អន្តរជាតិ
វៀតណាម​ចេញ​ដំណោះស្រាយ​ថ្មី ក្រោយ​កំណើនសេដ្ឋកិច្ច​ដើម​ត្រីមាស​ទី​១ ទាប​ជាង​ការរំពឹងទុក​
06, Apr 2019 , 3:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានចេញ​លិខិត​បង្គាប់បញ្ជា​ថ្មី​មួយ​ដើម្បី​ជាការ​ដាស់តឿន​ផង និង​អំពាវនាវ​ផង​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​វិស័យ​សាធារណៈ និង​ដៃគូ​ឯកជន​ក្នុងការ​ពិនិត្យឡើងវិញ​លើ​សកម្មភាព​សេដ្ឋកិច្ច និង​វិនិយោគ​។ សេចក្តី​បង្គាប់​របស់​ក្រុង​ហាណូយ ធ្វើឡើង​ជាមួយនឹង​ក្តីបារម្ភ​ពី​ការមិនអាច​សម្រេចបាន​ទៅដល់​គោលដៅ​នៃ​កំណើនសេដ្ឋកិច្ច ដ្បិត​តួលេខ​កំណើន​ត្រីមាស​ទី​១ ទាប​ខុសពី​ការរំពឹងទុក​។​

 
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បានចេញ​លិខិត​បង្គាប់​មួយ ដោយ បានចង្អុលបង្ហាញ​ពី​ដំណោះស្រាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ឧបសគ្គ​នៃ​ការ​អភិ​ឌ្ឍ​សេដ្ឋកិច្ចជាតិ ជាពិសេស​លើ​ផលិតកម្ម និង​សកម្មភាព​ធុរកិច្ច​នានា​ក្នុង​រយៈពេល​បី​ខែ​កន្លងមកនេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម នៅ​ថ្ងៃ​៤ មេសា​។  
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ក្នុង​លិខិត​បង្គាប់បញ្ជា​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ផលិត​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ សម្រេចបាន​ក្នុង​រង្វង់​កំណើន ៦.៧៩ ភាគរយ ដែល​កម្រិត​នេះ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ជាមួយនឹង​ការមិន​ពេញចិត្ត​ថា ទាប​ជាង​ការ​ព្យាករ​ទុក​ទៅទៀត​។  
 
​តាម​លោកនាយក​រដ្ឋមន្ត្រី ការណ៍​ដែល​ធ្វើ​ឲ្យ​វៀតណាម មិនអាច​សម្រេចបាន​គោលដៅ​កំណើន​តាម​ការរំពឹងទុក​ក្នុង​រង្វង់ ៦.៨ ភាគរយ​បាន ក៏​ព្រោះតែ​ការពង្រីក​វិស័យ​រោងចក្រ​មានការ​ថយចុះ​, ការនាំចេញ​ទំនិញ​វត្ថុធាតុដើម​សំខាន់ៗ​មានការ​ថយចុះ ការវិនិយោគ​លើ​គម្រោង​សាធារណៈ​ចម្បងៗ ក៏​មិនទាន់​ចាប់ផ្តើម ហើយ​កាន់តែ​ស្មុគស្មាញ​ទៀត​នោះ សត្វពាហនៈ វៀតណាម ក៏​ឆ្លង​ជំងឺ​ផ្តាសាយ​ជ្រូក​ទៀត ។​
 
​យ៉ាងណាមិញ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា និង​ធានា​ឲ្យ​បាន​គោលដៅ​កំណើន GDP ប្រចាំឆ្នាំ​ក្នុងរ​ង្វ​ន់ ៦.៨ លោកនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​រដ្ឋមន្ត្រី មេដឹកនាំ​ក្នុង​តំបន់ និង​សហគ្រាស​សាធារណៈ​ទាំងអស់​ពង្រីក និង​ធ្វើ​ឲ្យ​ល្អប្រសើរ​លើ​បរិ​យាស​វិនិយោគ និង​ធុរកិច្ច​, កាត់បន្ថយ​លក្ខខណ្ឌ​ធុរកិច្ច​, កែទម្រង់​នីតិវិធី​រដ្ឋបាល និង​កាត់បន្ថយ​ភាពរអាក់រអួល​នៃ​ផលិតកម្ម និង​ធុរកិច្ច​ជាដើម​។ ការគ្រប់គ្រង​លើ​ជំងឺ​សត្វពាហនៈ​ឲ្យ​ហ្មត់ចត់ ក៏​ស្ថិតនៅក្នុង​ចំណុច​បង្គាប់បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​ផងដែរ​៕ 

Tag:
 វៀតណាម​
  សេដ្ឋកិច្ច​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com