ជាតិ
រដ្ឋាករទឹកស្វយ័តសៀមរាប នឹងសង់ស្ថានីយទឹកស្អាតមួយទៀត តម្លៃប្រមាណ១០លានដុល្លារ រូបភាពពីទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាAKP
× ភ្នំពេញ៖ នៅថ្ងៃទី ៥មេសានេះ អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប បានប្រកាសថា នឹងសាងសង់ស្ថានីយទឹកស្អាតមួយកន្លែងបន្ថែមទៀត នៅជាប់បឹងទន្លេសាបផ្នែកខាងជើង ដែលស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ ស្ថានីយនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកក្នុង១ថ្ងៃបាន ៦០ពាន់ម៉ែត្រត្រីគុណ។ ការសាងសង់ស្ថានីយទឹកស្អាតនេះ នឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ក្រោមឥណទានដៃគូអភិវឌ្ឍន៍។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤លើកទី១៩របស់រដ្ឋាករទឹកស្វយ័តសៀមរាប លោក ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានលើកឡើងថា ឆ្នាំ២០១៨កន្លងទៅ អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប បានតភ្ជាប់ប្រព័ន្ធទឹកស្អាតទៅផ្ទះពលរដ្ឋមានចំនួនទាបជាងផែនការបន្តិច ប៉ុន្តែបរិមាណទឹកស្អាតសម្រាប់ផ្គត់ផ្គង់ទៅផ្ទះពលរដ្ឋបានប្រវែង២២គីឡូម៉ែត្រ មានកើនឡើងស្មើនឹង១០៤ភាគរយ បើធៀបទៅនឹងកាលពីឆ្នាំ២០១៧។
លោក ឃុត វុត្យារិទ្ធ បានលើកពីគម្រោងសាងសង់ស្ថានីយទឹកស្អាតបន្ថែមទៀតយ៉ាងដូច្នេះ៖ «ក្នុងគម្រោងឆ្នាំ២០១៩នេះ កម្ពុជានឹងសាងសង់ស្ថានីយទឹកស្អាតមួយទៀត នៅជាប់នឹងបឹងទន្លេសាបផ្នែកខាងជើង ដោយយកប្រភពទឹកពីបឹងទន្លេសាបមកផ្គត់ផ្គង់ និងរៀបចំបណ្តាញបំពង់ទឹកស្អាតចូលមកក្នុងក្រុង រួមទាំងប្រព័ន្ធចែកចាយទឹកប្រវែង២០០គីឡូម៉ែត្រ»។
អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាបរូបនេះ បន្តថា ស្ថានីយទឹកស្អាតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកក្នុង១ថ្ងៃបាន៦០ពាន់ម៉ែត្រត្រីគុណ ក្រោមឥណទានដៃគូអភិវឌ្ឍន៍ ដែលមានទឹកប្រាក់សរុប ១០លានដុល្លារ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដកស្រង់សម្ដីលោក ឃុត វុត្យារិទ្ធ៕
Tag:
ទឹកស្អាត
សៀមរាប
ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com