តែបៃតង ជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់សុខភាព ដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម, សារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិរ៉ែសំខាន់ៗ រួមទាំងសារធាតុ polyphenols, Epigallocatechin Gallate (EGCG) និង catechins ដែលជួយព្យាបាលការរលាក, កម្ចាត់រ៉ាឌីកាល់សេរី, ទប់ស្កាត់ជំងឺមហារីក។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់តែបៃតងរួចមកហើយ ប៉ុន្តែបើទោះជាចូលចិត្ត ឬឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ក៏ប្រហែលមិនធ្លាប់ចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ដ៏ល្អប្រសើរនៃតែបៃតងចំពោះសុខភាពឡើយ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានតែបៃតងរាល់ថ្ងៃ ៖
១. ធ្វើឲ្យមុខងារខួរក្បាលកាន់តែប្រសើរឡើង
ជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងអាចជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ជម្រុញការចងចាំ និងបង្កើនមុខងារខួរក្បាល។ លើសពីនេះទៅទៀត តែបៃតង ក៏ជាប្រភពនៃអាស៊ីតអាមីណូ L-theanine ដែលមានប្រសិទ្ធិភាពរារាំងបញ្ហាថប់អារម្មណ៍មិនឲ្យកើតមាន។ ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងសារធាតុ L-theanine អាចមានឥទ្ធិពលបញ្ចូលគ្នា ក្នុងការពង្រឹងដល់មុខងាររបស់ខួរក្បាល។ ហើយដោយសារតែបរិមាណនៃសារធាតុ L-theanine និងជាតិកាហ្វេអ៊ីនមានកម្រិយសមល្មមទើបធ្វើឲ្យតែបៃតងអាចផ្តល់នូវឥទ្ធិពលល្អជាង និងខុសគ្នាពីកាហ្វេ។
២. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
សារធាតុ polyphenolic ក្នុងតែបៃតងជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ រួមទាំងកម្រិតនៃជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដទប់ស្កាត់បញ្ហាស្ទះសសៃឈាមដែលកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។
៤. បង្កើនសុខភាពថ្លើម
សារធាតុ catechins នៃតែបៃតងជួយធ្វើឲ្យមុខងារថ្លើមកាន់តែប្រសើរឡើង ហើយការពារថ្លើមពីផលប៉ះពាល់នៃសារធាតុពុលផ្សេងៗ រួមមាន ស្រា ជាដើម។
៥. សម្រាលរោគសញ្ញានៃជំងឺរលាកសន្លាក់
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ epigallocatechin-3-gallate និង polyphenols ជួយកាត់បន្ថយការហើម ហើយប្រយុទ្ធប្រឆាំងការរលាកដែលជារោគសញ្ញានៃជំងឺរលាកសន្លាក់។
៦. ជួយឲ្យស្រកទម្ងន់
ជាប្រភពដ៏ប្រសើរនៃវីតាមីន A, B, B5, D, C, E, H និង K ព្រមទាំងម៉ង់កាណែស និងជាតិរ៉ែដទៃទៀត រួមបញ្ចូលទាំង chromium, ជាតិស័ង្កសី និងសេលេញ៉ូម ព្រមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីបានឆាប់។ ការទទួលទានតែបៃតង ៥ ពែងក្នុងមួយថ្ងៃអាចជួយឲ្យអ្នកស្រកទម្ងន់បានច្រើនជាងធម្មតាទ្វេដង។
ចំណាំ ៖ អ្នកអាចទទួលទានតែបៃតងពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យ គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាព៕
ត្រួតពិនិត្យដោយ www.health.com.kh