អ្នក​កោះកុង លក់​ខ្លឹមចន្ទន៍​ក្រស្នា​បាន​តម្លៃ​រាប់ពាន់​ដុល្លារ​
ជាតិ
វីដេអូ
អ្នក​កោះកុង លក់​ខ្លឹមចន្ទន៍​ក្រស្នា​បាន​តម្លៃ​រាប់ពាន់​ដុល្លារ​
06, Apr 2019 , 8:29 pm        
រូបភាព
​កោះកុង​៖ ខ្លឹមចន្ទន៍​ក្រស្នា ត្រូវបាន​គេ​យកទៅ​ធ្វើជា​គ្រឿងក្រអូប​, គ្រឿង​កែ​សម្រស់ និង​ជាវ​ត្ថុ​មានតម្លៃ​ជាដើម​។ ក្នុង​បរិវេណ​ផ្ទះ​លោក ទុយ វណ្ណៈ​វិញ មាន​ដើម​ចន្ទន៍​ក្រស្នា ប្រមាណ ៥០០​ដើម ដែល​ដាំ​ដុះ​យក​ខ្លឹម​សម្រាប់​លក់​។ បើតាម​លោក ទុយ វណ្ណៈ ខ្លឹមចន្ទន៍​ក្រស្នា អាច​លក់បាន​ក្នុង​១​គីឡូ​ពី​១​ពាន់​ទៅ​៣​ពាន់​ដុល្លារ​។


 
​ក្នុងភូមិ​ជី​ផាត ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង មានផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន បាន​ដាំ​ដើម​ចន្ទន៍​ក្រស្នា សម្រាប់​យក​ខ្លឹម​លក់​។ ជាក់ស្ដែង​ផ្ទះ​លោក ទុយ វណ្ណៈ មគ្គុទេសក៍​ទេសចរ​នៅ​សហគមន៍​ជី​ផាត មាន​ដើម​ចន្ទន៍​ក្រស្នា​ប្រមាណ ៥០០​ដើម​។ ម្ចាស់​ដើម​ចន្ទន៍​ក្រស្នា​រូបនេះ បញ្ជាក់ថា​៖ «​ដើម​ចន្ទន៍​ក្រស្នា​នេះ ជាដើម​មានតម្លៃ ដោយសារ​តែមាន​ខ្លឹម​។ គេ​អាច​យក​ខ្លឹមចន្ទន៍​ក្រស្នា ទៅធ្វើ​គ្រឿងក្រអូប និង​ជាវ​ត្ថុ​មានតម្លៃ​។ ហើយ​ខ្លឹម​របស់​វា អាច​លក់បាន​ក្នុង​១​គីឡូ​ពី​១​ពាន់​ទៅ​៣​ពាន់​ដុល្លារ​»​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ទុយ វណ្ណៈ ម្ចាស់​ដើម​ចន្ទន៍​ក្រស្នា​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដូចតទៅ​៖ 
 

​ដើម​ចន្ទន៍​ក្រស្នា ដែលមាន​ខ្លឹម គឺមាន​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ ហើយ​ខ្លឹម​ភាគច្រើន​មាននៅ​គល់ និង​ខ្លះ​មាននៅ​កណ្ដាល​ដើម ឬ​មែកឈើ​។ លោក ទុយ វណ្ណៈ ម្ចាស់​ដើម​ចន្ទន៍​ក្រស្នា បាន​បន្តថា ខ្លឹមចន្ទន៍​ក្រស្នា មាន​ច្រើន​ប្រភេទ ហើយ​តម្លៃ​របស់​វា​ក៏​ខុសគ្នា​ផងដែរ​។ ដោយឡែក លោក ទុយ វណ្ណ បាន​លក់​ខ្លឹមចន្ទន៍​ក្រស្នា ២​ដង​រួចមកហើយ ដោយ​លក់​ឲ្យ​ឈ្មួញ​ថៃ​។ 
 
​បើតាម​លោក វណ្ណៈ ដើម​ចន្ទន៍​ក្រស្នា​ខ្លះ មាន​ខ្លឹម​ចំនួន ១​គីឡូ និង​ដើម​ខ្លះទៀត​មាន​ខ្លឹម​ត្រឹមតែ កន្លះ​គីឡូ​តែប៉ុណ្ណោះ​។ ដើម្បី​បាន​ខ្លឹមចន្ទន៍​ក្រស្នា គេ​ត្រូវ​កាប់​វា​ចោល ដោយ​ចាំង​យក​ខ្លឹម​ដែលមាន​នៅក្នុង​ដើម​។ ជាមួយគ្នានេះ គេ​អាច​សម្គាល់​ចំណុច​មាន​ខ្លឹម តាមរយៈ​ចំណុច​ណា​ដែលមាន​ស្រមោច​រោម​។ 
 
​សម្រាប់​លោក ទុយ វណ្ណៈ ដែលជា​ម្ចាស់​ដើម​ចន្ទន៍​ក្រស្នា និង​ជា​មគ្គុទេសក៍​ទេសចរ​នៅ​សហគមន៍​ជី​ផាត មាន​គម្រោង​អភិរក្ស​ដើម​ចន្ទន៍​ក្រស្នា​នេះ​ទុក ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា និង​ស្វែងយល់ ជាពិសេស​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​សម្រាក​លំហែកាយ​នៅផ្ទះ​ស្នាក់​របស់លោក​ផងដែរ​៕

Tag:
 ខ្លឹមចន្ទន៍​ក្រស្នា​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com