អន្តរជាតិ
ជប៉ុន​កំណត់​ម៉ោង​ការងារ​បន្ថែម ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​ធ្វើការ​ជ្រុល​ហួសហេតុ
05, Apr 2019 , 7:39 pm        
រូបភាព
រូបថត៖ AFP
រូបថត៖ AFP
ដោយ:
​រដ្ឋាភិបាល​ជប៉ុន បានចាប់ផ្តើម​អនុវត្ត​ច្បាប់​ស្ដីពី​កំណែទម្រង់​ការងារ​ថ្មី​មួយ ដើម្បី​កំណត់​ម៉ោង​ការងារ​បន្ថែម​នៅ​កន្លែងធ្វើការ​។ គោលបំណង​នៃ​ច្បាប់​ថ្មី​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​ធ្វើការ​ជ្រុល​ហួសហេតុ​របស់​ប្រជាជន​ជប៉ុន ដែល​ត្រូវ​ចាត់ទុកជា មូលហេតុ​នៃ​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ និង​ចុងក្រោយ​ឈានដល់​ការធ្វើអត្តឃាត​។

 
​ច្បាប់​ការងារ​ថ្មី ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​១ ខែមេសា នឹង​កំណត់​ម៉ោង​ការងារ​បន្ថែម (Overtime) មក​ត្រឹម​១០០​ម៉ោង​ក្នុង​មួយខែ និង​៧២០​ម៉ោង​ក្នុង​មួយឆ្នាំ​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo សម្រាប់​កំណែទម្រង់​ថ្មី​នេះ រដ្ឋាភិបាល​ជប៉ុន សង្ឃឹម​នឹង​កាត់បន្ថយ​តួលេខ​នៃ​ការស្លាប់ និង​កើត​ជំងឺ ដែល​បណ្តាលមកពី​ការធ្វើការ​ជ្រុល​ម៉ោង​។ 
 
​បើតាម​ច្បាប់​នេះ ក្រុមហ៊ុន​ណា​ដែល​ល្មើស​នឹង​គោលការណ៍​កំណ​ត់ អាច​ទទួលរង​ពិន័យ​ជា​ប្រាក់​ប្រមាណ​៣​ម៉ឺន​យ៉េន ឬ​ស្មើនឹង​២៧០០​ដុល្លារ​។ យោងតាម​ប្រភព​ដដែល បច្ចុប្បន្ននេះ ការកំណត់​ម៉ោង​បន្ថែម​នេះ នឹងត្រូវ​អនុវត្ត​តែ​ទៅលើ​បណ្តា​ក្រុមហ៊ុន​ធំៗ​សិន​។ ចំណែកឯ ក្រុមហ៊ុន​ខ្នាតតូច​និង​មធ្យម នឹង​ពុំទាន់​ក្លាយជា​គោលដៅ​នៃ​កំណែទម្រង់​នេះ​នៅឡើយ​ទេ ពោលគឺ​រហូតដល់​ខែមេសា ឆ្នាំ​២០២០​។​
 
​មែនទែនទៅ កំណែទម្រង់​ថ្មី​នេះ គឺជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​នៃ​កំណែទម្រង់​ច្បាប់​ការងារ ដែល​ជំរុញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​ជប៉ុន​។ កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ សភា​ជប៉ុន​បានអនុម័ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី ដោយ​បើកចំហ​ទ្វារ​កាន់តែ​ធំ​ដើម្បី​ទទួល​ពលករ​បរទេស​ទៅ​ធ្វើការ​ក្នុងប្រទេស​ខ្លួន ជាមួយ​ការបង្កើត​ប្រព័ន្ធ​ទិដ្ឋាការ​ថ្មី​។ ច្បាប់​នេះ បាន​ចូល​ជា​ធរមាន​នា​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ ក្រសួងសុខាភិបាល​ជប៉ុន បានទទួល​ស្គាល់​ការស្លាប់​ចំនួន ១៩០​ករណី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើការ​ជ្រុល ក្នុងនោះ​ក៏មាន ការធ្វើអត្តឃាត​ផងដែរ​។ ជាក់ស្តែង ហេតុការណ៍​មួយ​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​។ បុរស​ម្នាក់​ដែល​ធ្វើការ​លើ​គម្រោង​មួយ​សម្រាប់​ភ្នាក់ងារ​អវកាស​ជប៉ុន​ឈ្មោះថា Jaxa បានបញ្ចប់​ជីវិត​ខ្លួនឯង ព្រោះ​ធ្វើការ​ជ្រុល​ម៉ោង​ហួសហេតុ​ពេក​។ 
 
​បុរស​រូបនោះ​ឈ្មោះថា Yukinobu Sato អាយុ ៣១​ឆ្នាំ​នៅពេលនោះ មាន​តួនាទី​ជា​អ្នកម៉ៅការ​លើ​គម្រោង​ផ្កាយរណប​មួយ​ឲ្យ​ភ្នាក់ងារ​អវកាស​ខាងលើ​។ ដោយសារ​គោលដៅ​ការងារ​ពុំដែល​ទាន់​សម្រេច​ជោគជ័យ លោក​ត្រូវ​ធ្វើការ​ចំនួន ៧០​ម៉ោង​បន្ថែម​ក្នុង​មួយខែ​ដោយ​ពុំ​ទទួលបាន​កម្រៃ​។  ចុងក្រោយ ដោយសារ​សម្ពោធ​ការងារ និង​ភាព​នឿយហត់ លោក​បាន​ផុងខ្លួន​ក្នុង​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយក៏​បានសម្រេច​ធ្វើអត្តឃាត​តែម្តង​៕
 

Tag:
 ជប៉ុន​
  កំណែទម្រង់​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com