ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន Darlan Martins ត្រឡប់​ទៅ​ព្យាបាល​នៅ​ប្រេ​ស៊ី​ល ក្រោយ​រងរបួស​ស្មា​ធ្ងន់ធ្ងរ​
កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន Darlan Martins ត្រឡប់​ទៅ​ព្យាបាល​នៅ​ប្រេ​ស៊ី​ល ក្រោយ​រងរបួស​ស្មា​ធ្ងន់ធ្ងរ​
04, Apr 2019 , 6:19 pm        
រូបភាព
កីឡាករ Darlan Martins ពេលប្រកួតជាមួយក្រុមបឹងកេតកាលពីពេលកន្លងមក, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
កីឡាករ Darlan Martins ពេលប្រកួតជាមួយក្រុមបឹងកេតកាលពីពេលកន្លងមក, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Darlan Martins បាន​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល​ភ្លាមៗ ដើម្បី​ព្យាបាល​របួស​ស្មា​ដែល​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មីៗ​។ ខ្សែប្រយុទ្ធ​កណ្តាល​រូបនេះ នឹង​អវត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​របស់​ភ្នំពេញ​ក្រោ​ន ដែល​ត្រូវ​តទល់​ជាមួយ​ក្រុម​វិសាខា​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​សប្តាហ៍​នេះ​។

 
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​កណ្តាល​ជនជាតិ​ប្រេ​ស៊ី​ល Darlan Martin បាន​រងរបួស​ស្មា​យ៉ាងធ្ងន់ធ្ងរ​។ ទោះបី​ក្លិប មិនបាន​បញ្ជាក់​ពី​មូលហេតុ នៃ​បញ្ហា​របួស​របស់​ខ្សែប្រយុទ្ធ​រូបនេះ តែ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ថា បញ្ហា​របួស​ស្មា​របស់ Darlan កើតឡើង​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ នា​អំឡុងពេល​លី​ក​កំពូល​សម្រាក​កាលពីពេល​ថ្មីៗ​។​
 
«​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ក៏ដូចជា​អ្នកគាំទ្រ​ឲ្យ​បាន​ជ្រាបថា កីឡាករ Darlan Martins ដែលជា​ខ្សែប្រយុទ្ធ​កណ្តាល​របស់​យើង បាន​ចាក​ចេញទៅ​ប្រទេស​ប្រេ​ស៊ី​ល ដើម្បី​ព្យាបាល​បញ្ហា​របួស ក្រោយ​រូបគេ​ត្រូវ​ទទួលរង​ការប៉ះទង្គិច​ស្មា​យ៉ាងធ្ងន់ធ្ងរ​នាពេល​កន្លងមក​»​។ នេះ​ជាការ​រៀបរាប់​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​។ 
 
​ដោយសារ​ស្ថានភាព​របួស​ស្មា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ខ្សែប្រយុទ្ធ​រូបនេះ បានសម្រេច​ចាកចេញ​ពី​កម្ពុជា​ទៅ​ព្យាបាល​របួស​នៅ​ស្រុកកំណើត​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។ បញ្ហា​របួស​នេះ អាចធ្វើ​ឲ្យ​រូបគេ​អវត្តមាន​លើ​ទីលាន​ប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​មួយរយៈ​ធំ​ក៏​ថា​បាន​។ 
 
​តែ​ចំពោះមុខ​ខ្សែប្រយុទ្ធ​កណ្តាល​រូបនេះ នឹង​អវត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​មួយ​របស់​ភ្នំពេញ​ក្រោ​ន​ជាមួយ​ក្រុម​វិសាខា​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​៣ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ នា​កីឡដ្ឋាន Smart RSN​។ ពីរ​ប្រកួត​កន្លងមក ភ្នំពេញ​ក្រោ​ន គឺ​ចាញ់​បឹងកេត ៣-២ ក្នុងជំនួប​បើកឆាក និង​ឈ្នះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ២-០​។​
 
Darlan Martins បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​។ ក្រៅពី​ប្រកួត​ក្រៅផ្លូវការ កីឡាករ​រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ផ្លូវការ​របស់​ភ្នំពេញ​ក្រោ​ន​មួយ​លើក​ក្នុងជំនួប​ចាញ់​បឹងកេត ៣-២៕   
 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Darlan Martins
© រក្សាសិទ្ធិដោយ thmeythmey.com