ជាតិ
សង្គមជាតិ
​ជាង ២​ទសវត្សរ៍ ​អាមេរិក​ផ្តល់​ថវិកា​ជាង​១៤០​លាន​ដុល្លារ​គាំទ្រ​កម្ពុជា​បោ​សម្អាត​មីន​
05, Apr 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​ប្រកាសថា អាមេរិក​បាន​ចូលរួម​ផ្តល់​ថវិកា​ប្រមាណ​១៤០​លាន​ដុល្លារ ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់ទុក​ពី​សម័យ​ស​ង្គ្រ​ម​ចន្លោះ​ពី​ឆ្នាំ ១៩៩៣​ដល់​ឆ្នាំ ២០១៨​។ អាមេរិក​វាយតម្លៃថា កម្ពុជា​មានលទ្ធភាព​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​សម្រេចបាន «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥» ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ​កម្ពុជា​ត្រូវការ​ការជួយជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជា​មិត្ត​ដើម្បី​អាច​សម្រេច​គោលដៅ​នេះ​បាន​ជោគជ័យ​។ 

​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​ស្តីពី​របាយការណ៍​ស្តីពី​កម្មវិធី​គាំទ្រ​ការ​បោ​សម្អាត​គ្រឿងផ្ទុះ «Walk The Earth in Safety» នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែមេសា លោក Jerry Guilbert ប្រធាន​កម្មវិធី​នៃ​ការិយាល័យ​ដោះ​និង​កម្ចាត់​គ្រឿងផ្ទុះ​នៃ​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់ថា អាមេរិក​កំពុងធ្វើការ​ជាមួយ​ភាគី​ជាច្រើន​ដើម្បី​ជួយ​គាំទ្រ​ប្រតិបត្តិ​ការដោះមីន​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំកន្លងមក ហើយ​ថវិកា​ជាង ១៤០ លាន​ដុល្លារ​។    
 
«​យើង​ផ្តល់ជំនួយ​ដល់​កម្ពុជា​ដើម្បី​ជួយ​ឲ្យ​ប្រទេស​នេះ​ដោះស្រាយ​បញ្ហា​ជាមួយ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែលជា​មរតក​សង្គ្រាម និង​គ្រឿងផ្ទុះ​ដែល​សេសសល់​ពី​ជម្លោះ​វៀតណាម​។ យើង​កំពុងធ្វើការ​ងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ផ្សេងទៀត​នៅ​កម្ពុជា​។ គិតពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០១៨ អាមេរិក​ចំណាយលុយ​អស់​ប្រហែល ១៤០​លាន​ដុល្លារ​ហើយ​លើ​គម្រោង​នេះ​»​។ 
 
​តាមពិតទៅ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេសមួយ​ដែល​ពោរពេញ​ដោយ​គ្រាប់មីន និង​គ្រឿងផ្ទុះ​ច្រើនជាងគេ ដោយសារ​ប្រទេស​នេះ​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ​អស់​រាប់​ទសវត្សរ៍​មុននឹង​ស្គាល់​សន្តិភាព​ពេញលេញ​នៅក្នុង​ឆ្នាំ ១៩៩៨​។ មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាពិសេស​គ្រាប់បែក​ចង្កោម បន្សល់ទុក​ពី​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម​ដែរ​។​
 
​មកដល់​បច្ចុប្បន្ននេះ អាមេរិក​ជា​ប្រទេស​ដែល​បន្ត​ផ្តល់​ហិរញ្ញវត្ថុ​ច្រើនជាងគេ​លើ​លោក​ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ប្រទេស​ច្រើនជាង ១០០​។ ចាប់ពី​ឆ្នាំ ១៩៩៣​មក អាមេរិក​ចំណាយ​ថវិកា​អស់​លើ ៣,៤ ពាន់​លាន​ដុល្លារ​អាមេរិក​ទូទាំង​ពិភពលោក។​
 
 អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អាមេរិក​ចំណាយ​រហូតដល់ ៥២៨ លាន​ដុល្លារ​ឯណោះ​សម្រាប់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ទាំងមូល ក្នុង​កម្ពុជា​ជា​ប្រទេស​ទី​ពីរ​បន្ទាប់ពី​ឡាវ​ដែល​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ច្រើនជាងគេ​លើ​គម្រោង​បោសសម្អាត​សំណល់​គ្រឿងផ្ទុះ​សម័យ​សង្គ្រាម​នេះ​។ ឡាវ​បានទទួល ៣៩,០៨​ភាគរយ​,  កម្ពុជា​ទទួលបាន ២៧,៣២​ភាគរយ ខណៈ​វៀតណាម​បានទទួល ២៥,៦៩ ភាគរយ​។ 
 
​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកនេះ​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​គួរ​ឲ្យ​កត់​ស​ម្គា​ត់​ក្នុងការ​បោសសម្អាត​មីន​នៅ​ទូទាំង និង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​ដែល​បណ្តា​មកពី​គ្រាប់​មិនទាន់​ផ្ទុះ​។ គិត​ត្រឹម​ឆ្នាំ ២០១៨ កម្ពុជា​បោសសម្អាត​មីន​និង​គ្រឿងផ្ទុះ​ចេញពី​ផ្ទៃដី​ប្រហែល ១៧០០ គីឡូម៉ែត្រ​ការ៉េ ខណៈដែល​មានការ​វាយតម្លៃ​ថា ផ្ទៃដី​ដែលមាន​គ្រឿងផ្ទុះ​សរុប​មាន​ប្រហែល ៣៧០០ គីឡូម៉ែត្រ​ការ៉េ​។​
 
 ចំណែក​ទិន្នន័យ​ជនរងគ្រោះ​វិញ បើតាម​របាយការណ៍រ​បស់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ឬ​ស៊ីម៉ាក់ ពី​ឆ្នាំ ១៩៩៧ ដល់​ខែសីហា​ឆ្នាំ ២០១៨ ចំនួន​អ្នករងរបួស ឬ​ស្លាប់​សរុប​ដោយសារ​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មាន​រហូតដល់ ៦៧៧០៥​នាក់​។ មកដល់​បច្ចុប្បន្ន គេ​វាយតម្លៃថា ជា​មធ្យម​ប្រជាជន​កម្ពុជា​ប្រហែល ១០០​នាក់​ស្លាប់​និង​រងរបួស​ក្នុង​មួយឆ្នាំ​ដោយសារ​បញ្ហា​នេះដែរ​។ 
 
​តាមពិតទៅ របាយការណ៍​របស់​អា​មេ​រិ​ក​ឆ្នាំ ២០១៩ នេះ​ចេញផ្សាយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ទទួល​ថវិកា​២​លាន​ដុល្លារ​ពី​អាមេរិក​ដើម្បី​ទ្រទ្រង់​ប្រតិបត្តិការ​សម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ បើតាម​លោក ហេង រតនា ដែលជា​អគ្គនាយក​មជ្ឈមណ្ឌល​ក​ម្ចា​ត់​មីន​កម្ពុជា ថវិកា​នេះ​អាចជួយ​កម្ពុជា​ដោះមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​លើ​ផ្ទៃដី​ប្រហែល ២៦ គីឡូម៉ែត្រ​ការ៉េ​ឯណោះ​។  
 
​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥ 
 
​មកដល់​បច្ចុប្បន្ន​កម្ពុ​ជាមាន​មហិច្ឆតា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥ ក្រោម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ (​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២៥)​។ ដើម្បី​សម្រេច​គោលដៅ​នេះ​កម្ពុជា កម្ពុជា​ត្រូវការ​ជំនួយ​ប្រហែល ៤០០​លាន​ដុល្លារ​។​
 
​របាយការណ៍ Walk The Earth in Safety កត់សម្គាល់ថា កម្ពុ​ជាមាន​ឧបករណ៍​បច្ចេកទេស​ត្រឹមត្រូវ​ហើយ​ដើម្បី​សម្រេចបាន​បាន​នូវ​គោលដៅ​ដ៏​មាន​មហិច្ឆតា​នេះ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ការប្រឹងប្រែង​ក្នុងការ​សម្រេច​គោល​ដោ​របស់​កម្ពុជា​អាច​នឹងរង​ផលប៉ះពាល់ បើសិនជា​វិភាគទាន​ហិរញ្ញវត្ថុ​ពី​សហគមន៍​អន្តរជាតិ​មានការ​ថយចុះ​ដោយ​ប្រការ​ណាមួយ​នោះ​។ 
 
​ពេល​សាក​សួរថា តើ​អាមេរិក​នឹង​បន្ត​ប្តេជ្ញាចិត្ត​ជួយ​គាំទ្រ​កម្ពុជា​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥ ឬ​យ៉ាងណា មន្ត្រីជាន់ខ្ពស់​អាមេរិក​លោក Jerry Guilbert បាន​បញ្ជាក់ថា អាមេរិក​កំពុងធ្វើការ​ងារ​ច្រើនរួចហើយ​ដើម្បី​ជួយ​កម្ពុជា​​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះដែលសេសសល់​។ លោក​បន្តថា អ្វីដែល​សំខាន់​គឺ អាមេរិក​បាន​គាំទ្រ​គម្រោងជាច្រើនមានការកសាងសមត្ថភាព បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ពី​បញ្ហា​គ្រោះថ្នាក់​នៃ​គ្រាប់មីន និង​កំពុង​សហការ​ជាមួយ​កងទ័ពជើងគោក​កម្ពុជា​ថែមទៀត​លើ​ការបំផ្លាញ និង​ធានា​សន្តិសុខ និង​គ្រប់គ្រង​ស្តុក​ទុក​គ្រាប់រំសេវ​ថែមទៀត​។​
 
​យ៉ាងណាមិញ មន្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ថា ដំណើរការ​បោសសម្អាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ជា​រឿង​លំបាក និង​ជា​ដំណើរការ​យូរអង្វែង ហើយក៏​ត្រូវការ​ការ​ប្រែង​ប្រែង​រយៈពេល​យូរអង្វែង​ដូចគ្នា​។ 
 
​កាលពី​ខែឧសភា​ឆ្នាំ ២០១៨ នាយក​ភា្ន​ក់​ងារ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) កម្ពុជា​លោក Nick Beresford បានបង្ហាញ​ការគាំទ្រ​ចំពោះ​គោលដៅ​ទី ១៨ របស់​កម្ពុជា​ក្នុង​គោលដៅ​​​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​( SDGs) ដែល​សំដៅ​ដល់​ការធ្វើ​យ៉ាងណា​កែប្រែ​កម្ពុជា​ជា​ប្រទេស​គ្មាន​មីន​ត្រឹម​ឆ្នាំ ២០២៥​។ លោក​បាន​គូសបញ្ជាក់ថា គោលដៅ​កម្ពុជា​ពិត​ជាមាន​មហិច្ឆតា​ខ្ពស់ ប៉ុន្តែ​លោក​ជឿជាក់ថា វា​ជា​គោលដៅ​ដែល​អាច​សម្រេច​ទៅរួច​៕

© រក្សាសិទ្ធិដោយ thmeythmey.com