ភ្នំពេញ៖ កញ្ញា វត្ថា វិច្ឆិកា គឺជាម្ចាស់សិប្បកម្មខ្នាតតូចឈ្មោះថា«ដៃខ្មែរ»ដែលកែច្នៃដូងទុំ និងវត្ថុធាតុដើមក្នុងស្រុកមួយចំនួនទៀត ទៅជាផលិតផលធម្មជាតិ ថែរក្សាសម្រស់ និងសុខភាព។ សិប្បកម្មនេះ មានទីតាំងនៅក្នុងភូមិកំពង់សំណាញ់ ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដៃខ្មែរ មានន័យថាជាផលិតខ្មែរដែលធ្វើដោយដៃ និងរំឭកដល់ការតស៊ូរបស់ម្តាយដែលបានចែកឋានទៅ តែនៅតែជាវីរនារីក្នុងដួងចិត្ត និងក៏ជាកម្លាំងដែលតែងជំរុញវិច្ឆិកាឲ្យពុះពារគ្រប់ឧបសគ្គផងដែរ។ នេះជាការបញ្ជាក់របស់ កញ្ញា វិច្ឆិកា។
មុននឹងបើកសិប្បកម្ម«ដៃខ្មែរ» កញ្ញា វត្ថា វិច្ឆិកា ដែលមានកម្ពស់ខ្ពស់ រាងស្តើង សម្បុរស្រអែម គឺជាអ្នកបង្ហាញម៉ូតអាជីពម្នាក់ ដែលគ្រាន់តែមានចិត្តស្រឡាញ់ការធ្វើជំនូញប៉ុណ្ណោះ។តែចាប់ពីពេលបានប្រឡូកផ្ទាល់ក្នុងការធ្វើអាជីវកម្មនៅអំឡុងឆ្នាំ២០១៤មក សេចក្តីស្រឡាញ់មុខជំនួញ របស់អ្នកបង្ហាញម៉ូតវ័យ២៦ឆ្នាំរូបនេះ ចេះតែរីកធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យនាងដកខ្លួនស្ទើរទាំងស្រុង ពីការងារជាអ្នកបង្ហាញម៉ូត មកធ្វើអាជីវកម្មតែម្តង។
កញ្ញា វត្ថា វិច្ឆិកា បានចាប់ផ្តើមដំណើរការសិប្បកម្មដៃខ្មែរដោយខ្លួនឯង ក្នុងឆ្នាំ២០១៧ បន្ទាប់ពីផ្តាច់ខ្លួនពីដៃគូអាជីវកម្មចាស់ ដែលបានចាប់ដៃគ្នាតាំងពីឆ្នាំ២០១៤។ ការកែច្នៃដូងប្រេង ជាគំនិតដើមដែលបានពីដៃគូអាជីវកម្មចាស់ ប៉ុន្តែនៅពេលដែលមកផ្តើមធ្វើអាជីវកម្មខ្លួនឯង វិច្ឆិកា បានខិតខំស្រាវជ្រាវ និងបង្កើតរូបមន្តផលិតសាប៊ូថ្មីដោយខ្លួនឯង ដោយមានវត្ថុធាតុដើមចម្បងគឺប្រេងដូង។ កញ្ញា វុត្ថា វិច្ឆិកា បញ្ជាក់ដូច្នេះ៖«ដំបូងឡើយខ្ញុំរៀនពីគេ ប៉ុន្តែការរៀនតែមួយមុខ គឺមិនអាចបំលែងចេញជារូបរាងអ្វីផ្សេងទេ។ ទាល់តែយើងចេះឆ្ងល់ ហើយយើងក៏ត្រូវមានគំនិតចង់បង្កើតអ្វីដែលថ្មី ប្លែកពីគេដែរ។ អីចឹងហើយ យើងត្រូវសិក្សាឲ្យបានលម្អិត និងស៊ីជម្រៅលើអ្វីដែលយើងចង់បង្កើត។ បន្ទាប់ពីសិក្សាច្បាស់ហើយ យើងអនុវត្តម្តងហើយម្តងទៀត និងធ្វើតេស្តរហូតទទួលបានលទ្ធផលមួយដែលយើងគិតថាអាចទទួលយកបាន»។
សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
ដៃខ្មែរ ដែលគ្មានប្លាស្ទិក
បច្ចុប្បន្ន ក្រៅពីប្រេងដូង «ដៃខ្មែរ» មាន សាប៊ូដុសមុខ និងខ្លួនជាច្រើនប្រភេទ សាប៊ូកក់សក់ និងម្សៅធ្យូងដែលផលិតពីត្រឡោកដូង។ ប៉ុន្តែការច្នៃប្រឌិតរបស់វិច្ឆិកា មិនបញ្ចប់ត្រឹមការផលិតប្រេងដូង និងសាប៊ូនោះទេ។ វិច្ឆិកា បានបញ្ចូលគំនិតបរិស្ថាន និងការច្នៃប្រឌិតរបស់ខ្លួន នៅក្នុងការដំណើរការអាជីវកម្មទាំងមូលដែរ ដោយលុបបំបាត់ទាំងស្រុង ការប្រើប្រាស់ប្លាស្ទិកនៅក្នុងហាង ជំនួសដោយប្រអប់វេចខ្ចប់សាប៊ូ ដែលកែច្នៃពីដើមចេក និងការប្រើថង់ក្រដាសដែលងាយរលាយ សម្រាប់ច្រកផលិតផលនានាទៅឲ្យអតិថិជន។ កញ្ញា វត្ថា វិច្ឆិកា បញ្ជាក់ថា៖«គំនិតនេះ គឺយើងបង្កើតឡើងដើម្បីកាត់បន្ថយប្លាស្ទិកនៅក្នុងស្រុកខ្មែរ ព្រោះឥឡូវហ្នឹងមិនមែនតែកម្ពុជាទេ គឺទូទាំងពិភពលោកគឺមានបញ្ហាហ្នឹង។ អីចឹងហើយបានជាយើងបង្កើតផលិតផលមួយដែលមានការវេចខ្ចប់បែបបរិស្ថាន ដែលមិនមានបា្លស្ទិក ហើយខ្ញុំក៏បានបង្កើតជាក្រដាសដើមចេក។ មួយទៀតយើងក៏បានបង្កើតជាហាងបរិស្ថាន ជាមួយនឹងRefill concept ដែលអតិថិជនឲ្យយកដបពីផ្ទះគាត់មកដាក់ប្រេងដូង និងផលិតផលផ្សេងៗ។ យើងជួយជំរុញគាត់ ឲ្យឈប់ប្រើប្លាស្ទិក»។
ក្រៅពីនេះ ម្ចាស់អាជីវកម្មរូបនេះ ក៏ចង់ផ្ញើសារទៅពលរដ្ឋទូទៅ ឲ្យស្វែងយល់ពីផលប៉ះពាល់របស់បា្លស្ទិកដល់បរិស្ថាន ព្រមទាំងយល់ពីតម្លៃ វត្ថុធាតុដើមក្នុងស្រុកដែលអាចកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗបានយ៉ាងច្រើន។ លើសពីនេះទៀត កញ្ញា វិច្ឆិកា ចង់ឃើញអាជីវកម្មផ្សេងទៀត ចាប់ផ្តើមគិតគូរពីការគាំពារបរិស្ថានដែរ តាមរយៈការបន្ថយការប្រើប្រាស់ប្លាស្ទិក និងព្យាយាមប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព ដូចដែលដៃខ្មែរកំពុងធ្វើ។ ស្ថាបនិកដៃខ្មែរ ក៏មិនកំណាញ់ក្នុងការចែករំលែកចំណេះ ដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់ខ្លួនឡើយ។
មានចំណេះ ប្តូរគំនិត និងជួយអ្នកសម្រេចគោលដៅ
តាមពិតទៅ កញ្ញា វត្ថា វិច្ឆិកា បានកំព្រាម្តាយ និងមិនទទួលបានការផ្គត់ផ្គង់ពីឪពុក តាំង ពី អាយុ ១៤ឆ្នាំម្ល៉េះ។ បន្ទាប់ម្តាយចែកឋានទៅ នាងត្រូវធ្វើការរកប្រាក់ចិញ្ចឹមខ្លួន និងផ្គត់ ផ្គង់ការសិក្សាដោយខ្លួនឯង។ ប៉ុន្តែដោយជីវភាពទ័លលំបាកពេក វិច្ឆិកា ក៏សម្រេចចិត្តចោលការសិក្សានៅត្រឹមថ្នាក់ទី១០ ហើយមករកការងារធ្វើនៅភ្នំពេញ។ ដោយមានមាឌស្តើង កម្ពស់ខ្ពស់ និងមានទេពកោសល្យផង វិច្ឆិកា ដែលមានសម្បុរស្រអែមផងនោះ បាន ចាប់យកអាជីពជាអ្នកបង្ហាញម៉ូតចាប់តាំងពីពេលនោះមក។
ការសិក្សាផ្លូវការបានត្រឹមថ្នាក់ទី១០ ប៉ុន្តែសហគ្រិនមកពីក្រុងតាខ្មៅ ក្បែរភ្នំពេញរូបនេះ តែងសង្វាតការសិក្សាក្រៅផ្លូវការជានិច្ច។ សហគ្រិនស្រអែមស្រស់រូបនេះ អះអាង ការរៀនសូត្រ និងការទទួលយកយោបល់ និងការរិះគន់របស់អ្នកដទៃបានផ្លាស់ប្តូរជីវិតទ័លលំបាករបស់ខ្លួនបានមកដល់ថ្ងៃនេះ។ «និយាយរួមទៅ ចំណុចដែលជួយសំខាន់ជាងគេ គឺការរៀន។ ខ្ញុំជឿជាក់លើការរៀន កាលណាយើងមានចំណេះដឹង គឺផ្លាស់ប្តូរការគិតរបស់យើងបានច្រើនមែនទែន។ នៅពេលដែលគេថាខ្ញុំអត់ចេះធ្វើអ្វីមួយ ឬថាខ្ញុំអត់ចេះធ្វើជំនួញទេ! គេនិយាយត្រូវ ព្រោះខ្ញុំអត់ដឹងមែន អត់ចេះមែន។ អីចឹងហើយខ្ញុំព្យាយាមស្វែងរកចំណេះវិជ្ជាទាំងអស់នោះ»។ កញ្ញា បញ្ជាក់ដូច្នេះ រួចក៏បន្តជំរុញឲ្យស្ត្រីដទៃទៀតសង្វាតចំណេះដឹង និងការសិក្សាដូចខ្លួនដែរ ទោះជាជីវិតលំបាកយ៉ាងណាក៏ដោយ ព្រោះសម្រាប់ម្ចាស់សិប្បកម្មដៃខ្មែរ នៅពេលមានចំណេះ ស្ត្រីនឹងក្លាហាន មានចំណូល មានជំហរខ្លួនឯង និងមានឯករាជ្យនៅក្នុងការសម្រេចចិត្តផងដែរ៕