFP)
លោក នី កូឡាស់ ម៉ាឌុយរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា (រូបថត៖ AFP)
ដោយ:
​សហរ​រដ្ឋ​អាមេរិក ត្រៀមខ្លួន​ចាក់​បញ្ចូល​លុយ​ដុល្លារ​ទៅក្នុង​វេ​ណេ​ស៊ុយ​អេ​ឡា ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​។ ប៉ុន្តែ​អាមេរិក​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ត្រូវ​ចាក​ចេញពី​តំណែង​ជាមុនសិន និង​ទុក​ឱកាស​ឲ្យ​មេបក្ស​ប្រឆាំង លោក ហ័ន ក្វៃ​ដូ ដែល​អាមេរិក​គាំទ្រ​ឡើងកាន់តំណែង​ជំនួស​វិញ​។​

 
​ផែន​ការណ៍​ថ្មី​នេះ ត្រូវបាន​ដាក់ចេញ​ដោយ​លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេត​វិមាន​អាមេរិក ថ្ងៃទី​៣ ខែមេសា ខណៈ​សមាជិក​ព្រឹទ្ធសភា​អាមេរិក បានស្នើ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​ផ្តល់ជំនួយ​មនុស្សធម៌​ចំនួន ៤០០​លាន​ដុល្លារ​ទៅកាន់​វេ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Larry Kudlow លើកឡើងថា ក្រុង​វ៉ាស៊ីនតោន កំពុងធ្វើការ​ជាមួយ​ធនាគារ​ក្នុងស្រុក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លើ​គម្រោង​ស្រោចស្រង់​មួយ​។ គម្រោង​នេះ មាន​គោលដៅ​ផ្តល់​ដង្ហើម​សាជាថ្មី​ដល់​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​បានខ្ទេចខ្ទាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ 
 
​កាលណា​លោក ម៉ា​ឌុយ​រ៉ូ ព្រម​ចាក​ចេញពី​តំណែង ជំនួយ​សេដ្ឋកិច្ច​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ភ្លាម ដោយ ផ្តើមចេញពី​ការចាក់​បញ្ចូល​រូបិយវត្ថុ​អាមេរិក​ទៅក្នុង​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា ដើម្បី​បញ្ឆេះ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​។ នេះ​បើតាម​បញ្ជាក់​របស់លោក Larry ដោយ​បន្ថែមថា លុយ​ជំនួយ​ទាំងនោះ នឹងត្រូវ​បញ្ជូន​តាមរ​យៈ​ធនាគារ និង​វិធី​ផ្សេងៗ​ទៀត ប៉ុន្តែ​វា​ត្រូវជា​លុយ​ដុល្លារ​អាមេរិក ពុំមែន​រូបិយវត្ថុ​វេ​ណេ​ស៊ុយ​អេ​ឡា​នោះឡើយ​។​
 
​ទន្ទឹមនឹង​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា​មួយក្រុម ក៏បាន​ស្នើ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ ដែល​នឹង​ផ្តល់ជំនួយ​មនុស្សធម៌​ចំនួន ៤០០​លាន​ដុល្លារ​ទៅ​ឲ្យ​វេ​ណេ​ស៊ុយ​អេ​ឡា​។ កញ្ចប់​ជំនួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ចំណាត់ការ​របស់​រដ្ឋ​បាល​អាមេរិក ដែលមាន​គោលដៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​វេ​ណេ​ស៊ុយ​អេ​ឡា និង​គាំទ្រ​មេបក្ស​ប្រឆាំង​លោក ហ័ន ក្វៃ​ដូ​។ 
 
​មែនទែនទៅ ចាប់តាំងពី​ឆ្នាំ​២០១៧​មក ក្រុង​វ៉ាស៊ីនតោន បានផ្តល់​ជំនួយ​មនុស្ស​ធម៌​ប្រមាណ​ជាង ១៩៥​លាន​ដុល្លារ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​ណា ដែល​ព្រម​ទទួលយក​ជនភៀសខ្លួន​មកពី​វេ​ណេ​ស៊ុយ​អេ​ឡា​។ ក្នុង​ខែមករា ទីភ្នាក់ងារ​អាមេរិក​ទ​ទួល​បន្ទុក​ការអភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ឲ្យ​ដឹងថា ខ្លួន​ក៏បានផ្តល់​លុយ​ជំនួយ​២០​លាន​ដុល្លារ​បន្ថែមទៀត​។ 
 
​សូមបញ្ជាក់ថា សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​ខ្លាំង​តែ​លើ​ប្រេង​របស់​វេ​ណេ​ស៊ុយ​អេ​ឡា បាន​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារ​ការដាំ​ក្បាល​ចុះ​នៃ​ការនាំចេញ​ប្រេង និង​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំងនឹង​របប​ដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ ។ វិបត្តិ​សេដ្ឋកិច្ច រួមមាន អតិផរណា​ឡើង​ខ្ពស់​ដាច់​កប់​ពពក​, កង្វះ​អាហារ​, ថ្នាំសង្កូវ​, កង្វះ​ថាមពល និង​ទឹក​ជាដើម​នេះ បាន​បង្ខំ​ឲ្យ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់លាន​នាក់​សម្រេចចិត្ត​ចាកចេញ​ប្រទេស​។​
 
​ក្រៅពី​វិបត្តិ​សេដ្ឋកិច្ច ប្រទេស​នេះ​ចាប់ផ្តើម​ផុងខ្លួន​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ​ថ្មី​មួយទៀត ចាប់តាំងពី​ខែមករា​កន្លងទៅនេះ​។ កាលនោះ​មេដឹកនាំ​បក្សប្រឆាំង លោក ក្វៃ​ដូ បាន​បដិសេធ​ទទួលស្គាល់​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​ពីរ​របស់លោក​ម៉ា​ឌុយ​រ៉ូ ហើយ​លោក​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​ស្តីទី​។ គិត​មកដល់ពេលនេះ សហរដ្ឋអាមេរិក និង​ប្រទេស​ប្រមាណ​៥០​ផ្សេងទៀត បានប្រកាស​ជំហរ​គាំទ្រ​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​។ ចំណែក​រុស្ស៊ី​និង​ចិន នៅ​បន្ត​គាំទ្រ​របប​លោក ម៉ា​ឌុយ​រ៉ូ ដដែល​៕
 

Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  សហរដ្ឋអាមេរិក​
  ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com