ជាតិ
សេដ្ឋកិច្ចកម្ពុជា​ផ្តេកផ្តួល​លើ​«​ចិន​»​ខ្លាំង​អាចមាន​ហានិភ័យ តែ​មន្ត្រី​ថា កម្ពុជា​ប្រឹង​ចាប់ដៃ​គ្រប់ភាគី​
05, Apr 2019 , 3:55 pm        
រូបភាព
កិច្ចពិភាក្សាស្តីពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មលើកម្ពុជារៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាថ្ងៃទី ៤ ខែមេសា។
កិច្ចពិភាក្សាស្តីពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មលើកម្ពុជារៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាថ្ងៃទី ៤ ខែមេសា។
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AmCham Cambodia) រៀបចំ​កិច្ចពិភាក្សា​មួយ​ស្តីពី «​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​និង​ផលប៉ះពាល់​ដែល​អាចមាន​លើ​កម្ពុជា​»​ល្ងាច​ថ្ងៃទី ៤ ខែមេសា​។ ក្នុង​វេទិកា​នេះ​អ្នកជំនាញ​មើលឃើញ ការពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ចិន​អាច​នឹង​នាំមក​នូវ​ផលប៉ះពាល់​ខ្លាំង​សម្រាប់​ការលូតលាស់​របស់​កម្ពុ​ជា ដោយសារ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​យឺត និង​សង្គ្រាម​ពាណិជ្ជកម្ម​ផង​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​កម្ពុជា​អះអាងថា កម្ពុជា​មិនមែន​ពឹងផ្អែក​តែ​លើ​មហាអំណាច​ចិន​តែមួយ​ឡើយ​។ ផ្ទុយទៅវិញ កម្ពុជា​បើកទ្វារ​ចំហរ​សម្រាប់​ការសហការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្រប់ភាគី​ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​

 
​ការរីកចម្រើន​និង​លូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​ជា​រឿង​ដែល​គួរ​ឲ្យ​កោតសរសើរ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ ការ​ងាក​ទៅ​ពឹង​ផ្អែកលើ​វិនិយោគទុន និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដើម្បី​ការលូតលាស់​នៃ​សេដ្ឋកិច្ច​នោះ​ក្លាយ​ក្លាយជា​ក្តីកង្វល់​សម្រាប់​មន្ត្រីជាន់ខ្ពស់​អាមេរិក​។​
 
 «​កម្ពុ​ជាមាន​កំណើនសេដ្ឋកិច្ច​ខ្លាំង​គួរ​ឲ្យ​កោតសរសើរ និង​ជាទី​មោទន​ក្នុង​រយៈពេល ២០​ឆ្នាំ​មក​ចុងក្រោយ​។ ប៉ុន្តែ​រយៈពេល​ពីរ​ឬ​បី​ឆ្នាំ​មកនេះ ការតម្រង់ទិស​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​មានការ​ផ្លាស់ប្តូរ​ខ្លាំង​។ ជំនួស​ឲ្យ​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ដៃគូ​ច្រើន ចិន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាល់​វិស័យ​សំខាន់ៗ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ទៅវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Michael Newbil ភារធារី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​ក្នុង​កិច្ចពិភាក្សា​។ 
 
​ថ្វីបើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​រីក​ធំធាត់​ខ្លាំង ដោយ​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​ក៏ដោយ មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​កត់សម្គាល់ថា ចិន​នាំចូល​កម្ពុជា​រហូតដល់ ៧០​ភាគរយ​ឯណោះ​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។ ចំណែក​ទុនវិនិយោគ​បរទេស​នៅ​កម្ពុជា​វិញ ចិន​កាន់កាប់​អស់ ៧០​ភាគរយក្នុងអំឡុងប្រាំមួយខែដើមឆ្នាំ ២០១៨ កន្លងមក​។ 
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​សង្កត់ធ្ងន់ថា ក្នុង​កាលៈទេស​ដែល​កម្ពុជា​ពឹងផ្អែក​ខ្លាំង​លើ​ដៃគូ​តែមួយ​ដូច្នេះ បើសិនជា​សេដ្ឋកិច្ច​របស់​ចិន​មាន​បញ្ហា វា​ប្រាកដ​ណាស់​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ដូចគ្នា​។  ទោះជា​យ៉ាងណាមិញ លោក Newbill បាន​ក៏​បញ្ជាក់​ឡើងវិញ​ដែរ​ថា អាមេរិក​មិនមែន​ប្រឆាំង​ការចូលរួម​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក​ឡើយ​។ ប៉ុន្តែ​អ្វីដែល​លោក​ចង់ឃើញ​គឺ ចិន​គោរព​តាម​ស្តង់ដា​អន្តរជាតិ​ក្នុង​ការរក្សា​តម្លាភាព នីតិរដ្ឋ និង​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម ឬ​ផ្តល់​កម្ចី​ដោយមាន​និរន្តរភាព​ប៉ុណ្ណោះ​។ 
 
​ទាក់ទិន​នឹង​ក្តីបារម្ភ​របស់​ភាគី​អាមេរិក​ក្នុង​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ចិន លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​លើកឡើងថា លោក​ក៏​មិនឃើញ​មាន​ផលប៉ះពាល់​ណាមួយ​កើតឡើង​ដោយសារ​ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​បរិបទ​សេដ្ឋកិច្ចកម្ពុជា​ឡើយ​។ 
 
«​ខ្ញុំ​មិនទាន់​មើលឃើញ​ពី​ផលប៉ះពាល់​ឬ​ប្រយោជន៍​ណាមួយ​ដែលមាន​លើ​កម្ពុជា ដោយសារតែ​ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ចិន​ឡើយ​នៅពេលនេះ​»​។ លោក និយាយ​បែបនេះ​ដោយ​បន្ថែមថា សម្រាប់​កម្ពុជា​ជា​ប្រទេស​តូច​និង​កំពុង​អភិវឌ្ឍ ការ​ចាប់ដៃ​ជាមួយ​ប្រទេស​ទាំងអស់​តូច​ឬ​ធំ​ជា​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​របស់​កម្ពុជា​។​
 
​និយាយ​ពី​ការពឹងផ្អែក​ខ្លាំង​លើ​វិនិយោគទុន​បរទេស​ជាពិសេស​ចិន​នេះ លោក សុក ស៊ីផាន់ណា បាន​ពន្យល់​បន្ថែមថា មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​កន្លងមក​គឺ​ស្ទើ​តែ​ស្មើ​សូន្យ​ទៅហើយ​ដោយសារ​បញ្ហា​សង្គ្រាម​។ ដូច្នេះ កម្ពុជា​ត្រូវការ​លំហូរ​ទុនវិនិយោគ​បរទេស​ជាពិសេស​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​ដែលមាន​ជាពិសេស​ពី​ចិន ដើម្បី​បម្រើ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​បង្កើត​បរិយាកាស​សមស្រប​សម្រាប់​សហគ្រិន​វ័យក្មេង​ក្នុងស្រុក​ផង​។​
 
​លោក​បណ្ឌិត មាន​សុ​ទិដ្ឋិ​យម​ខ្ពស់​ចំពោះ​អនាគត​សេដ្ឋកិច្ចកម្ពុជា​ដោយ​លើ​កទ​ល្ហី​ករ​ណ៍​ដែលថា​កម្ពុជា​ជា​សហគមន៍​ពោរពេញ​ដោយ​មនុស្ស​វ័យក្មេង ឬ​យុវជន​ដែលមាន​សក្តានុពល មាន​សមត្ថភាព ចំណេះដឹង គំនិត​ច្នៃប្រឌិត​ខ្ពស់​ដែរ​។ ភាគលាភ​នៃ​ប្រជាសាស្ត្រ​នេះ​នឹង​រួមចំណែក​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ពេលខាងមុខ គ្រាន់តែ​វា​ត្រូវការ​ពេលវេលា​មួយ​សមស្រប​ប៉ុណ្ណោះ​។​
 
«​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​សិន​។ អនាគត​កម្ពុជា​គឺ​ពឹង​ទាំងស្រុង​លើ​ក្មេងៗ​ដែលមាន​គំនិត​ច្នៃប្រឌិត​និង​សហគ្រិនភាព​។ តែ​ពួកគេ​ត្រូវ​បរិយាកាស​មួយ​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​ថាមពល​ថោក  មុន​ពួកគេ​អាច​និង​ពង្រីក​ជំនួញ​របស់គេ​បាន​»​។ 
 
​ដោយឡែក វាគ្មិន​ម្នាក់ទៀត​គឺ លោកស្រី តឹក​រ៉េត កំរង ដែលជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ឆ្លើយតប​ដែរ​នឹង​ការ​ក្តីបារម្ភ​របស់​ភារធារី​ស្ថានទូត​អាមេរិក ដោយ​អះអាង កម្ពុជា​ស្វាគមន៍​គ្រប់ភាគី ហើយក៏​គ្មាន​គោលដៅ​ពឹងពាក់​ភាគី​ណា​ផ្តាច់មុខ​ដែរ​។ 
 
​លោកស្រី​និយាយថា​៖ «​យើង​ដឹងថា យើង​មិនអាច​ផ្តេកផ្តួល​លើ​ប្រទេស​ណាមួយ​ទេ​។ យើង​ត្រូវ​ឈរ​ដោយ​ខ្លួនឯង ហើយ​យើង​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​ដៃគូ​ពាណិជ្ជកម្ម ហើយ​កម្ពុជា​ស្វាគមន៍​រាល់​ប្រទេស​ជា​ដៃគូ​ទាំងអស់​មិន​ថា អាមេរិក ចិន កាណាដា រដ្ឋ​អាស៊ាន អឺរ៉ុប ឬ​អាហ្វ្រិក​ឡើយ​»​។​
 
​តំណាង​ក្រសួងពាណិជ្ជកម្ម​រូបនេះ​ទទួលស្គាល់ថា វា​មាន​កំណើន​វិនិយោគ​បរទេស​ពី​ចិន​មែន​នៅ​កម្ពុជា​បច្ចុប្បន្ន ប៉ុន្តែ​ប្រទេស​ផ្សេងទៀត​ក៏​ចាប់ផ្តើម​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ដូចគ្នា​ដោយសារ ស្ថិរភាព​សេដ្ឋកិច្ច ការបើកចំហរ​នៃ​សេដ្ឋកិច្ច និង​បរិស្ថាន​សង្គម​ដែល​គាំទ្រ​វិនិយោគទុន​បរទេស​។ 
 
«​ឥឡូវនេះ​មាន​ក្រុមហ៊ុន​ជប៉ុន​កាន់តែច្រើន និង​បណ្តា​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន​ផង​នាំគ្នា​មក​បណ្តាក់​ទុនវិនិយោគ​នៅ​កម្ពុជា​។ ត្រង់ចំណុច​នេះ ខ្ញុំ​គិតថា វា​ជា​រឿង​រហ័ស​ពេក​ដែល​ត្រូវ​សន្និដ្ឋានថា ភាព​តានតឹង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ជំរុញ​ឲ្យ​មាន​កំណើន​ក្រុមហ៊ុន​ចិន​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​»​។ លោកស្រី កំរង​បញ្ជាក់​បែបនេះ​។ 
 
​យ៉ាងណាក៏ដោយ លោកស្រី  Yong Sarah Zhou តំណាង IMF ប្រចាំ​កម្ពុជា​យល់ស្រប​នឹង​ក្តីបារម្ភ​របស់​តំណាង​ស្ថានទូត​អាមេរិក​ថា បើសិនជា​សេដ្ឋកិច្ច​ចិន​ថមថយ​សន្ទុះ ប្រទេស​ជាច្រើន​លើ​លោក​នឹងរង​គ្រោះ​មិន​ត្រឹមតែ​កម្ពុ​ជាមួយ​ទេ​។ លោកស្រី​ចង់ឃើញ​កម្ពុជា​បន្ត​បើកចំហរ និង​បង្កើត​ដៃគូ​ឲ្យ​កាន់តែច្រើន មិនមែន​ចាំបាច់​ពឹងផ្អែក​តែ​លើ​ប្រទេស​ណាមួយ​ឡើយ​។ 
 
«​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ និង​មាន​ចំណែក ៣០​ភាគរយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចពិភពលោក​ឲ្យ​លូតលាស់​ដូច​ចិន​មាន​បញ្ហា​ប្រឈម ប្រទេស​ជាច្រើន​រងគ្រោះ​មិន​ត្រឹមតែ​កម្ពុជា​ទេ​»​។ លោកស្រី​និយាយ​បែបនេះ​។ 
 
​យ៉ាងណាមិញ លោកស្រី ប្រមើល​ឃើញថា​ចំនុច​ដែល​កម្ពុជា​ត្រូវ​បារម្ភ​មាន​ច្រើន​បច្ចុប្បន្ន​ក្រៅតែពី​ផលប៉ះពាល់​ចេញមុខ​ពី​ការថយចុះ​នៃ​សេដ្ឋកិច្ច​របស់​ចិន ក្នុងនោះ​មាន​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA)​របស់​សហភាព​អឺរ៉ុប​ជាដើម​។  
 
​ក្នុងឱកាស​នោះដែរ លោកស្រី​បាន​ឆ្លៀត​រម្លឹកថា ការកើតឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ជា​អ្វីដែល​គ្រប់គ្នា​មិន​ចង់ឃើញ​ឡើយ ប៉ុន្តែ​វា​បានចាប់ផ្តើម​ដោយសារ​អាមេរិក​ដាក់​ដំឡើង​ពន្ធ​លើ​ផលិត​ដែកថែប និង​អាលុយមីញ៉ូម​បូកផ្សំ​នឹង​ការកើនឡើង​នៃ​ចលនា​គាំពារ​និយម ចលនា​ប្រឆាំង​សាកល​ភា​រូបនីយកម្ម និង​ចលនា​ប្រជា​ឧបាយ​។ ប៉ុន្តែ​ជារួម​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្មនេះ គ្មាន​អ្នកណា​ឈ្នះ​នោះឡើយ ហើយ​ផលប៉ះពាល់​វិញ​គឺ​ធំធេង​។  

-​ការលូតលាស់​និរន្តរភាព​កម្ពុជា​ត្រូវ​ជំរុញ​ការនាំចេញ​ផលិតផល​ទំនិញ​កម្មន្តសាល​
 
​ក្នុង​វេទិកា​ពិភាក្សា​នេះ ក្រៅពី​ជជែក​ពី​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង​តាមរយៈ​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​លើ​កម្ពុជា  វាគ្មិន​ក៏​ជជែក​គ្នា​ពី​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​សម្រាប់​នាំចេញ​នៅ​កម្ពុជា​ផងដែរ​។​
 
​លោក​បណ្ឌិត សុក ស៊ីផាន់ណា ជឿជាក់ថា ការធ្វើ​ពិពិធ​កម្ម​ដៃគូ​ពាណិជ្ជកម្ម​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ឡើយ កម្ពុជា​ត្រូវការ​ពិពិធ​កម្ម​ផលិតផល​ក្នុងស្រុក​ដើម្បី​នាំចេញ​ទៅក្នុង​តំបន់ និង​អន្តរជាតិ​។ បច្ចេកវិទ្យា​កាន់តែ​សម្បូរបែប កម្ពុជា​ត្រូវ​ទាញ​ប្រយោជន៍​ពី​វា​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​។  
 
​លោកស្រី Sarah Zhou ឯកភាព​ថា កម្ពុជា​ត្រូវ​ចាប់ផ្តើម​ងាក​ចេញពី​ការពឹង​ផ្អែកលើ​តែ​ផលិតផល​វាយ​ន​ភណ្ឌ​មួយ​មុខ ដ្បិត​កម្ពុជា​ផ្តេកផ្តួល​លើ​វិស័យនេះ​អស់​ជាង​២​ទសវត្ស​រ៍ហើយ​។ លោកស្រី​បន្ត វា​ជា​រឿង​មិនអាច​ប្រកែក​បានឡើយ​ដែលថា រាល់​ប្រទេស​ទាំងអស់​ចាប់ផ្តើម​ដោយ​ការនាំចេញ​ផលិត​វាយ​ន​ភណ្ឌ​ទាំង​វៀតណាម ថៃ ម៉ាឡេស៊ី ឬក៏​ចិន និង​ជប៉ុន ប៉ុន្តែ​វា​មិនមែនជា​កត្តា​ជំរុញ​ដែល​ល្អ និង​និរន្តរភាព​ទេ​។ វិស័យ​អចល​ទ្រព្យ​និង​សំណង់​ក៏​ជា​វិស័យ​ដែល​គ្មាន​និរន្តរភាព​ដូចគ្នា​។ 
 
​សម្រាប់​លោកស្រី​ផ្ទាល់  កម្ពុជា​ត្រូវ​រក​វិធានការ​ដើម្បី​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​កម្មន្តសាល (manufacturing products) ឲ្យ​បាន​ខ្លាំងក្លា ដូច​ប្រទេសជិតខាង​វៀតណាម​ដើម្បី​ការលូតលាស់​ដែលមាន​និរន្តរភាព​។ ក្នុងស្ថានភាព​បច្ចុប្បន្ន ការជំរុញ​ផលិតផល​បច្ចេកវិទ្យា​ទំនើប​មិនមែនជា​លក្ខខណ្ឌ​សមស្រប​សម្រាប់​កម្ពុជា​នៅឡើយ​ដោយសារ​មាន​កម្រិត​ធនធានមនុស្ស​ក្នុងស្រុក​។  
 
​ជុំវិញ​ការជំរុញ​ពិពិធ​កម្ម​ផលិតផល​កម្មន្តសាល លោកស្រី កំរង បាន​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​ផ្តោតលើ​ការគាំទ្រ​ក្រុមហ៊ុន​ឯកជន និង​សហគ្រាស​ដើម្បី​ជំរុញ​ការផលិត​សម្ភារ​សម្រាប់​នាំចេញ រួមទាំង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ចំណីអាហារ ដំឡើងរថយន្ត រួមជាមួយ​ការកសាង​សេដ្ឋកិច្ច​ឌីជីថល​។ អ្វីដែល​សំខាន់ បើតាម​លោកស្រី កម្ពុជា​នឹងមាន​គោលនយោបាយ និង​ច្បាប់​ថ្មី​ជាច្រើន​ដើម្បី​គាំទ្រ​ជំនួញ​និង​ការផលិត​ដូចជា ការដាក់ចេញ​មូលនិធិ​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន Startups រួមជាមួយ​ច្បាប់​វិនិយោគ​, ច្បាប់​ការពារ​អ្នកប្រើប្រាស់ និង​ច្បាប់ពាណិជ្ជកម្ម​ផងដែរ​៕

Tag:
 សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​
  សង្គ្រាម​ពាណិជ្ជកម្ម​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com