ជាតិ
ក្រសួងអប់រំ សម្រេចផ្ទេរភារកិច្ចគ្រូបង្រៀនម្នាក់ ដែលប្រមូលលុយសិស្ស នៅក្នុងថ្នាក់រៀន
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្ទេរភារកិច្ចគ្រូបង្រៀនម្នាក់ ដែលបានប្រមូលលុយពីសិស្ស នៅក្នុងថ្នាក់រៀន ទៅបម្រើការងារនៅទីចាត់ការសាលារៀនវិញ ក្រោយអនុវត្តខុសពីគោលការណ៍អប់រំរបស់ក្រសួង។ ការសម្រេចរបស់ក្រសួងអបរំនេះ ធ្វើឡើងក្រោយពីពិនិត្យមើលលើវីដេអូឃ្លីប ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ពីសកម្មភាពរបស់គ្រូបង្រៀនរូបនេះ នៅក្នុងថ្នាក់ទី១ នៃសាលាបឋមសិក្សាភូមិឫស្សី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពិនិត្យមើលវីដេអូរួចមក ក្រសួងអប់រំ រកឃើញថា គ្រូបង្រៀនរូបនេះ ពិតជាបានប្រព្រឹត្តខុសដូចការចោទប្រកាន់មែន ខណៈសាមីខ្លួន ក៏បានទទួលស្គាល់កំហុស ហើយព្រមធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរផងដែរ។ ប៉ុន្តែដើម្បីទប់ស្កាត់បាតុភាពអសកម្មបែបនេះ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀននោះ ក្រសួងអប់រំ បានចាត់វិធានការផ្ទេរភារកិច្ចគ្រូបង្រៀនម្នាក់ ដែលបានប្រមូលលុយពីសិស្ស នៅក្នុងថ្នាក់រៀន ទៅបម្រើការងារនៅទីចាត់ការសាលារៀនវិញ។ ចំណែកភារកិច្ចបង្រៀនរបស់អ្នកគ្រូដែលប្រព្រឹត្តខុសគោលការណ៍អប់រំនេះ ត្រូវដាក់គ្រូផ្សេងមកបង្រៀនជំនួស ដើម្បីបន្តនិរន្តភាពសិក្សារបស់សិស្ស។
សេចក្តីប្រកាសព័ត៌មានក្រសួងអប់រំ បានសរសេរដូច្នេះថា៖«ប្រគល់ភារកិច្ចដល់ការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌមានជ័យ និងគណៈគ្រប់គ្រងសាលា ប្រជុំណែនាំឲ្យបានម៉ឺងម៉ាតដល់លោកគ្រូ-អ្នកគ្រូទាំងអស់ ដើម្បីគោរពច្បាប់ស្តីពីការអប់រំ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន»។
បន្ថែមពីមន្ទីក្រសួងអប់រំ ក៏នឹងវិធានការរដ្ឋបាលចំពោះ អ្នកដែលបានប្រព្រឹត្តល្មើសផ្ទុយពីការណែនាំរបស់ក្រសួងអប់រំទៀតផង៕
Tag:
អប់រំ
វិជ្ជាជីវៈ
គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com