កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធភ្នំពេញក្រោន Darlan Martins ត្រឡប់ទៅព្យាបាលនៅប្រេស៊ីល ក្រោយរងរបួសស្មាធ្ងន់ធ្ងរ កីឡាករ Darlan Martins ពេលប្រកួតជាមួយក្រុមបឹងកេតកាលពីពេលកន្លងមក, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
× ខ្សែប្រយុទ្ធប្រេស៊ីល Darlan Martins បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសប្រេស៊ីលភ្លាមៗ ដើម្បីព្យាបាលរបួសស្មាដែលប៉ះទង្គិចធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗ។ ខ្សែប្រយុទ្ធកណ្តាលរូបនេះ នឹងអវត្តមានក្នុងជំនួបដ៏សំខាន់របស់ភ្នំពេញក្រោន ដែលត្រូវតទល់ជាមួយក្រុមវិសាខាក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅសប្តាហ៍នេះ។
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបញ្ជាក់ថា ខ្សែប្រយុទ្ធកណ្តាលជនជាតិប្រេស៊ីល Darlan Martin បានរងរបួសស្មាយ៉ាងធ្ងន់ធ្ងរ។ ទោះបីក្លិប មិនបានបញ្ជាក់ពីមូលហេតុ នៃបញ្ហារបួសរបស់ខ្សែប្រយុទ្ធរូបនេះ តែសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា បញ្ហារបួសស្មារបស់ Darlan កើតឡើងក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នាអំឡុងពេលលីកកំពូលសម្រាកកាលពីពេលថ្មីៗ។
«ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រឲ្យបានជ្រាបថា កីឡាករ Darlan Martins ដែលជាខ្សែប្រយុទ្ធកណ្តាលរបស់យើង បានចាកចេញទៅប្រទេសប្រេស៊ីល ដើម្បីព្យាបាលបញ្ហារបួស ក្រោយរូបគេត្រូវទទួលរងការប៉ះទង្គិចស្មាយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក»។ នេះជាការរៀបរាប់របស់ក្លិបភ្នំពេញក្រោន។
ដោយសារស្ថានភាពរបួសស្មាមានលក្ខណៈធ្ងន់ធ្ងរ ខ្សែប្រយុទ្ធរូបនេះ បានសម្រេចចាកចេញពីកម្ពុជាទៅព្យាបាលរបួសនៅស្រុកកំណើតនៅប្រទេសប្រេស៊ីល។ បញ្ហារបួសនេះ អាចធ្វើឲ្យរូបគេអវត្តមានលើទីលានប្រកួតជាមួយក្រុមភ្នំពេញក្រោនមួយរយៈធំក៏ថាបាន។
តែចំពោះមុខខ្សែប្រយុទ្ធកណ្តាលរូបនេះ នឹងអវត្តមានក្នុងជំនួបដ៏សំខាន់មួយរបស់ភ្នំពេញក្រោនជាមួយក្រុមវិសាខាក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៣ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នាកីឡដ្ឋាន Smart RSN។ ពីរប្រកួតកន្លងមក ភ្នំពេញក្រោន គឺចាញ់បឹងកេត ៣-២ ក្នុងជំនួបបើកឆាក និងឈ្នះយុវជនអាយុក្រោម១៨ឆ្នាំបាទី ២-០។
Darlan Martins បានចូលរួមជាមួយក្លិបភ្នំពេញក្រោនកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨។ ក្រៅពីប្រកួតក្រៅផ្លូវការ កីឡាកររូបនេះបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការរបស់ភ្នំពេញក្រោនមួយលើកក្នុងជំនួបចាញ់បឹងកេត ៣-២៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
Darlan Martins
© រក្សាសិទ្ធិដោយ thmeythmey.com