អន្តរជាតិ
ឌូ​ទើ​តេ នៅតែមាន​សុទិដ្ឋិនិយម​លើ​ចិន ទោះ​មាន​ចិន​ធ្វើ​សកម្មភាព​បង្កហេតុ​នៅ​តំបន់​ជម្លោះ​ក៏ដោយ
06, Apr 2019 , 2:29 pm        
រូបភាព
ដោយ:
​ទោះបី​ជាមាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំពាន​អធិបតេយ្យ របស់​នាវា​ល្បាត​ចិន​នៅក្នុង​តំបន់​គ្រប់គ្រង​ខ្លួន​យ៉ាងណាក្តី រដ្ឋបាល​ហ្វីលីពីន ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ការអនុវត្ត​គោលនយោបាយ​បរទេស​របស់​ចិន​។ ហ្វីលីពីន គិតថា សកម្មភាព​ឆ្គាំឆ្គង​រប​ស់​ចិន មិន​សំដៅលើ​ហ្វីលីពីន​ឡើយ​។​


 
​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​៤ មេសា បាន​អះអាង​ទៅកាន់​ប្រជាជន​ហ្វីលីពីន ថា លោក មិន​អនុញ្ញាត​ឲ្យ​ចិន​គ្រប់គ្រង​តំបន់​ដែន​កោះ​របស់​ហ្វីលីពីន Pag-asa Island ដែលជា​កោះ​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាង​ចិន​ខាងត្បូង​ឡើយ បន្ទាប់ពី​មានការ​រាយការណ៍​ថា ថ្មីៗ​នេះ មាន​នាវា​របស់​ចិន បានបង្ហាញ​វត្តមាន​ជុំវិញ​ទីនោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វីលីពីន Inquirer Net លោក​ប្រធានាធិបតី បាន​ផ្តាំផ្ញើ​ទៅកាន់​ប្រជាជន​ហ្វីលីពីន​តាមរយៈ​សារព័ត៌មាន កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ដោយ​លោក អះអាងថា លោក មិន​បណ្តែតបណ្តោយ​ឲ្យ​ចិន​ចូលទៅ​កាប់​កាន់​បានឡើយ​។ ក៏ប៉ុន្តែ​លោក ក៏បាន​អះអាង​ជាមួយនឹង​ការជឿជាក់​ថា វត្តមាន​របស់​នាវា​ចិន មិន​សំដៅលើ​ហ្វីលីពីន​ឡើយ​។​
 
​លោក សង្កត់ធ្ងន់ថា​៖« សកម្មភាព​របស់​ចិន​បែបនេះ ទំនងជា​ពាក់ព័ន្ធ​នឹង​ល្បែង​ភូមិសាស្ត្រ​នយោបាយ​នោះទេ​» ខណៈដែល​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ហ្វីលីពីន លោក Zhao Jinhua បាន​ចេញមុខ​បកស្រាយ​ថា នាវា​របស់​ចិន ដែល​ធ្វើ​ដំណើរការ​ក្បែរ​កោះ​នោះ មិនមាន​បំពាក់អាវុធ​ឡើយ ពោល​គឺជា​នាវា​នេសាទ​នោះទេ​។​
 
​ជុំវិញ​បញ្ហា​ដដែល​នោះ លោក​ប្រធានាធិបតី ឌូ​ទើ​តេ បាន​អះអាង​ទុកជាមុន​ផងដែរ​ថា ប្រសិនបើ​ពលរដ្ឋ​ហ្វីលីពីន ត្រូវបាន​ចាប់ខ្លួន ឬ​សម្លាប់​នៅ​ទីនោះ​មែន នោះ​ហ្វីលីពីន នឹងត្រូវ​គិតគូរ​ជាថ្មី​ថា​តើ​គួរ​សម្រេច​បែបណា​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​នេះ​។ ត្រង់ចំណុច​នេះដែរ លោក​ឌូ​ទើ​តេ ជាថ្មីទៀត មិន​ប្រកាសសង្គ្រាម​តទល់​ជាមួយនឹង​ចិន​ឡើយ ដោយ​លោក បញ្ជាក់ថា ហ្វីលីពីន មិនអាច​ឈ្នះ​ចិន​បានទេ​។ 
 
​តាម​លោក​ប្រធានាធិបតី ចិន អាច​ប្រើពេល​ត្រឹមតែ ៧ នាទី​ប៉ុណ្ណោះ​ក្នុង​ការបាញ់​គ្រាប់​មី​ស៊ី​ល​ទៅដល់​រដ្ឋធានី​ម៉ានីល ហើយ​ហ្វីលីពីន នឹងត្រូវ​រង​ខ្ទេចខ្ទាំ ដែល​ចំណុច​នេះ លោក អះអាងថា មិន​ហ៊ាន​សូម្បីតែ​ស្រ​ម៉ៃ​។ សម្រាប់​លោក ជម្រើស​ល្អ​បំផុត គឺ​បើ​មាន​បញ្ហា ត្រូវ​សម្រុះសម្រួល​ជាមួយនឹង​ភាគី​ចិន ដែល​លោក​តែងតែ​ហៅថា ជា​មិត្ត និង​អ្នកជិតខាង​ដ៏​ល្អ​របស់​ហ្វីលីពីន​៕ 

Tag:
 ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com