កីឡាអន្តរជាតិ
អន្តរជាតិ
Floyd ធ្វើ​ស៊ី​អ្នកកាសែត​ហ្វីលីពីន​ឲ្យ​រង់ចាំ​នៅ​សន្និសីទ​ព័ត៌មាន ៨​ម៉ោង​
05, Apr 2019 , 8:39 am        
រូបភាព
​កំពូល​អ្នក​ប្រដាល់ Floyd Mayweather Jr. នៅ​ថ្ងៃទី​២ ខែមេសា បានសម្រេច​ចិត្ត​មិន​បង្ហាញខ្លួន​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់ខ្លួន​ក្នុង​សណ្ឋាគារ​មួយ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ឡើយ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកយកព័ត៌មាន​ហ្វីលីពីន​រង់ចាំ​រូបគេ​អស់​រយៈពេល​៨​ម៉ោង​។


 
​តាម​ការគ្រោងទុក អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​របស់​អាមេរិក​រូប​នេះ​ត្រូវ​បង្ហាញខ្លួន​នៅ​ម៉ោង ៣:០០​នាទី​រសៀល ប៉ុន្តែ​អវត្តមាន​នេះ​បានធ្វើ​ឲ្យ​អ្នកកាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ខាត​ពេល​រង់ចាំ​រហូតដល់​ម៉ោង ១១:០០​នាទី​យប់​ឯណោះ​។​
 
Floyd វ័យ​៤២​ឆ្នាំ​ដែល​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់ និង​បាន​ផ្តួល Manny Pacquiao ក្នុងជំនួប​ប្រចាំ​សតវត្សរ៍​កាលពី​ឆ្នាំ​២០១៥ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ដើម្បី​លម្ហែកាយ​នៅលើ​កោះ​មួយ​ឈ្មោះថា Boracay កាលពី​ថ្ងៃទី​៣១ ខែមីនា តាមរយៈ​យន្តហោះ​ឯកជន​របស់គេ​។​


 
​ក្រោយ​ចំណាយពេល​២​ថ្ងៃ​ស្នាក់​នៅលើ​កោះ​ដ៏​ស្រស់ស្អាត​ហើយ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​រូបនេះ បាន​បន្ត​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ម៉ានីល​ព្រមទាំង​បាន​ជួប​អ្នកឯកទេស​កែ​សម្ផស្ស​ដ៏​ល្បីល្បាញ​ប្រចាំ​នៅ​ហ្វីលីពីន​អ្នកស្រី Vickie Belo ផងដែរ​។​


 អ្នកស្រី Vicki Belo និង Floyd Mayweather នៅហ្វីលីពីន
 
​បន្ទាប់ពីនោះ ក៏មាន​ការរៀបចំ​សន្និសីទ​ព័ត៌មាន​មួយ​ដែល Floyd បាន​យល់ព្រម​ផ្តល់​កិត្តិយស​ចូលរួម​នៅក្នុង​សណ្ឋាគារ​ដែល​រូបគេ​ស្នាក់នៅ​នោះ​តែម្តង​។ ប៉ុន្តែ​យ៉ាងណា ការទន្ទឹងរង់ចាំ​រប​ស់​អ្នកសារព័ត៌មាន​ហ្វីលីពីន​បាន​ត្រឹម​ការខកចិត្ត​ប៉ុ​ណ្តោះ​បើ​ទោះ​ពួកគេ​ត្រូវ​ខាត​ពេល​ដល់​ទៅ​៨​ម៉ោង​ក្តី​។​
 
​បើតាម​ប្រភពពី​ខាងក្នុង​សណ្ឋាគារ​ម្នាក់​បាន​អះអាងថា Floyd ពិតជា​នៅក្នុង​បន្ទប់ ប៉ុន្តែ​រូបគេ​សម្រេចចិត្ត​មិន​ព្រម​ចុះទៅ​ជួប​អ្នក​ទាំងអស់​នោះទេ​៕

Tag:
 ប្រដាល់​
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com