អន្តរជាតិ
លោក ឌូ​ទើ​តេ ប្រាប់​ឲ្យ​ចិន​ឈប់​លូកលាន់​កោះ​មួយ​របស់​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
05, Apr 2019 , 2:31 pm        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​៤ ខែមេសា បាន​ប្រាប់​ឲ្យ​ចិន​បញ្ឈប់​សកម្មភាព​នៅក្បែ​រកោះ​មួយ​ដែល​ហ្វីលីពីន​ត្រួតត្រា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ លោក ឌូ​ទើ​តេ ដែល​ប្រកាន់​នយោបាយ​ទន់ភ្លន់​ដាក់​ចិន​ក្នុង​សំណុំរឿង​រសើប​មួយ​នេះ និយាយ​បែប​ព្រមាន​ថា បើ​ចិន​ហ៊ាន​ប៉ះពាល់​កោះ Thitu របស់​ហ្វីលីពីន បញ្ហា​ធំ​នឹង​កើតមាន​មិន​ខាន​។ លោក​និយាយ​បែបនេះ បន្ទាប់ពី​កប៉ាល់​ចិន​រាប់រយ​គ្រឿង​ធ្វើដំណើរ​ទៅ​កៀក​កោះ​មួយ​នេះ ខណៈ​យោធា​ហ្វីលីពីន​យល់ថា ជា​ទូក​យោធា​ផង​។​

 
​ដ្បិត​ប្រកាន់​ខ្ជាន់​នយោបាយ​ការទូត​សន្តិភាព និង​ទទួលស្គាល់​ពី​សមត្ថភាព​យោធា​មែនពិត លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី​ហ្វីលីពីន ប្រកាន់​ជំហរ​មិន​រាថយ​ឡើយ បើ​ចិន​ហ៊ាន​ប៉ះពាល់​ដែន​កោះ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ នៅ​ថ្ងៃទី​៤ ខែមេសា លោក ឌូ​ទើ​តេ បាន​ប្រាប់​ឲ្យ​ចិន​ដក​ដៃ​ចេញពី​កោះ Thitu ដែលជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន​។ មិនមែនជា​ពាក្យ​ព្រមាន​ឡើយ តែ​លោក ឌូ​ទើ​តេ ចាត់ទុក​សម្ដី​របស់លោក​ជា​ពាក្យ​រំឭក​ទៅកាន់​មិត្ត​ម្នាក់​។​
 
​ការលើកឡើង​របស់លោក ឌូ​ទើត ធ្វើឡើង​បន្ទាប់ពី​មាន​វត្តមាន​ទូក​នេសាទ និង​កប៉ាល់​នៃ​កង​ឆ្មាំ​ការពារ​ឆ្នេរ​របស់​ចិន​ជាច្រើន​គ្រឿង​នៅក្បែរ Thitu ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​ទាមទារ​កម្មសិទ្ធិ​សឹង​ទាំងស្រុង​ទៅហើយ​។ ក្រសួងការបរទេស​ហ្វីលីពីន ក៏​បានចេញ​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​សកម្មភាព​របស់​ចិន ហើយ​ចាត់ទុក​ទង្វើ​បែប​នោះ​ជា​រឿង​ខុសច្បាប់​។ 
 
​តាំងពី​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​មក លោក ឌូ​ទើ​តេ មិនសូវ​និយាយ​រិះគន់​ចិន​ខ្លាំង​ឡើយ​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ ហើយ​លោក​ព្យាយាម​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​មហាអំណាច​អាស៊ី​មួយ​នេះ​។ យ៉ាងណាមិញ ក្នុងករណី​ចិន​ហ៊ាន​ប៉ះពាល់ Thitu លោក ឌូ​ទើ​តេ លើកឡើងថា វា​ជា​រឿង​ផ្សេង ហើយ​លោក​នឹង​បញ្ជា​ឲ្យ​យោធា​ត្រៀមប្រយុទ្ធ​។ លោក​បន្តថា លោក​មិន​អង្វរ​អ្វី​ឡើយ តែ​គ្រាន់តែ​ចង់​ប្រាប់​ឲ្យ​ចិន​ដកថយ​វិញ​ព្រោះ​ហ្វីលីពីន​ក៏មាន​ទាហាន​លើ​កោះ​នោះដែរ​។​
 
​វា​ហាក់ដូចជា​ប្លែក​បន្តិច​ដែល​លោក ឌូ​ទើ​តេ និយាយ​ខ្លាំងៗ​បែបនេះ ព្រោះ​កន្លងមក​លោក​ទទួលស្គាល់​ជាស្រេច​ថា សមត្ថភាព​កងទ័ព​ហ្វីលីពីន​មិន​ដល់​ចិន​ឡើយ ហើយ​សង្គ្រាម​ជាមួយ​ចិន ប្រៀបដូចជា​ការធ្វើអត្តឃាត​ខ្លួន​ដូច្នោះ​ដែរ​។ ថ្មីៗ​នេះ លោក ឌូ​ទើ​តេ ថែមទាំង​និយាយ​ត្រង់ៗ​ថា បើ​ច្បាំង​ជាមួយ​ចិន មី​ស៊ី​ល​ចិន​នឹង​ទៅដល់​រដ្ឋធានី​ម៉ានីល​តែ​៧​នាទី​ប៉ុណ្ណោះ​។ ហេតុនេះហើយ​ទើប​ប្រធានាធិបតី​រូបនេះ​មិនសូវ​និយាយ​រឿង​សង្គ្រាម​ជាមួយ​ចិន​ប៉ុន្មាន​ឡើយ​។​
 
​ជុំវិញ​បញ្ហា​ថ្មីៗ​នេះ ខាង​ក្រុង​ប៉េកាំង​ឯណោះ​វិញ មិន​យល់ឃើញថា ស្ថានភាព​តានតឹង​ខ្លាំង​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៤ ខែមេសា លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លើកឡើងថា ភាគី​ទាំង​ពីរបាន​ផ្លាស់ប្ដូរ​យោបល់​ដោយស្មោះ​ត្រង់​បំផុត​លើ​បញ្ហា​នេះ តែ​លោក​មិនបាន​និយាយ​ដល់​ការតវ៉ា​របស់​ហ្វីលីពីន​ឡើយ​៕
 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
© រក្សាសិទ្ធិដោយ thmeythmey.com