ជាតិ
កូន​កន្ធាយ​ក្បាល​កង្កែប​ជាង ៥០០​ក្បាល ត្រូវបាន​លែង​ឲ្យ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ
06, Apr 2019 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖ កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ៥៣៤​ក្បាល ត្រូវបាន​ក្រុម​អភិរក្ស​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​រដ្ឋបាល​ជលផល លែង​ឲ្យ​រស់នៅ​ទីតាំង​ចំនួន​ពីរ​តាម​ដង​ទន្លេមេគង្គ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ WCS​។​


 
​នៅ​ថ្ងៃទី ២៦ និង​២៧ ខែ មីនា ឆ្នាំ​២០១៩ ក្រុម​អភិរក្ស​របស់​អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ​កម្ពុជា និង​រដ្ឋបាល​ជលផល បាន​ព្រលែង​កូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច​ចំនួន ៥៣៤​ក្បាល នៅ​ទីតាំង​ចំនួន​ពីរ​តាម​ដង​ទន្លេមេគង្គ​។ ការលែង​កូន​កន្ធាយ​ក្បាល​កង្កែប​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការពារ​សំបុក​របស់​ប្រជា​សហគមន៍ ដើម្បី​បង្កើន​ចំនួន​កន្ធាយ​ក្បាល​កង្កែប​នៅក្នុង​ធម្មជាតិ​។​


រូបភាពពីហ្វេសប៊ុក WCS
 
​ក្នុង​ពិធី​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​នេះ មានការ​ចូល​ពី​ព្រះសង្ឃ ប្រធានភូមិ អ្នកការពារ​សំបុក ឆ្មាំ​ទន្លេ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ ១២៤​នាក់​។ ជាមួយគ្នានេះ អ្នកចូលរួម បាន​បេ​ជ្ញា​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ​។​
 
​សូមបញ្ជាក់ថា សត្វ​កន្ធាយ​ក្បាល​កង្កែប ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​នៅលើ​សកលលោក​។ ពួកវា​ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ​។ រហូតដល់​ឆ្នាំ​២០០៧ ពួកវា​ត្រូវបាន​រកឃើញ​ម្តងទៀត នៅក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ នៅ​ដង​ទន្លេមេគង្គ ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​៕ 
 

Tag:
 កូន​កន្ធាយ​ក្បាល​កង្កែប​
  WCS
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com