ជាតិ
សង្គមជាតិ
ជ្រូក​៤០០​ក្បាល​ងាប់ និង​១០០​ក្បាល​សម្លាប់ចោល​នៅ​រតនគិរី ដោយសារ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​វៀតណាម​
05, Apr 2019 , 12:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជ្រូក​៤០០​ក្បាល​បាន​ងាប់ និង​១០០​ក្បាល​ទៀត ត្រូវបាន​អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតផល​កម្ម​សត្វ ប្រមូល​មក​សម្លាប់ចោល ដោយសារ​មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ឆ្លង​ពី​ប្រទេស​វៀតណាម​។  ជំងឺ​នេះ​បាន​ចម្លង​ទៅ​សត្វ​ជ្រូក​ក្នុង​កសិដ្ឋាន ដែល​នៅក្នុង​ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ាវ​ដាវ  ខេត្ត​រតនគិរី កាលពី​ថ្ងៃទី​២២ ខែមីនា មកម្ល៉េះ​។​


 
​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​និយាយថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ាវ​ដាវ  នោះ បាន​ដោះដូរ​ទំនិញ​ជ្រូក​ជាមួយ​ភាគី​វៀតណាម​ទៅវិញទៅមក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជ្រូក​នៅ​កម្ពុ​ជាមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ បើតាម​លោក តាន់ ផាន់​ណា​រ៉ា រហូតមកដល់​ពេលនេះ​ក្រុមការងារ​របស់លោក កំពុងតែ​ប្រមូល​ទិញ​ជ្រូក​ពី​កសិករ​ចិញ្ចឹម​ជ្រូក​ដើម្បី​សម្លាប់ចោល  ហើយ​ក៏បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដែល​មាននៅ​តំបន់​នោះ​ផងដែរ ដើម្បី​ទប់ស្កាត់​ជំងឺ​មិន​ឲ្យ​រាតត្បាត​ឆ្លងទៅ​តំបន់​ផ្សេងៗ​ទៀតឡើយ ។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក តាន់ ផាន់​ណា​រ៉ា បាន​និយាយ​ដូច្នេះ​ថា​៖ «​ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឲ្យ​រាតត្បាត​ជា​បន្តទៀត​នោះ យើង​ក៏បាន​ចាត់វិធានការ​កំណត់​តំបន់​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​រង្វង់​កាំ​៣​គីឡូម៉ែត្រ គឺ​មិន​ឲ្យ​មាន​ចរាចរណ៍​ការនាំ​ចូល​ស​ត្វ​ជ្រូក​ឡើយ ហើយ​ក្នុង​រង្វង់​កាំ​១០​គីឡូម៉ែត្រ​ទៀត ក្រុមការងារ​របស់​យើង​ក៏​កំពុងតែ​អនុវត្ត និង​ទប់ស្កាត់​ជា​បន្តទៀត​ដែរ​»​។ 
 
​លោក តាន់ ផាន់​ណា​រ៉ា បាន​បន្ថែមថា ជំងឺប៉េស្ត​ជ្រូក​នេះ ទើបតែ​កើត​មានតែ​នៅ​ខេត្ត​រតនគិរី​តែប៉ុណ្ណោះ ហើយ​វា​ក៏​មិនមែនជា​ជំងឺ​ដែល​ចម្លង​ទៅ​មនុស្ស​ឡើយ​។ ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន​ដែល​ជាប់​ប្រទេស​វៀតណាម​ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង និង​មណ្ឌល​គី​រី កុំ​ជួញដូរ​សត្វ​ជ្រូក​ដែលមាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ 
 
​គួរ​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​លើកដំបូង​នៅ​ឆ្នាំ​១៩០៧ នៅ​ប្រទេស​កេ​ន​ញ៉ា ហើយ​វា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ទៅតាម​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក និង​ចុងក្រោយ ជំងឺ​នេះ​បាន​ផ្ទុះឡើង​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប​ក្នុង​ឆ្នាំ​២០១៨ រួច​បន្ត​រាល​ឆ្លង​ចូលក្នុង​ប្រទេស​ចិន ។​បច្ចុប្បន្ន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ កំពុង​បន្ត​រាលដាល​តាម​បណ្តា​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងជើង និង​កណ្តាល​នៃ​ប្រទេស​វៀតណាម​៕
 

Tag:
 ជ្រូក​
 ​ជំងឺ​ប៉េ​ស​ជ្រូក​អា​ហ្វ្រិ​
 ​វៀតណាម​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com