ជាតិ
សេដ្ឋកិច្ច
លោក ប៉ាន សូរស័ក្តិ ស្នើឲ្យវិនិយោគិនក្នុងវិស័យវាយនភណ្ឌគោរពច្បាប់ការងារ
× ក្រសួងពាណិជ្ជកម្ម ស្នើឲ្យវិនិយោគិន និងស្ថាប័នពាក់ព័ន្ធនានា ក្នុងវិស័យវាយនភណ្ឌត្រូវគោរពតាមបទបញ្ញត្តិនៃលក្ខខណ្ឌការងារឲ្យកាន់តែប្រសើឡើង ក្នុងការជំរុញឲ្យទីផ្សាវាយនភណ្ឌកម្ពុជា ប្រកួតប្រជែងលើទីផ្សារ និងក្លាយជាប្រទេសគោលដៅ សម្រាប់ការបញ្ជាទិញពីអន្តរជាតិធំៗ។ សម្រាប់សហជីព រដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តច្បាប់ ចំពោះថៅកែរោងចក្រដែលរំលោភសិទ្ធការងារ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរសក្តិ បានស្នើឲ្យស្ថាប័នពាក់ព័ន្ធ លុបបំបាត់ការរំលោភសិទ្ធការងារឱ្យបានទាំងស្រុង ហើយអនុលោមតាមបទបញ្ញត្តិនៃលក្ខខណ្ឌការងារ ដើម្បីលើកកម្ពស់កិត្តិនាមឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងស្បែកជើងកម្ពុជាសំដៅទាក់ទាញការបញ្ជាទិញកាន់តែច្រើនពីទីផ្សារអន្តរជាតិធំៗ នៅក្នុងពិភពលោក។ ការថ្លែងរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដើម្បីតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមនានា ជុំវិញឧស្សាហកម្មវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ។
ដ្បិតមានការអំពាវនាវពីរដ្ឋមន្ត្រីពាណិជ្ជកម្មបែបនេះក្តី ប៉ុន្តែវាក៏មិនអាចធានាបានថា ការរំលោភសិទ្ធិការងារត្រូវបំបាត់ទាំងស្រុងដែរ។ លោក អាត់ ធន ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (CCAWDU) ដែលដឹងពីបញ្ហាកម្មករនោះ បាននិយាយថា ស្ថានភាពសិទ្ធិកម្មករក្នុងវិស័យវាយនភណ្ឌនៅតែជួបការលំបាក និងមិនទាន់មានភាពប្រសើឡើងនោះទេ ។ បញ្ហាដែលលោក អាត់ ធន បានមើលឃើញនោះ គឺបញ្ហាលក្ខខណ្ឌការងារបស់កម្មកររោងចក្រ ប្រាក់ឈ្នួលនៅតិច និងសុវត្តិភាពនៅកន្លែងធ្វើការ និងបញ្ហាប្រឈមនៃសហជីពឯករាជ្យជាដើម។
ដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិការងារឲ្យបានទាំងស្រុងនោះ លោក អាត់ ធន យល់ឃើញថា រដ្ឋាភិបាលគួរតែដាក់ចេញនូវវិធានការផ្លូវច្បាប់ឲ្យរឹងមាំថែមទៀត ទៅលើថៅកែរោងចក្រប្រព្រឹត្តខុស គួរតែបិតរោងចក្រ ឬជាប់ពន្ធនាគារ។ លោកបានអះអាងថាតាមបទពិសោធដែលលោកធ្វើការលើវិស័យនេះ មិនដែលឃើញថៅតែរោងចក្រប្រឈមផ្លូវច្បាប់នោះទេ ហើយពេលខ្លះមានអ្នកមានអំណាចជួយការពារថោកែទៀតផង។ លោកបានស្នើឲ្យដល់រដ្ឋាភិបាលថា ក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលគួរតែតាមដានការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព និងដាក់ទោសទណ្ឌលើអ្នកប្រព្រឹត្ត ទើបជារឿងដែលល្អប្រសើរ និងផ្តល់ទំនុកចិត្តដល់អ្នកបញ្ជាទិញ។
លោកបាននិយាយថា៖«គាត់ (ថៅកែ) ធ្វើខុសមិនដែលមានបញ្ហាអ្វីផង មានតែចាប់កម្មករដាក់គុក មិនដែលចាប់ថៅកែផង។ នៅស្រុកគេគេចាប់ បើសិនថៅតែខូច។ ដូច្នេះថៅកែម៉េចហ៊ានខូច។ យើង(កម្ពុជា)មិនដែលមាននរណាចាប់ថៅកែដាក់គុកផង ចាប់តែកម្មករ ដូច្នេះថៅកែនៅតែរំលោភសិទ្ធិការងារ។ ពេលខ្លះមានអ្នកធំនៅកាងពីក្រោយទៀត ឬអ្នកធំធ្វើទីប្រឹក្សាឲ្យក្រុមហ៊ុនទៀត ដូច្នេះថៅកែកាន់តែលែងខ្លាចឡើង»។
កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដែលបានធ្វើការអង្កេតទៅលើប្រតិបត្តិការរោងចក្រមួយចំនួននៅក្នុងប្រទេសកម្ពុជា រកឃើញថាលក្ខខណ្ឌការងារក្នុងរោងចក្រកាត់ដេរនៅកម្ពុជា កំពុងមានភាពប្រសើរឡើង និង ពលកម្មកុមារនៅក្នុងវិស័យនេះបានថយចុះផងដែរ។ ប៉ុន្តែការរំលោភសិទ្ធិនៅតែមានដូចជា ការរើសអើង, ការងារដោយបង្ខំ, សេរីភាពនៃការបង្កើតអង្គការវិជ្ជាជីវៈនៅតែមានបញ្ហាច្រើន។ ILO ស្នើឲ្យរោងចក្រកាត់ដេរទាំងអស់ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍របស់ ILO ឆ្នាំ២០១៨។
សូមជម្រាបថា វិស័យកាត់ដេរបានបង្កើតចំណូលជាង៧០ភាគរយ នៃចំណូលនាំចេញសរុបរបស់កម្ពុជា ហើយពលរដ្ឋកម្ពុជាជាង ៦៥០, ០០០នាក់ កំពុងធ្វើការក្នុងវិស័យនេះ ដែលភាគច្រើនជាស្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com