ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែលមាន​ទំហំ​៦០ មេហ្កាវ៉ា​ត់ បានដាក់​ឲ្យ​ដំណើរការ​
ជាតិ
ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែលមាន​ទំហំ​៦០ មេហ្កាវ៉ា​ត់ បានដាក់​ឲ្យ​ដំណើរការ​
05, Apr 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មាន​អានុភាព ៦០ មេហ្កាវ៉ា​ត់ ដើម្បី​ជួយ​បំពេញ​ដល់​ការខ្វះ​អគ្គិសនី​ប្រើប្រាស់​នៅ​ចុងរដូវ​ប្រាំង​ឆ្នាំ​២០១៩ ដែល​ស្ថិតនៅ​ត្មាត​ពង ខេត្តកំពង់ស្ពឺ​។ អាជ្ញាធរ​អះអាងថា ក្នុងដំណាក់កាល​ដំបូង​នេះ ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អាច​បញ្ចេញ​ថាមពល​អគ្គិសនី​បាន​ចំនួន ២០ មេហ្កា​វ៉ា​ត់​។

 
​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​អគ្គិសនី គណៈប្រតិភូ​ក្រសួង​រ៉ែ និង​ថាមពល និង​គណៈប្រតិភូ​អគ្គិសនី​កម្ពុជា ដែល​បាន​ចុះទៅពិនិត្យ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​មាន​ទីតាំងនៅ​ត្មាត​ពង ខេត្តកំពង់ស្ពឺ ទំហំ ៦០ មេហ្កា​វ៉ា​ត់ បន្ទាប់ពី​បានធ្វើ​តេស្ត​សាកល្បង​បញ្ជូន​អគ្គិសនី​ចូល​ប្រព័ន្ធ​បណ្តាញ​ជាតិ​បាន​ដោយ​សុវត្ថិភាព និង​ជោគជ័យ​។ 
 
​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់ផ្ដាច់​ចរន្តអគ្គិសនី ៦​ម៉ោង​ជា​រៀងរាល់ថ្ងៃ ដោយ​ឆ្លាស់​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី​សន្សំសំចៃ​ថាមពល​អគ្គិសនី​ដែល​កំពុង​មានការ​កង្វះ​ខាត​នៅក្នុង​ដើមឆ្នាំ​នេះ ខណៈ​ថ្ងៃ​ចុង​សប្តាហ៍​និង​ថ្ងៃ​បុណ្យជាតិ​ដំណើរការ​ធម្មតា​។ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា ការផ្ដាច់​ចរន្ត​ថាមពល​អគ្គិសនី​នឹង​បន្ត​រហូតដល់​ចុងខែ​ឧសភា លើកលែង​តែមាន​ភ្លៀង​ធ្លាក់​មុន​ចុងខែ​ឧសភា​ប៉ុណ្ណោះ​ទើប​ការផ្គត់ផ្គង់​ត្រឡប់មក​ប្រក្រតី​វិញ​៕
 

Tag:
 អគ្គិសនី​
  ព្រះអាទិត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com