ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណៈរដ្ឋមន្រ្តី ប្រជុំពីច្បាប់គ្រប់គ្រងប្រេងកាត
05, Apr 2019 , 9:00 am        
រូបភាព
គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត។



សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ត្រូវបានតាក់តែងឡើង ស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។ គោលបំណងនៃការតាក់តែងច្បាប់នេះឡើង គឺដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាពនិងប្រសិទ្ធភាព និងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេស។ នេះបើតាមសំណេរដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល (Royal Government Spokeman Unit)។

អង្គភាពអ្នកនាំពាក្យ អះអាងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត មាន៩ជំពូកនិង៧២មាត្រា។ អង្គភាពអ្នកនាំពាក្យ សរសេរយ៉ាងដូច្នេះថា «ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជា រួមទាំងបាតសមុទ្រនិងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀត ដែលកម្ពុជាមានសិទ្ធិអធិបតេយ្យ»៕

© រក្សាសិទ្ធិដោយ thmeythmey.com