ជាតិ
សេដ្ឋកិច្ច
វិស័យ​រ៉ែ​កម្ពុជា​៖ ចំណូល​ថវិការដ្ឋ​នឹង​ស្ទុះ​ឡើង តែ​ប្រយោជន៍​សេដ្ឋកិច្ច​ទាំងមូល មិន​ប្រាកដ
04, Apr 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទឹកដី​កម្ពុជា​ត្រូវបាន​អ្នកពាក់ព័ន្ធ​អះអាងថា​មាន​សក្ដានុពល​លើ​វិស័យ​រ៉ែ​។ ប៉ុន្តែ​ដោយ​កង្វះ​សមត្ថភាព និង​លទ្ធភាព ការទាញយក​ផលប្រយោជន៍​ចូល​ថវិកាជាតិ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ទាំងមូល នៅមានកម្រិត​តិចតួច​នៅឡើយ ឬ​និយាយ​ឲ្យ​ចំ​កម្ពុជា​បាន​ផល​តិចតួច​នៅឡើយ​ពី​វិស័យនេះ​ក្នុងពេល​កន្លងមក​។ ដោយ​ការបើក​ឲ្យ​ក្រុមហ៊ុន​បរទេស​វិនិយោគ ពិសេស​ការចាប់ផ្ដើម​ទាញយក​ផល​កម្រិត​ឧស្សាហកម្ម​ចាប់ពី​ចុងឆ្នាំ​២០១៩ ចំណូល​ថវិកាជាតិ​ពី​វិស័យ​រ៉ែ​នឹង​ស្ទុះ​ឡើង ប៉ុន្តែ​ចំពោះ​ការទាញយក​ប្រយោជន៍​សេដ្ឋកិច្ច​ធំធេង​ពី​សម្បត្តិ​ទាំងនេះ គឺ​អាស្រ័យ​ការបណ្ដុះបណ្ដាល​ពលកម្ម​ជំនាញ និង​បង្កើត​ផលិតផល​-​សេវា​ពាក់ព័ន្ធ​សម្រាប់​ផ្គត់ផ្គង់​អាជីវកម្ម​រ៉ែ​នីមួយៗ​ឲ្យ​បាន​ច្រើន​បំផុត ដើម្បី​ជំនួស​ឲ្យ​ការ​នាំចូល​លើសលុប​ដូច​សព្វថ្ងៃ​។


 
​បើ​មើ​លពី​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ ក្នុង​ឆ្នាំ​២០១៨ គឺមាន​ចំនួន ១៨​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ទោះ​នៅ​តិច តែ​ទំហំ​នេះ​បានបង្ហាញ​ពី​ការកើនឡើង​។ លោក ប៉េង ណា​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពួកយើង​អត់​ពេញចិត្ត​សោះ ទោះបី​មាន​កំណើន​តាំងពី ២​លាន​ដុល្លារ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ កើន​ដល់ ១៨​លាន​ដុល្លារ ព្រោះ​គោលដៅ​យើង​ឆ្នាំ​២០១៨ ចង់បាន​២០​លាន​ដុល្លារ​។ យើង​រកឃើញ​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែលម្អ​ឡើងវិញ​»​។​
 
​មានការ​ផ្ដល់យោបល់​ថា រដ្ឋាភិបាល​គួរ​យក​ចំណូល​វិស័យ​រ៉ែ ទៅ​ទ្រទ្រង់​វិស័យ​ណាមួយ ឬ​វិស័យ​មួយចំនួន ឲ្យ​ច្បាស់​តែម្ដង ពោលគឺ​ក្នុង​រ៉ែ ដាក់​សម្រាប់​ចិញ្ចឹម​ណាមួយ​ឲ្យ​ចំ​តែម្ដង​។ ប៉ុន្តែ​ដោយ​ទំហំ​ចំណូល​នៅ​តិច លោក ប៉េង ណា​វុ​ធ ប្រាប់ថា​ធ្វើបែបនេះ​មិនទាន់​អាចទៅរួច​ទេ​។ «​ចំណូល​ដ៏​តិច ទន្ទឹមនឹង​តម្រូវការ​ដ៏​ច្រើន តើ​យើង​យកទៅ​បែងចែក​ដូចម្ដេច​? ឧទាហរណ៍​ថា ១៨​លាន​ដុល្លារ​នេះ​ដាក់​ចូលក្នុង​វិស័យ​អប់រំ​ទាំងអស់​ដើម្បី​ជួយ​វិស័យ​អប់រំ​, ចុះ​សុខាភិបាល​របៀប​ម៉េច ហេដ្ឋារចនាសម្ព័ន្ធ​របៀប​ម៉េច​? ដូចនេះ​ទឹកប្រាក់​តិច​តួ​ចណឹង​ដាក់ចូល​កញ្ចប់​ថវិកាជាតិ ហើយ​បែងចែក​។ តែបើ​ឧទាហរណ៍​ថា​ចំណូល​រ៉ែ​មួយកន្លែង​មាន​មួយរយ​ពីរលាន​ដុល្លារ នោះ​ទើប​យើង​អាច​យកទៅ​ធ្វើ​យ៉ាងម៉េច​»​។​
 
​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​រូបនេះ​អះអាងថា ក្រសួង​ប្រឹងប្រែង​ឲ្យ​ការប្រមូល​ចំណូល​វិស័យ​រ៉ែ គឺធ្វើឡើង​ប្រកបដោយ​តម្លាភាព​។ «​តែ​យ៉ាងណាក៏ដោយ​ការខិតខំ​របស់​ក្រសួង​រ៉ែ គឺ​ការប្រមូល​ចំណូល និង​ចំណាយ ប្រកបដោយ​តម្លាភាព​»​។ ម្យ៉ាងទៀត លោក ប៉េង ណា​វុ​ធ ឲ្យ​ដឹង​បន្ថែមថា ក្រសួង​រ៉ែ​កំពុងធ្វើការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ដាក់​ចំណូល​ពន្ធ​ពី​អាជីវកម្ម​រ៉ែ ឲ្យ​ដាច់ដោយឡែក​ពី​ចំណូល​ពន្ធ​ដទៃទៀត ដើម្បី​ឲ្យ​មើលឃើញ​ទំហំ​ចំណូល​វិស័យ​រ៉ែ​កាន់តែ​ធំ​ជាង​នេះ​។ បានសេចក្ដីថា ចំណូល​មិនមែន​សារពើពន្ធ ដូចជា​កម្រៃ​សេវាកម្ម​សាធារណៈ អាជ្ញា​បណ្ណ សួយ​សារ គឺ​មួយផ្នែក​ហើយ តែ​ឲ្យ​មើលឃើញ​ចំណូល​ពន្ធ​ថា​បាន​ប៉ុន្មាន​ទៀត​។​
 
​ងាក​មក​ការរួមចំណែក​របស់​វិស័យ​រ៉ែ ក្នុង​សេដ្ឋកិច្ចជាតិ​វិញ​។ បើតាម​ឯកសារ​ធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ (CPS) ដែល​យក​ប្រភពពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  វិស័យ​រ៉ែ​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ទំហំ ១,៨​ភាគរយ​នៃ GDP (​ប្រហែល​រង្វង់ ៤០០​លាន​ដុល្លារ​) ។ របាយការណ៍​បង្ហាញថា ទោះបី​ការរួមចំណែក​នេះ​មាន​ទំហំ​តិចតួច តែ​ទំហំ​នេះ​កំពុង​កើនឡើង ដោយ​ត្រឹម​ឆ្នាំ​២០១៣ ការ​រួ​ចំណែក​នេះ​នៅក្រោម​១​ភាគរយ​នៅឡើយ​នៃ GDP ។​
 
​ការវិនិយោគ​ក្នុង​សកម្មភាព​អាជីវកម្ម​រ៉ែ ក្នុង​ចន្លោះ​ឆ្នាំ​២០១៣-២០១៧ គឺ​មានតែ​ឆ្នាំ​២០១៦ ដែល​ស្ទុះ​ឡើង​ខ្លាំង ១០២​លាន​ដុល្លារ និង​ឆ្នាំ​២០១៤​គឺ ៥៤​លាន​ដុល្លារ  ក្រៅពីនេះ​តិចតួច​ប៉ុណ្ណោះ​។ ទឹកប្រាក់​ទាំងនោះ​ភាគច្រើន​ពី​ដាក់​ចូលក្នុង​រោងចក្រ​ផលិត​ស៊ី​ង​ម៉​ង់​ត៍ ការរុករក​រ៉ែ​មាស និង​ការរក​រក​ប្រេង​នៅ​ប្លុក​A ។ តែ​ដល់​ឆ្នាំ​២០១៨ ទំហំ​វិនិយោគ​ត្រូវប៉ាន់​ស្មានថា​មាន​ទំហំ​រហូតដល់ ១៥០​លាន​ដុល្លារ ហើយ​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ឡើងជា​បន្តបន្ទាប់​តាមរយៈ​ការបញ្ចេញ​ទុន​ក្នុង​អាជីវកម្ម​បូម​ប្រេង​ប្លុក​A  អាជីវកម្ម​ទាញ​រ៉ែ​មាស រោងចក្រ​ស៊ីម៉ង់ត៍ និង​សកម្មភាព​អាជីវកម្ម​រ៉ែ​ផ្សេងទៀត​។​
 
​អត្ថប្រយោជន៍​ពី​វិស័យ​រ៉ែ ត្រូវបាន​ជឿជាក់ថា​នឹង​ចាប់ផ្ដើម​ហុច​ផល​ខ្លាំង​ពី​ឆ្នាំ​២០១៩ ពិសេស​ទៅលើ​សន្ទុះ​ថវិកាជាតិ​។ លោក ម៉េង សក្ដិ​ធារ៉ា ឲ្យ​ដឹងថា រដ្ឋាភិបាល​បានចាត់ទុក​ចន្លោះពេល​ឆ្នាំ​២០១៩-២០២៣ ជា​រយៈពេល​ប្រមូល​ផល​ពី​វិស័យ​រ៉ែ ព្រោះ​គម្រោង​ធំៗ​ខ្នាត​ឧស្សាហកម្ម​នឹង​ចាប់ផ្ដើម​ទាញយក​ផល​។ 
 
«​បើ​យើង​រាប់​ពី​២០១៩ ដល់​២០២៣ ក្រសួង​រ៉ែ​បាន​ចាត់ទុកជា​អាណត្តិ​ប្រមូល​ផល ដោយសារ​ជា​អាណត្តិ​ចាប់ផ្ដើម​ឧស្សាហកម្ម​ធំៗ ក្នុងនោះ​រួមមាន​ការ​ចម្រាញ់​រ៉ែ​មាស​រតនគិរី និង​មណ្ឌលគិរី ការ​បូម​ប្រេង​ឆៅ ហើយ​អាចមាន​ឧស្សាហកម្ម​គីមី​ប្រេងកាត​មួយចំនួន​បន្ទាប់ពី​ការ​បូម​ប្រេង​នោះ ព្រមទាំង​ការងា​កមក​ប្ដូរ​ប្រភព​អគ្គិសនី ដែល​ពឹង​ផ្អែកលើ​វា​រី​អគ្គស​នី និង​នាំចូល​ពី​គេ ប្រហែលជា​ក្នុង​អាណត្តិ​នេះ​យើង​ជំរុញ​ថាមពល​អគ្គស​នី​ដើរ​ឧស្ម័ន​ធម្មជាតិ ហើយ​រោងចក្រ​ស៊ី ម៉​ង់​ក៏​ដើរ​ពេញ​សមត្ថភាព​ផងដែរ​»​។ លោក ម៉េង សក្ដិ​ធារ៉ា ថ្លែង​បែបនេះ​។​
 
​គម្រោង​ទាំងនេះ​នឹង​ជំរុញ​សន្ទុះ​ប្រាក់ចំណូល​ក្នុង​ថវិកាជាតិ ក៏ដូចជា​ពង្រីក​ការរួមចំណែក​របស់​វិស័យ​រ៉ែ​ក្នុង​សេដ្ឋកិច្ចជាតិ​កាន់តែ​ធំ​។ ប្រយោជន៍​សំខាន់​ជាងគេ គឺ​សេដ្ឋកិច្ច​ទាំងមូល ពោលគឺ​លើសពី​ពន្ធអាករ​សួយ​សារ​។ ប៉ុន្តែ​ការចាប់យក​អត្ថប្រយោជន៍​ទូទៅ​ឲ្យ​បាន​ធំធេង​នេះ ហាក់​មិន​ច្បាស់លាស់​នោះទេ​។ លោក សក្ដិ​ធារ៉ា លើកឡើង​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​ផលប្រយោជន៍​វា​ធំធេង លើសពី​ចំណូល​ពន្ធដារ គឺ​ទាល់តែ​យើង​ជំរុញ​ការប្រើប្រាស់​ទំនិញ​សេវា​ឲ្យ​បាន​ច្រើន ព្រោះថា​ពេល​ចាប់ផ្ដើម​ដំបូង ដោយសារ​ប្រទេស​យើង​នៅ​ខ្វះខាត​ធនធានមនុស្ស និង​គ្រឿង​ឧស្សាហកម្ម​សម្រាប់​គាំទ្រ​វិស័យ​រ៉ែ យើង​នាំចូល​ច្រើនណាស់​។ ឧទាហរណ៍​ការចាប់ផ្ដើម​ផលិតកម្ម​ប្រេង​ដំបូង គឺ​ការផ្គត់ផ្គង់​ទំនិញ​សេវា ជំនាញ គឺ​ពី​ក្រៅប្រទេស​ទាំងអស់​។ យើង​ផ្គត់ផ្គង់​លើ​សេវាកម្ម​ផ្សេងៗ​តិចតួច​ប៉ុណ្ណោះ​»​។ 
 
​លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​បើ​យើង​រៀបចំ​ផ្នែក​ធនធានមនុស្ស និង​ឧ​ស្សហកម្ម​គាំទ្រ​បានល្អ ក្រោយ​ឆ្នាំ​២០២៣ ទើប​យើង​ទទួលបាន​ផល​ល្អ តែបើ​មិន​ដូច្នោះ​ទេ​បាន​ផល​មិន​ពេញលេញ​ទេ​»​។​
 
​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​២​ខែមេសា អង្គការ Oxfam បានរៀបចំ​វេទិកា​អភិបាល​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​លើក​ទី​៧​ស្ដីពី​ទស្សនវិស័យ​រ៉ែ ប្រេង និង​ឧស្ម័ន​ឆ្នាំ​២០១៩ និង​អនាគត​» ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ អ្នកសេដ្ឋកិច្ច និង​តំណាង​សហគមន៍​។ តាមរយៈ​វេទិកា​នេះ តំណាង​សហគមន៍​បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ជុំវិញ​ផលប៉ះពាល់​ជីវភាព​រស់នៅ​របស់ខ្លួន​ពី​គម្រោង​ខួង​រ៉ែ ដូចជា​ខូចខាត​បរិស្ថាន បាត់បង់​ដើមឈើ​សម្រាប់​យក​ជ័រ​ជាដើម​។ តែ​យ៉ាងណា​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ ដែលជា​អ្ន​ន​អនុវត្ត​ផ្ទាល់ ចូលរួម​ក្នុង​វេទិកា​នេះ​មាន​តិចតួច​ប៉ុណ្ណោះ ដែល​ពិបាកធ្វើ​ឲ្យ​បញ្ហា​ផ្សេង​ត្រូវបាន​ដោះស្រាយ​។ លោកស្រី លឹម សូ​លីន នាយិកា​ប្រចាំ​ប្រទេស​អង្គការ​Oxfam បាន​ជំរុញ​ឲ្យ​ស្ថាប័ន និង​អ្នកពាក់ព័ន្ធ ត្រូវធ្វើ​ឲ្យ​គម្រោង​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា​ទាំងអស់ ត្រូវតែមាន​តម្លាភាព និង​គណនេយ្យភាព​។ ព្រម​ជាមួយគ្នា​លោកស្រី​ជំរុញ​ឲ្យ​ភាគី​ទាំងបី រដ្ឋាភិបាល ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ ត្រូវតែ​ជជែក ស្ដាប់​កង្វល់ និង​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​ជុំវិញ​ការអនុវត្ត​គម្រោង​រ៉ែ​តាម​តំបន់​នីមួយៗ​។​
 
​រដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ​ជាតិ​ស្ដីពី​ធនធាន​រ៉ែ​រយៈពេល​១០​ឆ្នាំ ២០១៨-២០២៨ ហើយ​ដែល​ក្រសួង​រ៉ែ​បាន​ផ្សព្វផ្សាយ​ចាប់ពី​ចុងឆ្នាំ​មុននេះ​។ គោលនយោបាយ​នេះ​សំដៅលើ​រ៉ែ ដែល​មិនមែន​ប្រេង​និង​ឧស្ម័ន ហើយ​ធ្វើការ​តម្រង់ទិស​ការគ្រប់គ្រង​វិស័យ​រ៉ែ​ឲ្យ​មាន​ចីរភាព ដោះស្រាយ​ផលប៉ះពាល់ និង​ប្រមូល​ចំណូល​ឲ្យ​មាន​ប្រសិទ្ធភាព​៕
 

Tag:
 រ៉ែ​
  ម៉េង សក្ដិ​ធារ៉ា​
  ប៉េង ណា​វុ​ធ​
© រក្សាសិទ្ធិដោយ thmeythmey.com