ជាតិ
កម្ពុជា​ស្វាគមន៍​រាល់​ការវិនិយោគ​របស់​អាមេរិក ប៉ុន្តែ​«​បញ្ហា​តម្លាភាព​»​នៅតែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ស្ទាក់ស្ទើ​រ
05, Apr 2019 , 5:51 pm        
រូបភាព
លោក Michael Newbill ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាអង្គុយនៅខាងស្តាំដៃ (រូបភាព៖ AmCham Cambodia)
លោក Michael Newbill ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជាអង្គុយនៅខាងស្តាំដៃ (រូបភាព៖ AmCham Cambodia)
​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ស្វាគមន៍​ឲ្យ​មានការ​ពិភាក្សាគ្នា​ញឹកញាប់​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ដើម្បី​ស្វែងយល់​ពី​តម្រូវការ និង​រក​ឱកាស​សម្រាប់​ការវិនិយោគ​ដែរ​។ កម្ពុជា​ត្រៀមខ្លួន​ដើម្បី​ជួយ​គាំទ្រ​ក្រុមហ៊ុន​អាមេរិក​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ប្រចាំ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​មើលឃើញ​បញ្ហា​ចម្បង​មួយចំនួន​ជាពិសេស​ទាក់ទិន​នឹង​តម្លាភាព​ដែល​នៅ​ជា​កត្តា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ស្ទាក់ស្ទើរ​បោះទុន​រកស៊ី​នៅ​កម្ពុជា​។


 
​ក្នុង​កិច្ចពិភាក្សា​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា (AmCham Camboida) ថ្ងៃទី ៤ ខែមេសា​ផ្តោតលើ​សង្គ្រាម​ពាណិជ្ជកម្ម​និង​ផលប៉ះពាល់​លើ​កម្ពុជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បានប្រកាសថា កម្ពុជា​ស្វាគមន៍​និង​សន្យា​ជួយ​គាំទ្រ​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​ដែល​ចង់​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ស្របពេល​ដែលមាន​ក្តីបារម្ភ​ពី​កំណើន​វិនិយោគ​យ៉ាងគំហុក​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​
 
«​បច្ចុប្បន្ន​យើង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស ១៣៤ លើ​ពិភពលោក​។ យើង​ចង់បាន​មិត្ត​ធ្វើ​ពាណិជ្ជកម្ម​កាន់តែច្រើន​ដើម្បី​នាំចេញ​»​។ លោកស្រី តឹក​រ៉េត កំរង បាន​និយាយ​បែបនេះ​។  
 
«​ក្នុងឱកាស​នេះ ខ្ញុំ​សូម​អញ្ជើញ​ក្រុមហ៊ុន​អាមេរិក​ឲ្យ​ស្វែងរក​ឱកាស​ក្នុងការ​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​បន្ថែម​។ យើង​អាច​និយាយ​គ្នា​បាន​។ យើង​ត្រៀមខ្លួន​នឹង​ស្តាប់​អ្វីដែល​ក្រុមហ៊ុន​អាមេរិក​ចង់បាន និង​ស្វែងរក​វិធី​ថា​យើង​អាចជួយ​គាំទ្រ​ក្រុមហ៊ុន​អាមេរិក​បាន​ដោយ​របៀប​ណា​ដែរ​»​។ 
 
​ជុំវិញ​ឱកាស​វិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​នៅ​កម្ពុជា ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Michael Newbill ក៏បាន​ប្រមើល​មើលឃើញថា សក្តានុពល​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ការរីកចម្រើន​នៃ​ជីវភាព​ប្រជាជន​ដែរ​។ វា​បង្ហាញ​ឲ្យ​ឃើញថា អតិថិជន​កម្ពុជា​ដែល​ប្រើប្រាស់​ផលិតផល​អាមេរិក​នឹង​កើនឡើង​ច្រើន ហើយ​វា​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​នៅពេល​ខាងមុខ​ដែរ​។​
 
​យ៉ាងណាមិញ​លោក​ពន្យល់ថា អាមេរិក​មិនអាច​បង្គាប់បញ្ជា​ក្រុមហ៊ុន​ខ្លួន​ឲ្យ​វិនិយោគ​លើ​វិស័យ​ណាមួយ​ឡើយ ហើយ​វា​ជា​សិទ្ធិ​សម្រេច​របស់​ពួកគេ​ផ្ទាល់​។ «​មិន​ដូច​ចិន​ឡើយ យើង​មិនអាច​ណែនាំ​ក្រុមហ៊ុន ឲ្យ​វិនិយោគ​លើ​វិស័យ​ណាមួយ​ជាក់លាក់​ទេ ដ្បិត​យើង​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​ក្នុងការ​សម្រេច​ថា​តើ​គួរ​វិនិយោគ​លើ​អ្វី ហើយ​យើង​ជា​អ្នក​ចាំ​ជួយ​គាំទ្រ​»​។ លោក Newbill និយាយ​ដូច្នេះ ដោយ​បន្ថែមថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​ពីរ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​នៅតែ​ស្ទាក់ស្ទើ​ក្នុងការ​ចូលមក​រកស៊ី​នៅ​កម្ពុជា​។​
 
​បើតាម​ការបកស្រាយរ​បស់​ភារធារី​រូបនេះ រឿង​ទីមួយ​គឺ ការយល់ឃើញ​ផ្ទា​ល់ពី​ក្រុមហ៊ុន​អាមេរិក​ចំពោះ ភាពយុត្តិធម៌ និង​ភាព​ស្មើភាព​គ្នា​នៃ​ឱកាស​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។ លោក Newbill លើកយក​មតិ​របស់​ក្រុមហ៊ុន​អាមេរិក​ថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ចិន​ហាក់​មានឱកាស​ច្រើន​ក្នុងការ​ទទួលបាន​សិទ្ធិ​វិនិយោគ ខណៈ​តម្លាភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​កម្ពុជា​មួយក្រុម​ហ៊ុន​ចិន​នៅតែ​ជា​បញ្ហា​។​
 
«​វា​ហាក់បីដូចជា កិច្ចព្រមព្រៀង​ភាគច្រើន​ហាក់បី​ត្រូវ​បានកំណត់​ច្បាស់លាស់​សម្រាប់​ក្រុមហ៊ុន​ចិន​។ ដូច​ឃើញស្រាប់​គម្រោង​វិនិយោគ​ផ្លូវ​ល្បឿន​លឿន​, អាកាស​យាន្ត​ដ្ឋា​ន និង​សម្បទាន​សំខាន់​ផ្សេងទៀត​ដូចជា​នៅ​កោះកុង​ត្រូវ​បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​។ គ្មាន​អ្នកណាម្នាក់​ដឹង​ច្បាស់​កិច្ចព្រមព្រៀង​ទាំងនោះ​មានចែង​បែបណា​ឡើយ​។ វា​ហាក់បីដូចជា​គ្មាន​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក និង​ក្រុម​ផ្សេង​ទៀតឡើយ​ក្នុងការ​វិនិយោគ​»​។ ភារធារី​អាមេរិក​រូបនេះ​លើកឡើង​ដូច្នេះ​។ 
 
​រីឯ​បញ្ហា​មួយទៀត​ដែលជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ក្នុងការ​សម្រេច​ដាក់ទុន​វិនិយោគ​ដែរ​គឺ បញ្ហា​ពុករលួយ​ក្នុងប្រទេស​កម្ពុជា ហើយ​វា​ក៏​ជា​បញ្ហា​ពិតប្រាកដ​មួយ​។ 
​យ៉ាងណាមិញ លោក Newbill ផ្តល់យោបល់​ថា ដំណោះស្រាយ​ងាយស្រួល​គឺ ការធានា​តម្លាភាព​បីយ៉ាង​។  ដោយ​ប្រើប្រាស់​ពាក្យ​តម្លាភាព មន្ត្រី​អាមេរិក​រូបនេះ​បាន​ពន្យល់ថា តម្លាភាព​ទីមួយ​ត្រូវមាន​ក្នុងការ​ដេញថ្លៃ​គម្រោង​។​
 
​ចំណែក​តម្លាភាព​មួយទៀត​គឺ តម្លាភាព​នៃ​លទ្ធផល​ដេញថ្លៃ​។ តាម​ការបកស្រាយ​រប​ស់លោក វា​មានន័យថា អ្នកណា​ដែល​ទទួលបាន​សិទ្ធិ​សម្រាប់​វិនិយោគ​, អ្វី​ជា​លក្ខខណ្ឌ​, អ្នកណា​ជា​ដៃគូ​ក្នុងស្រុក និង​ព័ត៌មាន​សំខាន់ៗ​ផ្សេងទៀត​ត្រូវបាន​បង្ហាញ​ឲ្យ​សាធារណជន​បានដឹង​ច្បាស់​។ ។  
 
​ចុងក្រោយ វា​ក៏​ចាំបាច់​ត្រូវ​ធានា​តម្លាភាព និង​ទំនួល​ខុសត្រូវ​។ វា​ត្រូវការ​សារព័ត៌មាន​ដែល​ឯករាជ្យ និង​សេរីភាព​ព័ត៌មាន​ដើម្បី​ឲ្យ​ប្រជាជន​អាច​តាមដាន និង​ឃ្លាំមើល​សកម្មភាព​ដែល​ក្រុមហ៊ុន​វិនិយោគ​ធ្វើ និង ជំរុញ​ឲ្យ​មានការ​ទទួលខុសត្រូវ​ដែរ​៕ 
 

Tag:
 AmCham
  អាមេរិក​
  កម្ពុជា​
  Michael Newbill
© រក្សាសិទ្ធិដោយ thmeythmey.com