ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទឹក​ក​សិន្ធុ​អង្គរវត្ត រង​រំហួត​មួយថ្ងៃ​ជាង មួយ​ម៉ឺន​ម៉ែត្រគូប ក្នុង​រដូវក្ដៅ
06, Apr 2019 , 2:59 pm        
រូបភាព
​សៀមរាប​៖ ដោយសារ​រង​ឥទ្ធិពល​រលក​កម្ដៅ អែល នី​ណូ ធ្វើឱ្យ​បណ្ដា​ខេត្ត​នានា​របស់​កម្ពុជា មាន​ភាព​ហួតហែង​ជាង​រាល់​ឆ្នាំ​។ បឹងបួរ ស្ទឹង ស្រះ​មួយចំនួន ដែល​ធ្លាប់មាន​ទឹកជា​ប់​នោះ បែរជា​រីង​អស់​។ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​រង​ឥទ្ធិពល​នេះដែរ ប៉ុន្តែ​នៅមាន​ទឹក​ច្រើន​នៅឡើយ ពិសេស​នៅ​ក​សិន្ធុ​អង្គរវត្ត​។ អ្នកជំនាញ​ថា ក្នុង​ក​សិន្ធុ​អង្គរ​ជា​រៀងរាល់ថ្ងៃ បាត់បង់​ទឹក​ជាង​មួយ​ម៉ឺន​ម៉ែត្រគូប ដោយសារ​កម្ដៅ​ខ្លាំង​។ អ្នកជំនាញ ក៏​ខិតខំ​គ្រប់គ្រង ដើម្បី​ធ្វើឱ្យ​ទឹក​ជាប់​រហូត​។​

 
​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖ 



 
​ទឹក​ក​សិន្ធុ​អង្គរវត្ត បានបង្ហាញ​វិសាលភាព​របស់ខ្លួន​ដ៏​អស្ចារ្យ​មួយ ខណៈដែល​តំបន់​ដទៃ​នៅ​ប្រទេស​កម្ពុ​ជានា​រដូវ​កាល​នេះ គ្មាន​ទឹក​។ ទាំង​រដូវប្រាំង និង​វស្សា ទឹក​ក​សិន្ធុ​អង្គរវត្ត តែង​បញ្ចេញ​សម្រស់​ដ៏​ត្រកាល​របស់ខ្លួន ដើម្បី​បង្អួត​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ ដែល​ទស្សនា​ហើយ​មិន​ណាយ​។​
 
​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​រមណីយដ្ឋាន​អង្គរ​នា​រដូវ​កាល​នេះ ច្បាស់​ជា​លាន់មាត់ និង​ខ្លះ​ងឿងឆ្ងល់ ពី​ទឹក​ក​សិន្ធុ​អង្គរវត្ត​ជាក់​ជាមិនខាន​។ ពិតណាស់ថា មាន​អាជ្ញាធរ​មួយ​ដែល​គ្រប់គ្រង​តំបន់​នេះ ក៏ដូចជា​ក្រុមការងារ​ជំនាញ​មួយ ដែល​មើល​ការខុសត្រូវ​ជាប្រចាំ ទើប​មាន​លទ្ធផល​មកដល់ពេលនេះ​។ នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​សង្កេត និង​បញ្ចូល​ទឹកជា​ប្រចាំ មិនឱ្យ​ក​សិន្ធុ​រីង​សោះឡើយ​។​


 
​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបរាប់ថា ការគ្រប់គ្រង​ទឹក​នៅ​ក​សិន្ធុ​អង្គរវត្ត គឺមាន​ការរៀបចំ​ត្រឹមត្រូវ​ទាំង​រដូវប្រាំង និង​វស្សា​។

លោក​ពន្យល់ថា នា​រដូវប្រាំង ការគ្រប់គ្រង​ម្យ៉ាង រីឯ​រដូវវស្សា ការគ្រប់គ្រង​បែប​ម្យ៉ាង​។ ខែវស្សា ទឹក​មាន​បរិមាណ​ច្រើន ជួនកាល​អាជ្ញាធរ​បារម្ភ​ពី​ការ​ហៀរ​ចេញ ចំណែក​ខែប្រាំង ទាមទារ​ឱ្យមាន​ការបញ្ជូន​ទឹក និង​ការគ្រប់គ្រង​ល្អិតល្អន់​ជាង​វស្សា ក៏ដូចជា​បញ្ចូល​ជាប្រចាំ ពិសេស​ត្រូវ​គិតគូរ​ខ្ពស់ ពី​ការប្រើប្រាស់​ទឹក​ក្រោម​ដី​។ ទឹក​ក​សិន្ធុ មិនមែន​ប្រយោជន៍​សម្រាប់​លម្អ​សម្រស់​អង្គរ​ទេ តែ​វា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​គ្រឹះ​ប្រាសាទ​។ កាលណា​ស្រទាប់ដី​ខាងក្រោម​នៅ​តំបន់​អង្គរ​ដែលជា​ប្រភេទ​ដីល្បាយខ្សាច់​នោះ គ្មាន​ទឹក នោះ​វា​នឹង​ស្រុត​។ នេះ​ជាការ​ពន្យល់​របស់លោក ភឿន សុ​ឃីម​
 
​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៥​។ មុនពេល​នោះ ការគ្រប់គ្រង​ទឹក​នៅ​តំបន់​អង្គរ មិនទាន់មាន​ប្រសិទ្ធភាព​ឡើយ ហើយ​រៀងរាល់​រដូវប្រាំង ទឹក​នៅ ក​សិន្ធុ​អង្គរ តែង​រីង​ជានិច្ច​។ លោក សុ​ឃីម បាន​រំ​ឮ​កថា បាត​ក​សិន្ធុ​អង្គរវត្ត បានក្លាយ​ជា​វាយ​លេង​បាល់​របស់​ក្មេងៗ​។ កាលណោះ អាជ្ញាធរ​ក៏​មិនទាន់​បារម្ភ​ពី​ការបាត់បង់​ស្រទាប់​ទឹក​ក្រោម​ដី​ដែរ ដ្បិត​ការអភិវឌ្ឍ​នៅពេល​ណោះ​ក៏​នៅ​ទាប​នៅឡើយ​។ បន្ទាប់ពី​បានរៀបចំ​រួច នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​រៀបចំ​ស្ដារ​ប្រព័ន្ធធារាសាស្ដ្រ​បុរាណ​ឡើងវិញ ហើយ​មកដល់​បច្ចុប្បន្ន​នេះ ការស្ដារ​នោះបាន​រហូតដល់​៩០​ភាគរយ​ហើយ​ដែរ​។ 


 
​ដ្បិតថា មិន​រីងស្ងួត​ដូច​តំបន់​ដទៃ​មែន តែ​ទឹក​ក​សិន្ធុ​ក៏​រង​រំហួត​ពី​កម្ដៅថ្ងៃ​ផងដែរ​។ ជា​រៀងរាល់ថ្ងៃ ទឹក​ជាង​មួយ​ម៉ឺន​ម៉ែត្រគូប ត្រូវបាន​បាត់បង់ ទាំង​ដោយសារ​រំហួត និង​ការ​ជ្រាប​ទៅ​ស្រទាប់​ក្រោម​ដី តែ​ក៏មាន​ការបញ្ចូល​ជាប្រចាំ ដើម្បី​ឱ្យមាន​ភាព​សមាមាត្រ​គ្នា​។ ក្នុងការ​បញ្ចូល​ទឹក​នេះដែរ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​សំណង់​ស្ទាក់​ខ្សាច់​មួយ​នៅ​ផ្នែក​ខាងជើង ដើម្បី​ការពារ​មិនឱ្យ​បា​តក​សិន្ធុ​រង​ការចាក់​បង្គរ​ដោយ​ដីខ្សាច់ ក៏ដូចជា​កាកសំណល់​ផ្សេងៗ​។​
 
​ទឹក​ក​សិន្ធុ​អង្គរ​វត្តមាន​បរិមាណ​ជាង ១​លាន​ម៉ែត្រគូប​។ មុន​រដូវប្រាំង​ចូលមក​ដល់ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានរៀបចំ​ទឹក​បញ្ចូល​អាង​ក្នុង​តំបន់​ជុំវិញ ដើម្បី​ធានា​ពី​និរន្តរភាព​ការគ្រប់គ្រង ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​អ​ភ​រិ​ក្ស​សំណង់​ប្រាសាទ​។ ប្រភពទឹក​សំខាន់​សម្រាប់​បញ្ចូល​ក្នុង​អាង​ទំនប់​នានា​ក្នុង​តំបន់​អង្គរ គឺ​ទឹក​ពី​ភ្នំ​គូ​លេន​។ មន្ត្រី​គ្រប់គ្រង​ទឹក​លើកឡើងថា បច្ចុប្បន្ន​បរិមាណ​ទឹក​ពី​ភ្នំ​គូ​លេន​កាន់តែ​តិច​ទៅៗ ដោយសារ​ការបាត់បង់​ស្រទាប់​ព្រៃឈើ​នៅ​តំបន់​នេះ​។ លោក សុ​ឃីម និយាយ​ដោយ​ការព្រួយបារម្ភ តែ​ថា​យ៉ាងណា ក៏​អាជ្ញាធរ អាច​សង្គ្រោះ​ក្នុងដំណាក់កាល​ដ៏​លំបាក​នៅ​ឆ្នាំនេះ​បាន​។​


 
​ចំពោះ​ការងារ​គ្រប់គ្រង​ទឹក​នៅ​តំបន់​អង្គរ​នេះដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​រៀបចំ​ជួសជុល​ខ្នង​បារាយណ៍​ខាងលិច ដើម្បី​ស្ដុក​ទឹក​ទុក​បាន​ច្រើន ក៏ដូចជា​បញ្ជៀ​ស​ទឹកជំនន់​ពី​តំបន់​អង្គរ​ផងដែរ​។ បារាយណ៍​នេះ ផ្ទុក​ទឹកបាន​៥៣​លាន​ម៉ែត្រគូប និង​បាន​បម្រើ​ផល​កសិកម្ម​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជុំវិញ និង​មួយផ្នែក​ផ្គត់ផ្គង់​ទៅ​រដ្ឋាករទឹក ដោយ​ជំនួស​ការ​ទាញ​ទឹក​ពីក្រោម​ដី​៕
 

Tag:
 អង្គរវត្ត​
 ​ក​សិន្ធុ​
 ​អង្គរ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com